សមត្ថកិច្ច​ឈរ​ជើង​លើ​ស្ពាន​អ្នក​លឿង​​ មើល​​មិន​ឃើញ​សំបុក​មាន់​នៅ​លើ​ស្ពាន

សមត្ថកិច្ច​ឈរ​ជើង​លើ​ស្ពាន​អ្នក​លឿង​​ មើល​​មិន​ឃើញ​សំបុក​មាន់​នៅ​លើ​ស្ពាន



ព្រៃវែង ​៖ ​ប្រជាពលរដ្ឋ ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បាន​រិះគន់​សមត្ថកិច្ច​ និង​អាជ្ញាធរ​ស្រុក​លើកដែក​ថា ​មើល​មិន​ឃើញ​សំរាម ​​ដូច​សំបុក​មាន់​ នៅ​លើ​ស្ពាន​នោះ​ឡើយ ​ដោយ​ទុក​ឲ្យ​រាយប៉ាយ​ពេញ​​​​​​​ស្ពាន។

ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​​​ ដោយសារ​ពួកគាត់​ហួសចិត្ត​ចំពោះ​សមត្ថកិច្ច​ ដែល​ឈរ​ជើង​នៅ​លើ​ស្ពាន​ដើម្បី​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ និង​ដើម្បី​ជួយ​ថែរក្សា​ស្ពាន​ឲ្យ​មាន​ស្ថានភាព​ស្អាតបាត​ និង​ល្អ​​ប្រសើរ ​តែ​បែរជា​​​​​មើល​មិន​ឃើញ​សំរាម​​ជាច្រើន ដែល​រាយប៉ាយ​ចាប់តាំង​ពី​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាង​កើត​រហូត​ជិត​ដល់​កណ្ដាល​ស្ពាន។

លោក​ង៉ុ ង៉ា​ អាយុ​៣៥​ឆ្នាំ ​​​រស់នៅ​ក្នុងស្រុក​ព្រះ​ស្ដេច ​ខេត្ត​ព្រៃវែង​ និង​មិត្តភ័ក្ដិ​រួម​ដំណើរ​​​ជា​ច្រើន​នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឲ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មីនា ​ឆ្នាំ​២០១៦​​ថា​ សំរាម​​ទាំង​នោះ ពួកគាត់​បាន​ឃើញ​នៅ​ទីនេះ​រយៈពេល​២-៣​ថ្ងៃ​មក​​ហើយ​ ក្នុង​ពេល​ដែល​ពួកគាត់​​ធ្វើ​ដំណើរ​ឆ្លង​មក​ធ្វើ​ការ​នៅ​អ្នក​លឿង​ត្រើយ​ខាង​លិច។ ប៉ុន្តែ​មិន​​ឃើញ​មាន​អាជ្ញាធរ ​ឬ​សមត្ថកិច្ច​ណា​​​​មើល​​ឃើញ​សោះ។ ពួកគាត់​ហួសចិត្ត​នៅ​ពេល​ដែល​​​បាន​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ និង​ប៉េអឹម​ខ្លះ​ជិះ​ម៉ូតូ​គេច​ និង​ខ្លះ​ទៀត​ជិះ​ម៉ូតូ​កិន​ ហើយ​​​មើល​មិន​ឃើញ ​អ្នក​ណា​មក​យក​សំរាម​ទាំង​នោះ​បោះ​ចោល​សោះ។ ដូចនេះ​ពួកគាត់​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​លើក​ដែក​ និង​ស្រុក​ពាមរក៍​មេត្តា​គិតគូរ​ដល់​បញ្ហា​​ទាំង​នេះ​ផង​ ឬ​មួយ​គ្រាន់តែ​ សំរាម​ទាំង​នេះ​ក៏​ត្រូវ​ឲ្យ​ជប៉ុន​មក​បោស​សំអាត​ឲ្យ​ទៀត៕

សមត្ថកិច្ច​ឈរ​ជើង​លើ​ស្ពាន​អ្នក​លឿង​​ មើល​​មិន​ឃើញ​សំបុក​មាន់​នៅ​លើ​ស្ពាន

សមត្ថកិច្ច​ឈរ​ជើង​លើ​ស្ពាន​អ្នក​លឿង​​ មើល​​មិន​ឃើញ​សំបុក​មាន់​នៅ​លើ​ស្ពាន