សហភាព​អឺរ៉ុប​មាន​ចំណាប់អារម្មណ៍ ​ចំពោះ​ផលិតផល​ម្រេច​នៅ​កម្ពុជា​

សហភាព​អឺរ៉ុប​មាន​ចំណាប់អារម្មណ៍ ​ចំពោះ​ផលិតផល​ម្រេច​នៅ​កម្ពុជា​



ភ្នំពេញ ៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ល្ងាច​ថ្ងៃទី​១៦​ ខែមីនា ​ឆ្នាំ​២០១៦​លោក ច​ច អ៊ី​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ចំពោះ​ផលិតផល​ម្រេច​របស់​កម្ពុជា​ដែល​មាន​គុណភាព​ល្អ។

លោក ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឱ្យដឹង​ថា សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​២៨​ប្រទេស គឺជា​ទីផ្សារ ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ទាំង​លើ​ផលិតផល​កសិកម្ម ក៏ដូចជា​ឧស្សាហកម្ម​កាត់ដេរ​។ ដូច្នេះ​ហើយ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ស្នើ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ជួយ​ជំរុញ ឱ្យមាន ការវិនិយោគ និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដោយ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន សហគ្រាស នៅ​អឺរ៉ុប ជួយ​ទិញ​ផលិតផល ស្រូវ និង​កៅស៊ូ ពី​កម្ពុជា។

លោក​បាន​ឱ្យដឹងថា ខាងមុខនេះ នឹងមាន​ទស្សនកិច្ច​មួយ​ចំនួន របស់​គណៈប្រតិភូ មកពី សហភាព​អឺរ៉ុប ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប ឱ្យបាន កាន់តែ​ប្រសើរ​ឡើង លើ​ផ្នែក​ពាណិជ្ជកម្ម ក៏ដូចជា​វិនិយោគ ជា​ប្រយោជន៍ ដល់​ប្រជាជន ទាំងសងខាង​។ ក្នុង​នេះដែរ លោក George Edgar បានបង្ហាញ​ការចាប់អារម្មណ៍ ចំពោះ ផលិតផល​ម្រេច​ខ្មែរ ដែល​មាន​គុណភាព​ល្អ ប៉ុន្តែ​ទន្ទឹមនេះ​ឯកឧត្ដម ក៏​ចង់ឃើញ​កម្ពុជា បង្កើត ឱ្យមាន​ស្លាក​សញ្ញា​អង្ករ​របស់​កម្ពុជា ដើម្បី​ទាក់ទាញ ដល់​វិនិយោគិន​នៅ​អឺរ៉ុប មក​វិនិយោគ​នៅ កម្ពុជា និង​ទទួល​នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប ។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប មាន​សេចក្ដី​រីករាយ​ផង​ដែរ ចំពោះ​ការ​វិនិយោគ​របស់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក្នុង​នោះ ការ​វិនិយោគ ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ថ្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល អាច​បង្កើន​ការចេញចូល​របស់​អ្នកដំណើរ ពី​៣​លាន​នាក់​ក្នុង​១​ឆ្នាំ ទៅ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ ហើយ ត្រូវបាន​លើកសរសើរ ដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នោះ បានបង្ហាញ​ឱ្យឃើញ នូវ​ការ ស្វាគមន៍​គាំទ្រ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកវិនិយោគ មកពី​សហភាព​អឺរ៉ុប និង​មកពី ទីកន្លែង​ផ្សេងៗ​ទៀត ។ គេ​បានឱ្យដឹងថា ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​, កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជាង​២១% ធៀប​នឹង​ឆ្នាំ ២០១៣ ដែលមាន​ប្រមាណ​តែ​ជាង​២​ពាន់​៥០០​លាន​អឺរ៉ូ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប មក​កម្ពុជា​វិញ មាន​ប្រមាណ​ជិត​៣០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជិត​២៥% ធៀប​នឹង ឆ្នាំ​២០១៣ ដែល​មាន​ប្រមាណ​តែ​២៤០​លាន​អឺរ៉ូ​។ ចំពោះ​ការ​វិនិយោគ​វិញ ពី​ខែមករា ដល់​ខែ តុលា​ឆ្នាំ ២០១៥ ការ​វិនិយោគ របស់​ប្រទេស​មកពី​សហភាព​អឺរ៉ុប​នៅ​កម្ពុជា មាន​ចំនួន ប្រមាណ ៧៦​លាន​ដុល្លារអាមេរិក។ ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់ ថា សាលាក្ដី​ខ្មែរក្រហម ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​សុខ អាន បាន​ថ្លែង​អំណរគុណ ចំពោះ ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប ហើយ​ដោយសារ ខាង​ភាគី​ជាតិ​នៅ​សាលាក្ដី​នេះ នៅ​ខ្វះ​ថវិកា ២​លាន​៤​សែន​ដុល្លា សម្រាប់ ខែមិថុនា ដល់​ខែធ្នូ ឆ្នាំ​២០១៦​នោះ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ បាន​ស្នើ​សុំ​ដល់​សហភាព​អឺរ៉ុប បន្ត​ជួយ​ផ្ដល់ ។ សំណើ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប នឹង​នាំ ទៅ​ជូន​ស្នាក់​ការ​កណ្ដាល​របស់​ស​ហ​ភាព​អឺរ៉ុប នៅ​ប្រ៊ូ​ស​ស៊ែ​ល ដើម្បី​សម្រេច៕