ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ​

ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ​



ភ្នំពេញ ៖ ព្រី​នស៍​ហ្វា​យ​នែ​ន ភីអិលស៊ី​បាន​ប្រកាស​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ​ដោយ​ចាប់ផ្តើម​ប្រតិបត្តិ​ការប្រើប្រាស់​រូបិយវត្ថុ​ប្រាក់​រៀល​ខ្មែរ​ទៅលើ​ការទូទាត់​ប្រាក់បៀវត្ស​ន៍​របស់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​និង​ការប្រើប្រាស់​ការ​ចំណាយ​រដ្ឋបាល​ទូទៅ​នៅក្នុង​គ្រឹះស្ថាន។

ការប្រកាស​ពី​ការប្រើប្រាស់​ប្រាក់រៀល​នេះ​ត្រូវបាន​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីអំពី «​ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ​» កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥​នៅ​ការិយាល័យ​កណ្តាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ព្រី​នស៍ ហ្វា​យ​នែ​ន​ភីអិលស៊ី​។​
​លោក ហ៊​ន់ សុ​រចនា បាន​មានប្រសាសន៍ថា​ប្រាក់រៀល​ខ្មែរ​ត្រូវបាន​កកើត​ដំបូង​នៅ​ឆ្នាំ ១៩៥៦ បន្ទាប់ពី​ប្រទេសជាតិ​កម្ពុជា បាន​ចាក់​ផុតពី​ការគ្រប់គ្រង​របស់​អាណា​និគម​បារាំង គឺ​ជំនួស​ឲ្យ​ការប្រើប្រាស់​ក្រដាស់ប្រាក់​ឥណ្ឌូចិន កម្ពុជា វៀតណាម ឡាវ​។ រហូតមកដល់​ពេលនេះ ប្រាក់រៀល គឺជា​រូបិយវត្ថុ​របស់​ជាតិ​យើង ដែល​យើង​កំពុង​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ នឹង​គ្រប់​ទីកន្លែង​នោះ គឺ​ស្ថិតនៅក្នុង​ទម្រង់​ជា​ក្រដាសប្រាក់ ឬ​ជា​ប្រាក់​អេឡិចត្រូនិក​។ ហើយ​សព្វថ្ងៃនេះ​វា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវភាព​របស់​យើងទាំងអស់គ្នា​។​

លោក​បាន​បន្តថា​«​ត្បិត​ថា​ប្រាក់រៀល ជា​រូបិយវត្ថុ​ជាតិ តែ​កម្ពុជា​បាន​អនុវត្ត​នូវ​វិធី​ដោះដូរ​ដោយ​ប្រើ​រូបិយ​ប័ន​បរទេស​នៅ​លាយ​លំ​គ្នា ច្រើនជាង​ក្រដាសប្រាក់​ជាតិ​យើង ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។ នៅ​ប្រទេស​ភាគច្រើន ដែលមាន​មោទនភាព​ពី​ភាពរុងរឿង​របស់​ជាតិ​ខ្លួន ដោយ​ប្រជាជន​ភាគច្រើន​ចូលចិត្ត​ចាយប្រាក់​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​របស់ខ្លួន​»​។​

លោក​បាន​បន្ថែមថា​«​លុយ​រៀល គឺជា​រូបិយវត្ថុ​ជាតិ​របស់​កម្ពុជា និង​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​អត្តសញ្ញាណ​ជាតិ មោទនភាព​ជាតិ និង​អតិ​ប​តេ​យ្យ​សេដ្ឋកិច្ចជាតិ​។ ការរក្សាបាន​អត្ត
សញ្ញាណ​ជាតិ​ជាកា​ត្វ​កិច្ច​មូលដ្ឋាន​របស់​ស្ថាប័ន និង​ប្រជាជន​ខ្មែរ​គ្រប់រូប ដើម្បី​លើកស្ទួយ​កេរ្តិ៍មរតក និង​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ ប្រាក់រៀល ក៏បាន​ដើរតួនាទី​ជា​ឧបករណ៍​គោល​នយោបាយ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ភាពរឹងមាំ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ សំដៅ​រួមចំណែក​រក្សា​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ដូចដែល​យើង​រាល់គ្នា​បានដឹងហើយថា រូបិយវត្ថុ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជាតិ​មួយ ពោលគឺ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ជា​លក្ខខណ្ឌ​ចាំបាច់​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ភាពរុងរឿង​»​។

ទោះជា​កន្លងមក​សេដ្ឋកិច្ចកម្ពុជា​បានទទួល​អត្ថប្រយោជន៍​ពី​ដុល្លារ​រូបនីយកម្ម ដោយបាន​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​សមាហរ​ណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​តំបន់ និង​សកល​ក្តី ក៏ប៉ុន្តែ​ដុល្លារ​រូបនីយកម្ម​ក៏បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ និង​មាន​ភាពផុយស្រួយ​ដែរ នៅពេលដែល​ទំហំ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​កាន់​តែមាន​កំណើន​ទៅ​មុខជា​លំដាប់ ដូចជា​ការដាក់កំហិត​លើ​ការប្រើប្រាស់​ឧបករណ៍​និង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អត្រា ប្តូរប្រាក់ និង​ឥទ្ធិពល​ពី​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់​សហរ​ដ្ឋ​អា​មេ​រិច​ជាដើម។

