អ្នកកាសែត​”​ក្រុង​កម្ពុជា​”​ម្នាក់​ កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ ស្រាប់​តែ​ប្រកាច់​ស្លាប់​

អ្នកកាសែត​”​ក្រុង​កម្ពុជា​”​ម្នាក់​ កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ ស្រាប់​តែ​ប្រកាច់​ស្លាប់​



សៀមរាប ៖ អ្នកយកព័ត៌មាន​ឲ្យ​កាសែត​”​ក្រុង​កម្ពុជា​”​ម្នាក់​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ប្រកាច់​បែក​ពពុះមាត់ ​ហើយ​បាន​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ រីឯ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្ដាល​មកពី​ខ្យល់គរ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ម៉ោង​០៩​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែ​មីនា​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​ត្របែក​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី ទេព ចាន់ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ពលរដ្ឋ​នោះ គឺ​ជនរងគ្រោះ​បើកឡាន​មក​ឈប់​ក្បែរ​រោង​កាត់សក់​ ហើយ​បាន​សុំ​ដេក​លើ​អង្រឹង​ ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​ដក​ទូរស័ព្ទ​មក​និយាយ ស្រាប់តែ​បែកពពុះមាត់​ប្រកាច់​តែម្ដង ​ភ្លាមៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​បាន​នាំគ្នា​ជួយសង្គ្រោះ​បឋម​ និង​លើក​ជនរងគ្រោះ​ដាក់​លើ​ឡាន​ដែល​គាត់​បើក​មក​ឈប់​នៅ​កន្លែង​កាត់សក់ ​ដើម្បី​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ តែ​ដោយ​អាការៈ​របស់​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​បណ្ដាល​ឲ្យ​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​។​

លោក​បន្ត​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ករណី​ខាងលើ​នោះ​មានឈ្មោះ ទុំ មោង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​មុខរបរ​ជា​អ្នកយកព័ត៌មាន​ឲ្យ​អង្គភាព​កាសែត​ក្រុង​កម្ពុជា។​
បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី​នៅ​គេហដ្ឋាន​ ស្ថិតនៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប។

ទោះ​យ៉ាង​នេះ​ក្តី​ ចាងហ្វាង​ការផ្សាយ​កាសែត​ក្រុង​កម្ពុជា​លោក​ សំ វិចិត្រ បាន​ថ្លែងប្រាប់​នា​រសៀល​ថ្ងៃ​ទី​១៨​មីនា​នេះ​ថា ករណី​បុគ្គលិក​របស់​លោក​ស្លាប់​នេះ ​គឺ​លោក​មិនបាន​ប្រមូល​ព័ត៌មាន​ច្បាស់​លាស់​នៅឡើយ​ទេ​ តែ​ឮ​ខាង​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គរ៕​