ប្រជាពលរដ្ឋ​ចោទ​ថា ​លោក​ឆិល ​ប្រធាន​សហគមន៍​ច្រក​សារាយ​​ លួច​លក់​អាងទឹក​ឲ្យ​ឈ្មួញ

ប្រជាពលរដ្ឋ​ចោទ​ថា ​លោក​ឆិល ​ប្រធាន​សហគមន៍​ច្រក​សារាយ​​ លួច​លក់​អាងទឹក​ឲ្យ​ឈ្មួញ



កំពង់ធំ​ ៖​ អាង​ទឹក​ចុង​សារាយ​ ជា​អាងទឹក​សម្រាប់​អភិរក្ស​​ ​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ ស្រោចស្រព​ដំណាំ​ស្រូវ​ ក្នុង​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ​តែ​រហូតមកដល់​ឆ្នាំ​២០១៦​​​ អាងទឹក​នេះ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​លួច​លក់​​ ថែមទាំង​បាន​នាំ​យក​គ្រឿងចក្រ​មក​ភ្ជួរ​ក្នុង​អាងទឹក​យ៉ាង​រំភើយ​ដោយ​ពុំ​មាន​ការទប់ស្កាត់។

យោង​តាម​ការ​បង្ហោះ​លើ​​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា​អាងទឹក​ចុង​សារាយ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មានការ​កត់ត្រា​ក្នុង​​​បញ្ជីសារពើភណ្ឌ​របស់​ក្រសួង​ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ​ IFAD ( International Fund for Agricultural Development) ដែល​មាន​ទំហំ ១.០០០ ម៉ែត្រ x ១.០០០ ម៉ែត្រ ដែល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​បាន​កសាង​ឡើង​កាលពី​ឆ្នាំ​២០០៥ សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​​ ​ជាង​១០០០​ហិកតា ថែមទាំង​បង្កើត​ជា​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​អាង​នេះ ​ដោយ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ។

មហាជន​ទូទៅ​ក្នុងស្រុក​បារាយណ៍ នាំគ្នា​និយាយ​ល្បី​សុះសាយ​តាម​ហាង​កាហ្វេ​ថា អាងទឹក​ចុង​សារាយ ត្រូវ​បាន​លោក​ម៉ម វិ​ទ្ធី ហៅ ឆិល ប្រធាន​សហគមន៍​ច្រក​សារាយ ឃុបឃិត​គ្នា​ជាមួយ​នឹង​លោក​ឧត្ដមសេនីយ៍​ឈា ​សុខុម ​លក់​ទិញ​អាងទឹក​ជិត​១០​ម៉ឺន​ដុល្លារ ​ រហូតដល់​ធ្វើ​ផ្លូវ​ចូល​ទៅ​អាងទឹក​ជាង​២០០០​ម៉ែត្រ​សម្រាប់​ចូល​ដឹក​កសិផល​ទៀត​ផង។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦ ​លោក​ឧត្ដមសេនីយ៍ទោ ឈា សុខុម នៅ​ក្រសួងការពារជាតិ ​រស់នៅ​ភូមិ រពាក់​ពេន ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ​បាន​នាំ​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដី​ក្នុង​អាងទឹក ដោយ​បាន​អះអាង​ថា លោក​បាន​ជួល​ដី​ពី​លោក​ម៉ម វិ​ទ្ធី ហៅ ឆិល ប្រធាន​សហគមន៍​ច្រក​សារាយ។ ប៉ុន្តែ​មិនបាន​ប្រាប់​តម្លៃ​ឲ្យ​បាន​ដឹង​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​​ពាក់ព័ន្ធ​ទេ ​គឺ​លោក​ វិ​ទ្ធី ហៅ ឆិល ជា​អ្នក​ឲ្យ​លោក​យក​គ្រឿងចក្រ​មក​ធ្វើ ប៉ុន្តែ​ពុំបាន​ធ្វើ​លិខិត​ស្នាម​អ្វី​ទាំងអស់។

លោក ម៉ម វិ​ទ្ធី ហៅ ឆិល ប្រធាន​សហគមន៍​ច្រក​សារាយ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​អ្នកលក់​អាងទឹក បាន​និយាយ​ថា លោក​ជា​អ្នក​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ​ឈា សុខុម ​នាំ​គ្រឿងចក្រ​មក​ភ្ជួរ​ដី​នៅ​ក្នុង​អាងទឹក​ដើម្បី​សាកល្បង គឺ​ពេល​បាន​ទទួល​ផល យកមក​បែងចែក​គ្នា តែ​លោក​ពុំ​ទាន់​មាន​ច្បាប់​នោះ​ទេ តែ​គ្រោង​និង​សុំច្បាប់។

ការ​លើកឡើង​នេះ ​នៅ​ក្នុង​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​នៅ​ទីតាំង ​ដែល​កំពុងតែ​ឈូសឆាយ តែ​ត្រូវបាន​លោក ​ឧត្ដមសេនីយ៍ទោ នាំ​គ្រឿងចក្រ​ដកថយ​គេច​ពី​សមត្ថកិច្ច​មុនពេល​សមត្ថកិច្ច​ទៅដល់។

លោក​អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ករណី​ដែល​មាន​ការលក់ដូរ​អាង​ទឹក គឺ​មិនទាន់​បាន​ទទួល​ព័ត៌មាន​នោះ​ទេ តែ​សម្រាប់​អាងទឹក​មិន​អាច​ជួល និង​លក់​បាន​ទេ ព្រោះ​ជា​អាងទឹក​របស់​រដ្ឋ ពុំ​មាន​បុគ្គល​ណា​លក់ ឬ ជួល ព្រមទាំង​អាស្រ័យ​ផល​ក្នុង​អាង​បានទេ៕


ប្រជាពលរដ្ឋ​ចោទ​ថា ​លោក​ឆិល ​ប្រធាន​សហគមន៍​ច្រក​សារាយ​​ លួច​លក់​អាងទឹក​ឲ្យ​ឈ្មួញ

ប្រជាពលរដ្ឋ​ចោទ​ថា ​លោក​ឆិល ​ប្រធាន​សហគមន៍​ច្រក​សារាយ​​ លួច​លក់​អាងទឹក​ឲ្យ​ឈ្មួញ

ប្រជាពលរដ្ឋ​ចោទ​ថា ​លោក​ឆិល ​ប្រធាន​សហគមន៍​ច្រក​សារាយ​​ លួច​លក់​អាងទឹក​ឲ្យ​ឈ្មួញ