នៅ​ថ្ងៃទី ២០ ខែ មីនា​ខាងមុខនេះ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​រៀបចំ​ជា​ទិវា​អបអរសាទរ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ លើក​ទី​៣៦ ដើម្បី​រំឭក​ខួប​នៃ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​ព្រមទាំង​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​ស្មារតី​ស្ម័គ្រចិត្ត​ផងដែរ​។​

ប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​បានបញ្ជាក់​បន្ថែមថា​«​យើងខ្ញុំ​ក្នុងនាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ និង​ជា​ប្រតិបត្តិ​ករ ទៅលើ​សាច់ប្រាក់ តាមរយៈ​កម្ចី​ឥណទាន​ជូន​ប្រជាពលរដ្ឋ និង​ជា​ផ្នែក​មួយ​របស់ ធនាគារជាតិ នៃ​កម្ពុជា ហើយ​នឹងមាន​ទិសដៅ​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​របស់ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ដើម្បី​ជាការ​ចូលរួមចំណែក និង​គាំទ្រ​ទៅលើ​ការលើកកម្ពស់ ប្រាក់រៀល នេះ កន្លងមក​គ្រឹះស្ថាន បានធ្វើ​រួចមកហើយ​នូវ​សកម្មភាព​ផ្សព្វផ្សាយ អំពី​ប្រភេទ និង​ការ​វិវឌ្ឍន៍​របស់​ប្រាក់រៀល និង​អត្រា​ប្តូរប្រាក់​នានា​ទៅជា​ប្រាក់រៀល នៅតាម​បណ្តាញ​សង្គម Facebook និង​បានធ្វើ​បទ​បង្ហាញ​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​គ្រឹះស្ថាន ឲ្យ​បាន​យល់​អំពី​តម្លៃ និង​ការលើកតម្កើង​រូបិយ​ប័នជា​តិ​ផងដែរ​»​។

លោក​បាន​បន្តថា​រហូត​មកដល់ពេលនេះ គ្រឹះស្ថាន​ក៏​នឹង​ចាប់ផ្តើម ធ្វើការ​ចូលរួម​បន្ថែមទៀត​ទៅលើ ការប្រើប្រាស់​ប្រាក់រៀល​ក្នុងការ​ផ្តល់​ជា​ប្រាក់បៀវត្ស​ន៍​សម្រាប់​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​ជា​ប្រាក់​រៀល និង​រាល់​ការចំណាយ​ទូទាត់​ផ្នែក​រដ្ឋបាល និង​លំហូរ​សាច់ប្រាក់​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​។​គ្រឹះស្ថាន​នឹង​ជំរុញ​បន្ថែមទៀត ដើម្បី​ឲ្យ​ការប្រើប្រាស់​ប្រាក់រៀល​នេះ មាន​ភាព​កាន់តែ​ទូលំទូលាយ​ថែមទៀត ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​របស់ ព្រី​នស៍ ហ្វា​យ​នែ​ន ភី​អិ​ស៊ី គ្រប់ៗ គ្នា ដែលជា​កោសិកា​របស់​សង្គមជាតិ​។

ជា​ចុងក្រោយ​លោក​ហ៊​ន់ សុ​រចនា​ឲ្យ​ដឹង​ទៀតថា​« ខ្ញុំ​សូម​ផ្ញើ​សារ​ទៅកាន់​សារ​ធា​រណៈ​ជន​ទាំងអស់​ថា ប្រាក់រៀល មិន​ត្រឹមតែ​ជា​ក្រដាស​រូបិយវត្ថុ សម្រាប់​ការដោះដូរ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វា​គឺជា​អត្តសញ្ញាណ​ជាតិខ្មែរ និង​ជា​ឧបករណ៍​សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ចជាតិ បង្កប់​នូវ​សិល្បៈ​យ៉ាង​រស់​រវើក គួរ​លើកតម្កើង នៅក្នុង​នោះ​ថែម​ទៀតផង​។ ជាការ​ស្នើសុំ​របស់ខ្ញុំ​ផ្ទាល់​សម្រាប់​ប្រជាជន​ទូទៅ គឺ​សង្ឃឹមថា នៅក្នុង​ចំណោម​ក្រដាសប្រាក់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន ប្រាក់រៀល​នៅតែ​ជា​ជម្រើស​អាទិភាព​មុខ​គេ ក្នុងការ​ចាយវាយ​របស់​លោក​អ្នកជា​និច្ច​»៕