ការ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​កងទ័ព​ដែល​ឈរជើង​ការពារ​ព្រំដែន​ នៅ​ទិស​ព្រះវិហារ​

ការ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​កងទ័ព​ដែល​ឈរជើង​ការពារ​ព្រំដែន​ នៅ​ទិស​ព្រះវិហារ​



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ គណៈប្រតិភូ​ខណ្ឌ​មានជ័យ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ចំការមន ដែល​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងទ័ព​កងវរសេនាតូច​លេខ​៣៩២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩ ភូមិ​អូរ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​សម្ភារៈ ថវិកា គ្រឿង​ឧបភោគ បរិភោគ​ មក​ចែក​ជូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ទិស​ព្រះវិហារ​ចំនួន​៤៥០​នាក់។

ទោះបី​ស្ថានភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​មាន​ស្ថានភាព​ស្ងប់ស្ងាត់​យ៉ាង​ណា​ក្តី ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ទាំងមូល ពិសេស​ប្រជាជន និង​មន្ត្រីរាជការ​ក្នុង​ទូទាំង​ខណ្ឌ​មានជ័យ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ចំការមន នៅតែ​បន្ត​យកចិត្តទុកដាក់​អំពី​ជីវភាព​កងទ័ព​នៅ​ឯ​សមរភូមិ​មុខ​មិនដែល​ភ្លេច​ឡើយ ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​សមរភូមិ​ក្រោយ​ជាមួយនឹង​សមរភូមិ​មុខ គឺ​មាន​ឆន្ទៈ​តែមួយ​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ ក្នុង​គោលបំណង គឺ​ការពារ​បូរណ​ភាព​ទឹកដី​មិនឲ្យ​បាត់បង់​សូម្បី​តែមួយ​មិល្លីម៉ែត្រ។

បញ្ហា​ព្រំដែន​ជា​បញ្ហា​សម្រាប់​ជាតិ ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត កន្លង​មក​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​នយោបាយ កសាង​ប្រែក្លាយ​តំបន់​ព្រំដែន​របស់​ប្រទេស​កម្ពុជា ជា​តំបន់​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការ។ ជា​មួយ​គ្នា​នេះ​ដែរ សម្ដេច​តែង​បាន​លើកទឹកចិត្ត​កងទ័ព​គ្រប់​កម្រិត គ្រប់​ផ្នែក និង​គ្រប់​ជំនាញ​ទាំងអស់ ទាំង​កម្រិត​ជីវភាព​រស់​នៅ​របស់​កងទ័ព ក៏ដូចជា​កម្រិត​ជីវភាព​ស្នូល​របស់​កងទ័ព។​

យើងខ្ញុំ​ទាំង​អស់​គ្នា សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​លះបង់ ពុះពារ​រាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង​របស់​កម្លាំង​វរ​ឈរជើង​នៅ​ទិស​ប្រាសាទព្រះវិហារ​នេះ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រក្សា​បាន​សុខ​សន្តិភាព​រហូត​មក ដែល​នេះ​គឺជា​បុព្វហេតុ​ដ៏​ធំធេង​សម្រាប់​ជាតិ និង​មាតុភូមិ​របស់​យើង។

សម្ភារៈ ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ​ ដែល​បាន​យក​មក​ផ្តល់​ជូន​កងទ័ព​កងវរសេនាតូច​លេខ ៣៩២ រួមមាន ៖ អង្ករ​ផ្កា​ខ្ញី​៥០០​គីឡូ​, ប្រហុក៨០​គីឡូ​, ផ្អក​២០​គីឡូ​, ទឹកដោះគោឆៅ​ផ្អែម ANGKOR MILK ៧០​កេស​, បារី​សេក​២.៥០០​កញ្ចប់​, មី​ម៉ា​ម៉ា​៥៤០​កញ្ចប់​, សៀង​០៣​ពី​ដុង​, ទឹក​ផ្លែឈើ​កំប៉ុង​, ត្រីខ​កំប៉ុង​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ម៉ាស៊ីន​បូមទឹក​០១​គ្រឿង​, ម៉ាស៊ីនភ្លើង​០១​គ្រឿង​, ត្រង់​ទី​ន័​រ​០២​គ្រឿង​, ប្រេង​១.០០០​លីត្រ។ ចំពោះ​កងទ័ព​ទាំង​៤៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ៥០,០០០​រៀល និង​ផ្តល់​ជូន​កងវរសេនាតូច​លេខ​៣៩២​ចំនួន​២០,០០០,០០០​រៀល៕

ការ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​កងទ័ព​ដែល​ឈរជើង​ការពារ​ព្រំដែន​ នៅ​ទិស​ព្រះវិហារ​