លោក​ជៀង​ អំ​ ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​៤០​ម៉ឺន​រៀល​ដល់​ម្ចាស់​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​​

លោក​ជៀង​ អំ​ ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​៤០​ម៉ឺន​រៀល​ដល់​ម្ចាស់​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​​



ស្វាយរៀង ​៖​ ក្រោយ​ពី​សារព័ត៌មាន​ក្នុងស្រុក​ បាន​ធ្វើ​ការ​ចុះផ្សាយ​ពី​លោក​យឹម​ ថេ​ង​ ម្ចាស់​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ ​គឺ​ស្នេហា​ជាតិ​” ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នា​ សម័យ​រដ្ឋ​កម្ពុជា​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​​រួច​មក,​ លោក​ជៀង ​អំ​ អភិបាល​ខេត្ត​​ស្វាយរៀង​ ក៏​បាន​​ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​របស់​លោក​ចំនួន​៤០​​ម៉ឺន​រៀល​​​ដល់​លោក​យឹម​ ថេ​ង​ ដែល​កំពុង​មាន​ជំងឺ​​នោះ​ផង​ដែរ។

ក្នុង​ឱកាស​នោះ​លោក​យឹម​ ថេ​ង​ ម្ចាស់​ទ​“​លក់​ស្រូវ​ជូន​រដ្ឋ​ គឺ​ស្នេហា​ជាតិ​”​ បាន​លើក​ម្រាមដៃ​១០​ថ្លែង​អំណរគុណ​ដល់​លោក​ជៀង ​អំ ​អភិបាល​ខេត្ត​ស្វាយរៀង​ និង​លោក​ស្រី​ ដែល​បាន​ឧបត្ថម្ភ​ដល់​រូបលោក​សម្រាប់​ព្យាបាល​ជំងឺ​ និង​ទិញ​ថ្នាំសង្កូវ​ ហើយ​សូម​ឲ្យ​លោក​ជៀង ​អំ​ជួប​តែ​សំណាងល្អ​គ្រប់ពេលវេលា​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

សូម​រំលឹក​​​ថា ម្ចាស់​បទ​ “​លក់​ស្រូវ​ជូន​រដ្ឋ​ គឺ​ស្នេហា​ជាតិ​”​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​សូរៀត​ នៅ​ថ្ងៃ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៦។ បើ​តាម​លោក​យឹម​ ចាន់​រិទ្ធី​ ត្រូវ​ជា​កូន​បាន​ឲ្យ​ដឹង​ថា ​ឪពុក​របស់​ខ្លួន​មាន​ឈ្មោះ​យឹម​ ថេ​ង​ អាយុ​៦១​ឆ្នាំ ​មាន​ស្រុក​កំណើត​ភូមិ​មេភ្លើង​ សង្កាត់​-ក្រុង​ស្វាយរៀង​ ដោយ​មាន​កូន​ប្រុស​៤​នាក់ ​ហើយ​ប្រពន្ធ​បាន​ស្លាប់​ចោល​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤​ ដោយ​ជំងឺ​បេះដូង។

នៅ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ឪពុក​របស់​ខ្លួន​បាន​ច្រៀង​បទ​ចម្រៀង​ជាច្រើន​នា​សម័យ​រដ្ឋ​កម្ពុជា​ ​ក្នុង​នោះ​បទ​ ដែល​​​​​ល្បី​សុះសាយ​​​គឺ​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​។​នៅ​មាន​បទ​ជាច្រើន​ទៀត​ ដូចជា​បទ ​ស្ម័គ្រចិត្ត​ចូល​បម្រើ​យោធា, បទ​ការពារ​បេតិកភណ្ឌ​ខ្មែរ, បទ​មើល​ខេត្ត​ស្វាយរៀង ​ព្រមទាំង​បទ​ចម្រៀង​ប្រមាណ​ជាង​៥០​បទ​ទៀត​ ដែល​ឪពុក​របស់​ខ្លួន​បាន​ច្រៀង​នៅ​ក្នុង​សម័យ​នោះ។

លោក​យឹម​ ចាន់​រិទ្ធី​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បទ​ចម្រៀង​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​នេះ ​និពន្ធ​ដោយ​លោក​មាស សុខ និង​​​រៀបចំ​ទំនុក​ភ្លេង​ដោយ​លោក​យិន ឆ​ង​ ដែល​និពន្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៣។ ក្នុងសម័យ​រដ្ឋ​កម្ពុជា​នោះ​បទ​នេះ​បាន​ចាក់​នៅ​តាម​រលកធាតុអាកាស​វិទ្យុជាតិ និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ ដែល​បាន​ រួច​ផុត​ពី​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ៕

លោក​ជៀង​ អំ​ ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​៤០​ម៉ឺន​រៀល​ដល់​ម្ចាស់​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​​

លោក​ជៀង​ អំ​ ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​៤០​ម៉ឺន​រៀល​ដល់​ម្ចាស់​បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​​