ប្រទះ​ឃើញ​ជនជាតិ​អាមេរិក​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ដោយ​មិន​ដឹង​មូលហេតុ​

ប្រទះ​ឃើញ​ជនជាតិ​អាមេរិក​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ដោយ​មិន​ដឹង​មូលហេតុ​



ភ្នំពេញ ៖ ជនជាតិ​អាមេរិក​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១ ​នៅ​ចំណុច​ផ្ទះ​លេខ​៣៩B ផ្លូវ​២៤២ សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​បុរស​ជន​ជាតិ​អាមេរិក​មានឈ្មោះ MiCHAEL SHAWN អាយុ​៥២​ឆ្នាំ មុខរបរ​គ្រូបង្រៀន។​ និង​ប្រពន្ធ​មានឈ្មោះ ច៍​ណ ទូច អាយុ​៣៣​ឆ្នាំ ជា​ជាតិខ្មែរ​។

ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូបគាត់​ទើបតែ​មកពី​ធ្វើ​ការ​អស់​ពេញ​មួយ​យប់ ​ហើយ​ក៏បាន​ត្រឡប់​មក​ផ្ទះ​ ក៏​ស្រាប់តែ​បើក​ទ្វារ​ផ្ទះ​ឃើញ​ប្ដី​របស់​គាត់​ដេក​នៅ​លើ​ឥដ្ឋ​ ពេលនោះ​រូប​គាត់​បាន​ស្ទុះ​ទៅ​មើល និង​ហៅ​ប្ដី​របស់​គាត់​ឲ្យ​ក្រោក​ឡើង​លើ​ តែ​មិន​ក្រោក​ទេ​ ដោយមាន​ការ​សង្ស័យ​រូបគាត់​ក៏បាន​ទៅ​ហៅ​ម្ចាស់ផ្ទះ​ ភ្លាមៗ​នោះ​ម្ចាស់ផ្ទះ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ។

ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួចហើយ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជនជាតិ​អាមេរិក​ខាង​លើ​នេះ​គឺ​ប្រមាណ​ជាង​៤​ទៅ​៥​ម៉ោង​មក​ហើយ ​មូលហេតុ​មកពី​គាំងបេះដូង។​
ចំណែក​សព​បុរស​ជនជាតិ​អាមេរិក​ខាង​លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៕