របៀប​របប​ប្រារព្ធ​ពិធីបួងសួង​សុំ​ទឹកភ្លៀង ​របស់​ប្រជាជន​ខ្មែរ

របៀប​របប​ប្រារព្ធ​ពិធីបួងសួង​សុំ​ទឹកភ្លៀង ​របស់​ប្រជាជន​ខ្មែរ



ភ្នំពេញ ​៖ សម្រាប់​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​តាម​ស្រុកស្រែ​ចម្ការ​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​ភាគច្រើន​គេ​ធ្វើ​នៅក្នុង​ខែអាសាឍ ​ដែល​ប្រពៃណី​ទំនៀម​ទម្លាប់​នេះ​ត្រូវ​បាន​អភិរក្ស​តៗ​គ្នា​រហូតមកដល់​សម័យ​កាល​បច្ចុប្បន្ន​ និង​ធ្វើ​ទៅ​តាម​ជំនឿ​នៃ​ភូមិ​ស្រុក​រៀងៗ​ខ្លួន​។ ពិធី​នេះ​ដែរ​ ក៏​ជា​មរតក​វប្បធម៌​អរូបី​ដ៏​មាន​តម្លៃ​មួយ ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​។​ ​ ​ ​

​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​ដែរ​ គេ​នាំគ្នា​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​រហូតដល់​ថ្ងៃត្រង់​ដោយមាន​២​វគ្គ​គឺ​ វគ្គ​ទី​១​ គេ​ធ្វើឡើង​តាម​គន្លង​ព្រះពុទ្ធសាសនា​មាន​ព្រះសង្ឃ​សូត្រ​មន្ត​នៅក្នុង​រោង​ឈើ​មួយ ​ដែល​ត្រូវ​បាន​គេ​សង់​ទុក​ពី​ល្ងាច​ជាស្រេច ​និង​វគ្គ​ទី​២​គឺជា​ពិធី​រាំ​សុំ​ទឹកភ្លៀង​ ដែល​ពិធី​ទី​២​នេះ​សំខាន់​ណាស់ ​ដោយមាន​ក្រុង​ពាលី​ ព្រមទាំង​រាំ​បញ្ជាន់អារក្ស​។ ព្រឹទ្ធាចារ្យ​ក្នុងភូមិ​ បាន​រៀបចំ​រណ្ដាប់​មាន​ដូចជា ​ស្លាធម៌ បាយសី បារី គ្រឿង​បង្អែមចម្អាប ភេសជ្ជៈ ស្រា ធូប​ទាន​ជាដើម​រៀប​ដាក់​នៅ​លើ​កន្ទេល​ ដែល​ក្រាល​នៅ​លើ​ទីធ្លា​ ដោយមាន​ភ្លេងអារក្ស​ប្រគំ​កំដរ​ផង​ដែរ បន្ទាប់មក​អ្នក​ដែល​ស្នង​រូបអារក្ស​បាន​ឡើង​រាំ​ពត់ពេន​ខ្លួន​តាម​ចង្វាក់ភ្លេង​អារក្ស​ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​មាន​អារម្មណ៍​ថា​ព្រឺព្រួច​។ ​ ​ ​ ​ ​ ​ ​ ​

​ក្នុង​ពេល​កំពុង​ប្រារព្ធ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​ដែរ​ គេ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​រលូន​ទៅតាម​ក្រឹត្យក្រម​ និ​ង​មានការ​ប្រុងប្រយ័ត្ន​បំផុត ជាពិសេស​មិន​ត្រូវ​ឲ្យ​មាន​សត្វពាហនៈ​ផ្សេងៗ​រត់​ឆ្លងកាត់​ ឬ​នរណា​ម្នាក់​មក​រំខាន​នៅក្នុង​កំឡុង​ពេល​ធ្វើ​ពិធី​នោះ​ជាដាច់ខាត​។ បន្ទាប់ពី​ធ្វើ​ពិធីបួងសួង​រួចរាល់​នៅ​ថ្ងៃ​រសៀល​បន្តិច​អ្នកភូមិ​ក៏​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ម្នាក់​មាន​ទឹកមុខ​ញញឹម​សង្ឃឹមទុក​ថា​ នឹង​ទទួល​បាន​លទ្ធផល​ផ្តល់​នូវ​ទឹកភ្លៀង​បរិបូណ៌​ជាក់​ជាមិនខាន​។​

