រឿង​«​ដៃ​គូកម្ចាត់​ខ្មោច​»​រំពឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នកទស្សនា

រឿង​«​ដៃ​គូកម្ចាត់​ខ្មោច​»​រំពឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នកទស្សនា



ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​របស់​លោក ឈុន សុវណ្ណ​ភក្តី ចាងហ្វាង​ផលិតកម្ម BKS បាន​បញ្ជាក់​ថា​ជា​ខ្សែភាពយន្ត​លើកដំបូង​រឿង​«​ដៃគូ​កម្ចាត់​ខ្មោច​»​គឺ​ស្ថិត​ក្រោម​ការសម្រិតសម្រាំង​ទាំង​បច្ចេកទេស​ថត​តួ​សម្តែង​និង​សាច់រឿង​ដើម្បី​ឲ្យ​ប្រាកដ​ថា​ ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នកទស្សនា​។ ទោះជា​យ៉ាងណា លោក​លើក​ឡើង​ថា ពិតជា​នៅ​មាន​ចន្លោះ​ខ្វះខាត​តិចតួច ប៉ុន្តែ​លោក​នឹង​បន្ត​កែលំអ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។ ផលិតករ និង​ជា​តារា​ចម្រៀង​វ័យក្មេង​រូប​នេះ ​បាន​លើកឡើង​ដែរ​ថា ខ្សែភាពយន្ត​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​១៧ មីនា នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​នា​ក្រុងភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួនទៀត​។ ទោះជា​លទ្ធផល​ដែល​ទទួលបាន​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ក្នុង​កម្រិត​ណា​ក៏ដោយ ក៏​លោក​ចាត់ទុកថា ជា​បទពិសោធន៍ ដែល​ទទួល​បាន​ពី​ការផលិត ហើយ​ពេលនេះ​លោក​ក៏បាន​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​បែប​កំប្លែង​ថ្មី​មួយទៀត​គឺ​រឿង «​អាសូ​យ​ទី ស្មោះ​ស្មេ​ហ៍​» ផង​ដែរ​។

លោក​ឈុន សុវណ្ណ​ភក្តី បន្ត​ថា ខ្សែភាពយន្ត​ក្រោយនេះ នឹង​កាន់តែ​សម្រិតសម្រាំង​ខណៈ​ដែល​ការ​ចំណាយ​នឹង​ខ្ពស់​ជាមុន​ព្រោះតែ​បំពាក់​ទាំង​ឧបករណ៍​ផលិត​មាន​គុណភាព​ខ្ពស់ និង​តារា​សម្ដែង​ល្បីៗ​ជាច្រើន​ចូលរួម​សម្តែង​។ ខ្សែភាពយន្ត​រឿង «​ដៃគូ​កម្ចាត់​ខ្មោច​»​នេះ​បាន​និពន្ធ​និង​ដឹកនាំ​រឿង​ដោយ លោក លី គីម​ស្រ៊ុន ដោយមាន​ការចូលរួម​សម្តែង​ពី​តារា​សម្តែង តារា​កំប្លែង​ប្រុស​ស្រី​ល្បីឈ្មោះ​មួយ​ចំនួន​ដូចជា កញ្ញា នី មុនីនាថ កញ្ញា ពៅ លីដា អ្នកនាង ស្រេង សុ​កាន់​ដា ហៅ នាង ខ្ញុង នាយ​គ្រឿន កញ្ញា ញឹម ចាន់ថន លោក វណ្ណ មករា និង​តារា​សម្តែង​ជាច្រើន រូប​ទៀត​។ ដោយឡែក​អនុ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក​សុក សុង បាន​កោតសរសើរ​ចំពោះ​ផលិតកម្ម BKS ដែល​ទើបនឹង​បង្កើត​ឡើង ប៉ុន្តែ​មាន​ស្នាដៃ​ផលិត​ទាំង​បទ​ចម្រៀង និង​ភាព​យន្ត​បាន​យ៉ាង​ឆាប់រហ័ស​។ ជា​មួយ​គ្នា​នេះ លោក​ក៏​ជំរុញ​ឲ្យ​បណ្តា​ផលិតករ តារា​សម្ដែង ក្រុមការងារ​បច្ចេកទេស​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​៕