វិទ្យាស្ថាន​ខុង​ជឺ​បើក​វគ្គ​បណ្ដុះបណ្ដាល​ការគ្រប់គ្រង បណ្ណាល័យ​អេឡិចត្រូនិក​ជូន​ដល់​មន្ត្រីរាជការ​

វិទ្យាស្ថាន​ខុង​ជឺ​បើក​វគ្គ​បណ្ដុះបណ្ដាល​ការគ្រប់គ្រង បណ្ណាល័យ​អេឡិចត្រូនិក​ជូន​ដល់​មន្ត្រីរាជការ​



ភ្នំពេញ ៖ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​៣​ថ្ងៃ​ស្តីពី​ការគ្រប់គ្រង បណ្ណាល័យ​អេឡិចត្រូនិក​ជូន​ដល់​មន្ត្រីរាជការ​ នៃ​នាយកដ្ឋាន​បណ្ណាល័យ​នៃ​អគ្គលេខា​ធិការដ្ឋាន ព្រឹទ្ធសភា​និង​បុគ្គលិក​គ្រប់ គ្រង​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។

ថ្លែង​ទៅកាន់​សិក្ខាកាម​៥០​រូប​ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​កាល​ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ការប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទដៃ​ទំនើប កុំព្យូទ័រ បាន​ក្លាយ​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ ការណ៍​នេះ ក៏​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុងការ​បង្កើន​លទ្ធភាព​ដល់​ការសិក្សា​ស្រាវជ្រាវ​ផង​ដែរ​។ បណ្ណាល័យ​អេឡិចត្រូនិក​ជា​បណ្ណាល័យ​ដែល​មាន លក្ខណៈ​ទំនើប​ដោយមាន​ឯកសារ សៀវភៅ​ថ្មីៗ​ដែល​ទាំង​ឯកសារ​ដែល​បាន​បោះពុម្ពផ្សាយ​រួច​និង​ឯកសារ​ដែល​មិនទាន់បាន​បោះពុម្ពផ្សាយ​សម្រាប់​ផ្តល់​ជូន​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​។ បណ្ណាល័យ​នេះ​បាន​ជួយ​កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​របស់​អ្នក​សិក្សា​ស្រាវជ្រាវ។

លោក បណ្ឌិតសភា​ចា​រ្យ ស៊ុំ ឈុំ​ប៊ុន ប្រធានស្តីទី​នៃ រាជបណ្ឌិត្យសភាកម្ពុជា​បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​សង្វាត​យក​ពុទ្ធិ​និង​បទពិសោធន៍ ដែល​ខ្លួន​ទទួលបាន​ពី​ការសិក្សា​ក្នុង​វគ្គ​សិក្សា​នេះ​ទៅ​ចែករំលែក​ដល់​មន្ត្រីរាជកា​រ​និង​បុគ្គលិក​សិក្សា​ដទៃទៀត ព្រមទាំង​ជួយ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការ​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​និង​បណ្ណាល័យ​អេឡិចត្រូនិក​។​លោក​ក៏បាន​រំលឹក​ពី​វីរភាព​របស់លោក​ប្រធាន ម៉ៅ សេទុង ដែលជា​មេ​ដឹក​កំពូល​១​រូប​ដែលជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​។ ជាមួយគ្នានេះដែរ លោក​ក៏​បញ្ជាក់​ពី​ការរីកចម្រើន​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក្រោម​ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ចិន ហើយ​លោក​ក៏បាន​ជូនពរ​ដល់​មន្ត្រីរាជកា​រ​របស់​អគ្គលេខាធិកា​រដ្ឋា​ន​ព្រឹទ្ធសភា​ដែល​ត្រូវបាន​បណ្ណាល័យ​រដ្ឋធានី​ប៉េកាំង​អញ្ជើញ​ទៅ សិក្សា​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បណ្ណាល័យ​នេះ​តាមរយៈ​ការជួយ​សម្របសម្រួល​ពី​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា។

គួរ​រំលឹកថា​បណ្ណាល័យ​អេឡិចត្រូនិក​ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង ថែទាំ និង​ការទទួលខុសត្រូវ​រប​ស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៣១ ខែកញ្ញា ឆ្នាំ​២០០៩ ក្រោម​អធិបតីភាព​របស់​ឯក​ឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន និង​លោកជំទាវ ច័ន្ទ គឹម​ហង្ស ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បណ្ណាល័យ​នេះ​បើក​បម្រើ​ដល់​សិស្ស​-​និស្សិត អ្នកស្រាវជ្រាវ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​។ ដើម្បី​ពង្រីក​កិត្យានុភាព​របស់​បណ្ណាល័យ ក៏ដូចជា​បង្ខិត​បណ្ណាល័យ​នេះ​ដល់​អ្នកស្រាវជ្រាវ វិទ្យាស្ថាន​បាន​បង្កើត​សាខា​របស់ខ្លួន​ចំនួន​២​កន្លែង​បន្ថែម​ទៀត​គឺ​នៅ​វិទ្យាល័យ​អង្គរ ខេត្ត​សៀមរាប និង សាកលវិទ្យាល័យ​មានជ័យ ខេត្ត​បន្ទាយមានជ័យ​៕