កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​

កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​



ភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​១៤​ទៀត​បាន​រៀបចំ​មហោស្រព​បច្ចេកវិទ្យា​និង​នវានុវត្តន៍​កម្ពុជា​ជា​លើកដំបូង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ព័ត៌មាន​ចំណេះ​ដឹង​អំពី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គម។

មហោស្រព​នេះ​ប្រព្រឹត្ត​ទី​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៨​និង​១៩​ខែមីនា​ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​លោក​សារ៉ាក់​ ខាន់​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ លោក​សារ៉ាក់ ​ខាន់​បាន​មានប្រសាសន៍ថា ​មហា​ស្រព​បច្ចេកវិទ្យា​និង​នវានុវត្តន៍​កម្ពុជា​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ចំនួន​៥​គឺ​ទី​ដើម្បី​ចែករំលែក​ព័ត៌មាន​និង​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដើម្បី​អភិវឌ្ឍន៍​ដែល​បាន​បង្កើត​ដោយ​ស្ថាប័នរដ្ឋ​អង្គការក្រៅរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​ដល់​អ្នកចូលរួម​ទូទៅ​ទី​២​ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ការ​ផ្តល់​មូលនិធិ​គាំទ្រ​គម្រោង​បច្ចេកវិទ្យា​និង​ការ​ប្រែខ្លួន​ពី​អង្គការ​មិនមែន​ស្វែងរក​ប្រាក់ចំណេញ​ទៅជា​សហគ្រាស​សង្គម​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ទី​៣​ប្រមូលផ្ដុំ​អ្នក​ជំនាញ​បច្ចេកទេស​និង​អ្នក​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​ការ​បង្កើត​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដើម្បី​ស្វែងរក​ការ​គាំទ្រ​និង​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ទី​៤​ដើម្បី​បង្កើត​ឪ​កាស​ដល់​អ្នក​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​សហគ្រិនភាព​ធ្វើការ​ចែករំលែក​ពីបទ​ពិសោធន៍​របស់​ខ្លួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកចូលរួម​និង​ទី​៥​ធ្វើការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័នរដ្ឋ​សង្គម​ស៊ីវិល​និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍន៍​កាន់តែ​ប្រសើរឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិការណ៍​នេះ​គឺជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ ដែល​មាន​ទស្សនវិស័យ​យូរអង្វែង ជា​ការ​ប្រជែង​ដោះស្រាយ​គន្លឹះ​បច្ចេកវិទ្យា ដែល​សហការ​រៀបចំ​ដោយ​សែ​ល​កាត និង CoLab​។ ការប្រកួតប្រជែង​តម្រូវ​ឲ្យ​បេក្ខជន​បង្កើត​ផលិតផល ឬ​សេវាកម្ម​ច្នៃប្រឌិត​ឈានមុខ​ដោយ​ប្រើ​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត ដើម្បី​ផ្ដើម​ពិនិត្យ​ដោះស្រាយ​បញ្ហា​សង្គម​។ អ្នក​ដែល​ត្រូវ​កំណត់​ថា ​ឈ្នះ​ជា​ជ័យលាភី​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​គោល​គំនិត​ដើម គម្រោង និង​ការអនុវត្ត តាម​លក្ខខណ្ឌ ហើយ​មាន​ឱ​កា​ឈ្នះ​រង្វាន់ ប្រាក់សុទ្ធ និង​រង្វាន់​ពិសេសៗ​ជាច្រើន​ទៀត​ផង​ដែរ។

លោក ឡា​ស្លូ បារ​តា នាយក​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា «​មហោស្រព​និង​ពិព័រណ៍​បច្ចេកវិទ្យា​ច្នៃប្រឌិត ជា​ឱកាស​ដ៏​វិសេស​អស្ចារ្យ​មួយ​ដែល​ជា​សក្ខីភាព​បញ្ជាក់​ថា​​កម្ពុជា​រីកចម្រើន​ដល់​កម្រិត​ណា​ក្នុង​ការ​ជំរុញ​បង្កើត​ដំណោះស្រាយ​សង្គម​ផ្អែកលើ​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​»​។ លោក​ក៏បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត គឺជា​គន្លឹះ​សំខាន់​បំផុត​ដែល​នាំ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​អនាគត ហើយ​កម្មវិធី​មហោស្រព​និង​ពិព័រណ៍​បច្ចេកវិទ្យា​ច្នៃប្រឌិត​នេះ​ក៏​មាន​គោលបំណង​លើកស្ទួយ​វិស័យ​នេះ​តាមរយៈ​ការ​បង្ហាញ​ជូន​គំនិត​ច្នៃប្រឌិត ដំណោះស្រាយ​ផ្ទាល់ ការងារ​ជា​បុគ្គល និង​ជា​ក្រុម ដែល​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ថ្មី​មួយ​សម្រាប់​សង្គម ក៏ដូចជា​ជួយ​ឲ្យ​សង្គមជាតិ​ទាំងមូល​សម្រេច​បាន​តាម​គោលបំណង​ដែល​ចង់បាន​ផង​ដែរ​»៕
កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​

កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​

កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​

កម្ពុជា​ប្រារព្ធ​«​មហោស្រព​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​កម្ពុជា​»​ជា​លើកដំបូង​
​ ​