ចំពោះ​ប្រជាជន​ខ្មែរ​ ដែល​រស់នៅ​ក្នុងភូមិ​ភាគ​ខាងក្រោម​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ដូចជា​ ខេត្តកំពង់​ស្ពឺ កណ្ដាល តាកែវ​ នៅពេល​ជួប​គ្រោះ​រាំងស្ងួត​គេ​តែងតែ​នាំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ដែរ​ ដែល​គេ​ច្រើន​ធ្វើ​នៅក្នុង​ទី​វត្ត​អារាម​ ដោយ​ពឹងពាក់​ទៅលើ​ព្រះសង្ឃ​ជាធំ​។ ប្រសិនបើ​នៅ​ខែ​ពិសាខ ​ខែ​ជេ​ស្ឋ​ ហើយ​នៅ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​នោះ​ លុះ​នៅ​ខែអាសាឍ​គេ​នឹង​នាំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ដោយមាន​រៀបចំ​គ្រឿង​សក្ការបូជា ​និង​មាន​ប្រគំ​ភ្លេងពិណពាទ្យ​ដើម្បី​បួងសួង។ ​នៅពេល​ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់​រួច​ព្រះសង្ឃ​និមន្ត​មក​គង់នៅ​កណ្ដាល​ថ្ងៃ ​ដោយ​មិន​មាន​ទទូរ​ ឬ​បាំងឆត្រ​ទេ​ ដោយ​គង់​ព័ទ្ធ​ជុំវិញ​ផើង​ទឹក​មួយ​។ ព្រះសង្ឃ​ខំប្រឹង​តស៊ូ​អត់ធ្មត់​យ៉ាងនេះ​ ព្រោះ​មាន​ជំនឿ​ថា​ អាច​នាំ​ឲ្យ​រំជើប​រំជួ​ល​ដល់​អាកាស​ទេវរាជ នៅក្នុង​ផើង​ទឹក​នោះ​ គេ​ដាក់​ដើម​ឈូក​ និង​ត្រី​រ៉ស់​ រួច​ព្រះសង្ឃ​សូត្រធម៌​សា​ចុះ​សាឡើង​រហូត​ទាល់តែ​ឃើញ​លទ្ធផល​ជាក់ស្តែង​។​

នៅ​តំបន់​ខ្លះទៀត ​គេ​ធ្វើ​ពិធីបួងសួង​សុំ​ទឹក​ភ្លៀង​នេះ​ ដោយ​បាន​ឧបកិច្ច​​យក​រូប​អ្នកតា​ចាស់​ស្រុក​ក្នុង​ភូមិ​ ឬ​ក្នុង​វត្ត ​នាំគ្នា​សែង​យក​ទៅ​ទម្លាក់​ទឹក ហើយ​នៅពេល​ទម្លាក់​ទឹក​រួច ​មាន​មនុស្ស​ម្នាក់​និយាយ​ថា «​មេឃ​ក្តៅ​ម៉ឹងៗ ​លោកតា​ក្ដៅស្អុះ​ណាស់​ លោកតា​ច្បាស់​ជា​ចង់​ចុះ​មុជទឹក​ហើយ​!» រួច​អ្នក​ឯទៀត​ត្រូវ​ឆ្លើយ​សម្រប​ថា ​«​មែន​!» ម្នាក់​នោះ​និយាយ​ទៀត​ថា ​«​លោកតា​ បាន​ត្រជាក់​ហើយ​ច្បាស់​ជា​អាណិត​ឲ្យ​ភ្លៀង​មក​យើង​បាន​មុជទឹក​ដែរ​ហើយ​!» ក្នុង​គ្រានោះ​អ្នក​ផ្សេងៗ​ទៀត​ចេះតែ​បន្ទរ​សម្រប​តាម​ពាក្យ​សម្ដី​ដោយ​ការ​ស្រែក​យ៉ាង​អឺងកង​ និង​មាន​ភ្លេង​ទ្រ​ស្គរ​លេង​កំដរ​យ៉ាង​សប្បាយ​ផង​ដែរ​។​

