ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​ ជួយ​រៀបចំ​ការ​ធ្វើ​ចរាចរ​របស់​កាឡេថង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​ ជួយ​រៀបចំ​ការ​ធ្វើ​ចរាចរ​របស់​កាឡេថង



កំពង់ធំ​ ៖​ មតិ​ប្រជាពលរដ្ឋ ​ក៏ដូចជា​អ្នកធ្វើ​ចរាចរ សុទ្ធតែ​មើល​ឃើញ​ពី​ហានិភ័យ​​ និង​គ្រោះថ្នាក់​ចរាចរណ៍​ ជាច្រើន​ករណី​ដែល​បង្កឡើង​ពី​គោយន្ត​កន្ត្រៃ ហៅថា​កាឡេថង​ ដែល​បាន​ និង​កំពុង​ធ្វើ​ចរាចរ​​នៅ​លើ​ផ្លូវជាតិ និង​ផ្លូវលំ​នា​ពេល​សព្វ​ថ្ងៃ​នេះ ហើយ​ពួកគាត់​(​ប្រជាពលរដ្ឋ​) សំណូមពរ​ឲ្យ សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ​មាន​ចំណាត់​ការ​រៀបចំ​ការ​ធ្វើ​ ចរាចរ​របស់​គោយន្ត​ទាំងនោះ ដើម្បី​បញ្ចៀស​ហានិភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍​ផង។

មតិ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា បច្ចុប្បន្ន និង​កន្លងមក គោយន្ត​កន្ត្រៃ ដែល​ហៅថា កា​ឡេ​ថង​នេះ មាន​ជាច្រើន​គ្រឿងក្នុង​១​ថ្ងៃ​ៗ ដែល​ធ្វើ​ចរាចរ​នៅ​ផ្លូវលំ និង​ផ្លូវជាតិ​។ ដោយឡែក​នៅ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ គឺ​ផ្លូវជាតិ​លេខ​៦​ និង​លេខ​៦២។

មតិ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា គោយន្ត​កន្ត្រៃ​ ដែល​ធ្វើ​ចរាចរ​ទាំង​នេះ គឺ​ដឹក​ឥវ៉ាន់​សំពីងសំពោង ជាពិសេស​គឺ​ដឹក​ឈើ​ខុសច្បាប់​ និង​អុស​ ហើយ​ការ​ធ្វើ​ចរាចរ​របស់​គោយន្ត​កន្ត្រៃ​នេះ គ្មាន ភ្លើង​ចំណាំង​ប្លាត​,​ គ្មាន​កញ្ចក់​ឆ្លុះ​មើល​ខាងក្រោយ​ ,​គ្មាន​ការ​បំពាក់​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ចរាចរ និង​ផ្ទុក​ខុស​លក្ខណៈ​បច្ចេកទេស​ ឯ​អ្នកបើកបរ ​ក៏​មិន​ចេះ​ច្បាប់​ចរាចរណ៍​ផង​នោះ ​ជា​ហេតុ​បង្ក​ឲ្យ​មាន​ហានិភ័យ​​ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើត​ឡើង​ជា​ច្រើន​ករណី នា​ពេល​បច្ចុប្បន្ន​ និង​កន្លងមក។

បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មាន​ពេល​ខ្លះ អ្នក​បើកបរ​គោយន្ត​នោះ កាច់​​ចង្កូត​ខ្លាំង​ជ្រុល​ បណ្ដាល​ឲ្យ​ដៃចង្កូត​កៀរ ​ឬ​ប្រទាញ​តៃកុង​ធ្លាក់ ​ពីលើ​គោយន្ត ប្រកាច់ប្រកិន​នៅ​កណ្ដាល​ផ្លូវ ឯ​យានយន្ត​ ដែល​បើកបរ​ពីក្រោយ​បង្ខំ​ជាន់​ហ្វ្រាំង​អូស​២០ ​ឬ​៣០​ម៉ែត្រ ក៏​មាន។ ចំណែក​គោយន្ត​កន្ត្រៃ​​​ខ្លះ ​បន្ទាប់ពី​តៃកុង​ធ្លាក់​ពីលើ​គោយន្ត ក៏បាន​សម្រុក​ចូល​បុក​ហាង លក់ដូរ​ ឬ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្ខាង​ផ្លូវ​នោះ​តែម្ដង។ រីឯ​នៅ​ពេល​យប់​វិញ​ នៅ​ខណៈ​យានយន្ត​បើក បញ្ច្រាស​ទិស​គ្នា ​​ចាំង​នឹង​ភ្លើង ក៏​បើក​ទៅ​បុក​នឹង​គោយន្ត​កន្ត្រៃ ដែល​បើក​ស្រប​ទិស​គ្នា​នៅ​ខាងមុខ ខាងស្ដាំ​ដៃ​តែម្ដង ដោយសារតែ​គោយន្ត​កន្ត្រៃ​ដែល​បើក​ពីមុខ​នោះ​ គ្មាន​ភ្លើង​ចំណាំង​ប្លាត។

អ្នកបើកបរ​យានយន្ត ក៏ដូចជា​ប្រជាពលរដ្ឋ​សុទ្ធតែ​បាន​មើល​ឃើញ​ពី​ហានិភ័យ​ជាច្រើន ជា ពិសេស​ គឺ​ករណី​ប្រឈម​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ហេតុដូច្នេះ​ពួកគាត់​(​ប្រជាពលរដ្ឋ​)​បាន​សំណូមពរ​ឲ្យ​មន្ទីរ​សាធារណការ , សមត្ថកិច្ច​នគរបាល​ចរាចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តាជួយ​មាន​ចំណាត់​ការ​រៀប​ចំ​ការ​ធ្វើ​ចរាចរ របស់​គោយន្ត​កន្ត្រៃ​នេះ​ផង ព្រោះ​បច្ចុប្បន្ន​ថ្វីត្បិតតែ​ការអនុវត្ត​ច្បាប់ ​ចរាចរណ៍ ផ្លូវគោក​កំពុងស្ថិត​ក្នុង​អាទិភាព​ក៏​ពិតមែន ប៉ុន្តែ​មិនទាន់​ចំ​គោលដៅ​ចំណុច​អាទិភាព ក្នុង ការទប់ស្កាត់​បទល្មើស​គ្រោះថ្នាក់​ចរាចរ​ណ៍​ទាំងស្រុង​នៅឡើយ​ទេ។

មតិ​អ្នកបើកបរ​យានយន្ត និង​ប្រជាពលរដ្ឋ​ទាំងនេះ បាន​សម្ដែង​ថា ​​ពួកគាត់​ចង់បាន​ការ អនុវត្ត​ជា​ចំណុច​អាទិភាព គឺ​ការ​បើកបរ​មិន​គោរព​ច្បាប់ ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ជា អាទិភាព​នោះ ចំណែក​ឯកសារ ស្លាក​លេខ ។​ល​។ គួរតែ​យោគយល់​ខ្លះ ​សម្អាង​ទៅលើ​ហេតុផល ជាក់ស្ដែង ដែល​កំពុង​រៀបចំ​បំពេញ​ហើយ ប៉ុន្តែ​ការ​បំពេញ​ឯកសារ​វា​ត្រូវការ​ពិបាក​ច្រើន និង​ត្រូវការ ពេលវេលា​ផង​ដែរ ​ដូចជា​ស្លាក លេខ​រថយន្ត​តូច ទើបតែ​បាត់​១​ជាដើម៕

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​ ជួយ​រៀបចំ​ការ​ធ្វើ​ចរាចរ​របស់​កាឡេថង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​ ជួយ​រៀបចំ​ការ​ធ្វើ​ចរាចរ​របស់​កាឡេថង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​​ ជួយ​រៀបចំ​ការ​ធ្វើ​ចរាចរ​របស់​កាឡេថង