លោក​ម៉ែន ​វិបុល​ អភិបាល​រង​ខេត្ត​ ​នឹងត្រូវឡើង​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ជំនួស​លោក​ជៀង ​អំ

លោក​ម៉ែន ​វិបុល​ អភិបាល​រង​ខេត្ត​ ​នឹងត្រូវឡើង​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ជំនួស​លោក​ជៀង ​អំ



ភ្នំពេញ​ ៖​ អភិបាលខេត្ត​ចំនួន​៤​រូប ដែល​ដល់​អាយុ​ចូលនិវត្តន៍​ត្រូវ​បាន ​ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​តែងតាំង​ ជា​រដ្ឋលេខាធិការ ក្រសួង​មួយ​ចំនួន ​ក្នុង​នោះ​​លោក​ជៀង អំ​ ​​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ហើយ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​​ ​គឺ​លោក​ម៉ែន វិបុល ​ជា​អភិបាល​រង​ខេត្ត​នឹង​ត្រូវ​ឡើង​មក​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ថ្មី​ ជំនួស​លោក​ជៀង អំ។

លោក​ម៉ែន វិបុល ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​គោរព​ស្រឡាញ់ ​ព្រោះ​គាត់​ចូលចិត្ត​ការងារ​អភិវឌ្ឍន៍ ​និង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​រាស្ត្រ​ ដោះស្រាយ​រាល់​ទុក្ខ​លំបាក ​ដែល​រាស្ត្រ​ត្រូវការ។ នេះ​​ពិតជា​អ្នកដឹកនាំ​ដ៏​ល្អ​ ដែល​រដ្ឋាភិបាល​ត្រូវការ​ដើម្បី​ឲ្យ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត។

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​លោក​ជៀង អំ ​ក៏​មាន​អភិបាល​ខេត្ត​៣រូប​ទៀត ​ដែល​ត្រូវ​បាន​ស្នើ​តែងតាំង​ជា​រដ្ឋលេខាធិការ ​ក្នុង​នោះ​មាន ​៖​
​១ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ស្នើ​តែងតាំង ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។
​ ​២ លោក អ៊ូ សំ​អ៊ូ​ន អភិបាលខេត្ត​កំពង់ស្ពឺ ត្រូវ​បានស្នើ​តែងតាំង ជា រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​
​ ​៣ លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត ត្រូវ​បានស្នើ​តែងតាំង​ជា រដ្ឋលេខាធិការ ទីស្តីការ​គណៈរដ្ឋមន្ត្រី។
​​
ចំពោះ​តំណែង​របស់​អភិបាល​ខេត្ត​ទាំង​៣​រូប​ខាង​លើ ​នឹង​ត្រូវ​ជំនួស ​ដោយ​លោក​សួន បវរ ជា​អភិបាលខេត្ត​បន្ទាយមានជ័យ, លោក​វ៉ែ សំណាង ​ជា​អភិបាលខេត្ត​កំពង់ស្ពឺ ​និង​លោក​ចាន់ ចេស្តា ជា​អភិបាល​កំពត៕