ចំណែក​ប្រជាជន​ដែល​រស់នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ ​និង​ខេត្តបន្ទាយមានជ័យ​ ការ​ប្រារព្ធ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​ដែរ ​គេ​មាន​លេង​របាំ​មួយ​ជាពិសេស​ប្រចាំ​តំបន់​របស់​គេ​គឺ ​«​ត្រុដិ​នាង​ម៉េ​វ​»​ ​របាំ​នេះ​មាន​តួអង្គ​សំខាន់​គឺ​សត្វ​ឆ្មា​ ដែល​គេ​បាន​ដាក់​ក្នុង​ទ្រុង​ហើយ​សែង​ ដោយ​មនុស្ស​២​នាក់​ពាក់​ក្បាំង​មុខយក្ស ​ឬ​ងោះ​តំណាង​ឲ្យ​សភាវៈ​អាក្រក់​ការពារ​មិន​ឲ្យ​មាន​ភ្លៀង​គឺជា​អ្នកការពារ​កុំ​ឲ្យ​គេ​បាចទឹក​លើ​សត្វ​ឆ្មា​បាន ចំណែក​តួអង្គ​ចាំបាច់​ដែរ​នោះ​មាន​អ្នក​កាន់​ឈ្នាង​សម្ដែង​កាយវិការ​ជញ្ជាត់​២​នាក់​ និង​មាន​អ្នក​កាន់​កញ្ជើរ​២​នាក់​ដើរ​រាំ​ចាំ​ទទួល​ត្រី​ពីក្រោយ​អ្នក​ជញ្ជាត់​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
ដោយមាន​ជំនឿ​ដូច្នេះហើយ​ បានជា​នៅពេល​ជួប​គ្រោះ​រាំងស្ងួត​ម្តងៗ​អ្នកស្រុក​សៀមរាប ឧត្តរមាន​ជ័​យ​ និង​បន្ទាយមានជ័យ ​បាន​ចាប់​សត្វ​ឆ្មា​ ដែល​ជា​សត្វ​ខ្លាច​ទឹក​នោះ​មក​បង្ខាំង​ទុក​ក្នុង​ទ្រុង ​ហើយ​ស្រោច​ទឹក​ដោយមាន​រៀបចំ​ពិធី​ច្រៀង​រាំ​ជាមួយ​ផង​។ ការ​ធ្វើ​ទារុណកម្ម​ចំពោះ​សត្វ​ឆ្មា​បែបនេះ​ ដើម្បី​ឲ្យ​ឆ្មា​មានការ​ឈឺចាប់​ ហើយ​ប្រកាស​អំពាវនាវ​ប្ដឹង​ដល់​ព្រះឥន្ទ្រ​ព្រះព្រហ្ម​ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ឲ្យ​បង្អុរ​ភ្លៀង​មក​ស្រោច​លើ​អ្នក​ស្រុកភូមិ​នោះ​វិញ​។​

នៅ​តាម​តំបន់​ភូមិ​ស្រុក​ចុងកាត់មាត់ញក​ក្នុង​ប្រទេស​កម្ពុជា​មួយចំនួន​ទៀត​ គេ​នាំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​ ដោយ​ពូន​ភ្នំខ្សាច់​តូចៗ​៤​ព័ទ្ធជុំវិញ​ភ្នំខ្សាច់​ធំ​១​រួច​គេ​យក​ដីខ្សាច់​ពូន​ជា​រូប​សត្វ​រស់​នៅ​ក្នុ​ង​ទឹក​ហែល​ជុំវិញ​ភ្នំខ្សាច់​ទាំង​៥​នោះ បន្ទាប់មក​គេ​អុជ​ទាន​ធូប​នៅ​តាម​ភ្នំខ្សាច់​ទាំងនោះ​បួងសួង​ដល់​ទេវតា វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​សូម​ជួយ​បង្អុរ​ភ្លៀង​ឲ្យ​ជោកជាំ​មក​។ ក្នុង​ពេល​កំពុង​អុជ​ធូប​ទាន ​និង​និ​យាយ​បួងសួង​នេះ​នៅក្នុង​ព្រះវិហារ​ ឯនោះ​វិញ​ព្រះសង្ឃ​កំពុង​សូត្រធម៌​ប្រោះព្រំ​រលាស់​ទឹក​ឲ្យ​ដល់​អ្នក​ចេញដំណើរ​សំដែង​របាំ​។ នៅពេល​អ្នក​សំដែង​របាំ​ចេញផុត​ព្រះសង្ឃ​ចាប់​សូត្រ​គាថា​ត្រី​រ៉ស់​បន្ត​ជាប់​រហូត​មិន​ថា​ប៉ុន្មាន​ថ្ងៃខែ​ទេ​គឺ​លុះត្រាតែ​អ្នក​សម្ដែង​របាំ​វិល​ចូល​មក​វត្ត​វិញ ហើយ​អ្នករបាំ​ទាំង​នោះ​គេ​នាំគ្នា​ដើរលេង​ភ្លេង​ប្រពៃណី​ច្រៀង​រាំ​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​រហូតដល់​មាន​ភ្លៀង​ធ្លាក់​ទើប​គេ​ត្រ​ឡប់​មក​ស្រុកភូមិ​របស់​គេ​៕​

​ ​
​ ​