ការ​បើក​កិច្ច​ដំណើរការ​សាងសង់​ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត នៅ​ក្រុង​សៀមរាប​

ការ​បើក​កិច្ច​ដំណើរការ​សាងសង់​ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត នៅ​ក្រុង​សៀមរាប​



សៀមរាប ៖ ក្រោយពី​ការរៀបចំ​ពិធី​ក្រុង​ពាលី បួងសួង​សុំ​សេចក្ដី​សុខ នា​ព្រឹក​ថ្ងៃអាទិត្យ​១៤​កើត ខែមាឃ ឆ្នាំមមែ សប្ដស័ក ពស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ គស ២០១៦ នៅ​លានជល់ដំរី ខាង​ជើង​ប្រាសាទ​បាយ័ន ឧទ្យាន ប្រវត្តិសាស្ត្រ​អង្គរ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បាន​ដំណើរ​ដល់​ឆ្នាំ​ទី​៤ របស់​ខ្លួន សម្រាប់​ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃ​ទី​១៣ ដល់​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៦ ខាងមុខ​នេះ។

កិច្ច​ដំណើរការ​សាងសង់​ភូមិ​និ​មិ្ម​ត មកដល់​ត្រឹម​ថ្ងៃនេះ បាន​ដំណើរការ​ទៅជា​បន្តបន្ទាប់ ប្រមាណ​២០% ហើយ ដែល​មាន​ទីតាំងនៅ​ខាងជើង​ប្រាសាទ​បាយ័ន ដែល​ជា​ទីកន្លែង​សម្រាប់​លេង​កម្សាន្ត​នូវ​របាំ ល្បែង ប្រពៃណី ក្នុង​នោះ​ដែរ​ យើង​សង្កេតឃើញ​ក្រុម​ជាង​បាន​ធ្វើ​សកម្មភាព​ទៅតាម​មុខជំនាញ​របស់​ខ្លួន។

ក្នុង​ការ​សាងសង់​ភូមិ​និម្មិត​នេះ គឺ​ធ្វើ​ទៅ​អ្វី​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ជំនាន់​ដើម និង​បច្ចុប្បន្ន ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពង់រាប សំខាន់​ទាក់ទង​ជីវភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប។ ហើយ​មកដល់​ថ្ងៃនេះ​ យើង​សង្កេតឃើញ​មាន​លេច​រូបរាង​លំនៅដ្ឋាន​របស់​ប្រជា​នេសាទ ដែល​នៅ​រស់នៅ​តំបន់​ទន្លេសាប ក្នុង​ឃុំ កំពុង​ភ្លុក និង​កំពង់​ឃ្លាំង នៃ​ទឹកដី​ខេត្ត​សៀមរាប។

តាម​ការ​បញ្ជាក់​របស់​ក្រុម​ជាង​បាន​ឲ្យ​អ្នកកាសែត​យើង​ដឹង​ថា ការសាងសង់​នេះ​យើង​បាន​ដំណើរការ​កើត​រូបរាង​ជា​បន្តបន្ទាប់ ​ហើយក៏​នៅ​ធ្វើ​រោង​ដោល​ផ្សេងៗ​ទៀត​ និង​រៀបចំ​ទីកន្លែង​លេង​ល្បែង​ប្រជាប្រិយ​ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក​តរៀងមក ​ក្នុង​បំណង​ផ្តល់​នូវ​ចំណេះដឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ឲ្យ​បាន​យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៅ​តំបន់​ឧទ្យាន​អង្គរ ដែល​បាន​រំលេច​ឲ្យ​ឃើញ​ពី​សម័យកាល​មួយ​ដែល​ខ្មែរ​អាច​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ធំ​មហិមា​រហូត​បាន​ក្លាយ​ជា​មរតក​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​

ទាំងនេះ​ក៏​ផ្តោត​លើ​ការ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ និង​ការងារ​អភិរក្ស​ក្នុង​បរិវេណ​ភូមិ​និម្មិត សម្រាប់​ការ​រាំ​កម្សាន្ត​របស់​បងប្អូន​អ្នក​ចូល​ទស្សនា​កម្សាន្ត​ទាំងអស់ ដើម្បី​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​យើង​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​ចំនួន​៣​លើក​កន្លងមក ភូមិ​និម្មិត គឺជា​ទីតាំង​ដ៏​មានការ​ទាក់ទាញ​មួយ​ក្នុងចំណោម​កម្មវិធី​ដ៏​ល្អជា​ច្រើន​ទៀត​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅពី​ការ​ដាក់​តាំង​នំអន្សម​យក្ស ការ​រាំ​សង្វាក់​ម៉ាឌីហ្សុន ដែល​ជា​ភាព​ជោគជ័យ​មួយ​របស់​កម្ពុជា​យើង។

ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត ដែល​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​ជួបជុំ​យុវជន និង​មហាជន នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ និង​ធ្វើ​ឲ្យ​មាន​ភាព​រស់រវើក នៃ​សម្បត្តិ​បេតិកភណ្ឌ​អរូបិយ​ខ្មែរ​យើង​នៅលើ​ទីតាំង​បេតិកភណ្ឌ​រូបិយ។ ការពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឲ្យ​ក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដើម្បី​រឹត​នៅ​ចំណង​មិត្តភាព​សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ​ និង​ប្រជាជាតិ​លើ​សកលលោក។

ក្នុង​នោះ​ដែរ​ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ធ្វើការ​ស្វែងយល់​អំពី​ភាព​រុងរឿង ល្បីល្បាញ ភាព​សម្បូរ​បែប​ នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា នា​សម័យ​មហានគរ មកដល់​បច្ចុប្បន្ន និង​បន្ត​ថែរក្សា​កេរ្តិ៍មរតក​ឲ្យ​បាន​គង់វង្ស និង​បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕
ការ​បើក​កិច្ច​ដំណើរការ​សាងសង់​ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត នៅ​ក្រុង​សៀមរាប​