លោក សួន សេរី​រដ្ឋា ​៖ គូ​ភរិយា​ថ្មី​នឹង​ទទួល​បាន​ដី​១​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ បើ​គណបក្ស​អំណាច​ខ្មែរ​ជាប់ឆ្នោត​

លោក សួន សេរី​រដ្ឋា ​៖ គូ​ភរិយា​ថ្មី​នឹង​ទទួល​បាន​ដី​១​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ បើ​គណបក្ស​អំណាច​ខ្មែរ​ជាប់ឆ្នោត​



ភ្នំពេញ​ ៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រកាស​បែបនេះ​នៅ​ក្នុង​អង្គ​សមាជ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​អនុម័ត​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង រចនាសម្ព័ន្ធ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស អនុប្រធាន ព្រមទាំង​តំណាង​ប្រចាំ​ប្រទេស​ផ្សេងៗ ដែល​សមាជ​នោះ​មាន​អ្នកចូលរួម​ចំនួន​១.៣៨៣​នាក់ នៅ​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ លោក សួន សេរី​រដ្ឋា បាន​លើក​ឡើង​ពី​គោលនយោបាយ​៣​ជំហាន​និង​១៩​ចំណុច​របស់​គណបក្ស​អំណាច​ខ្មែរ ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។ លោក សួន សេរី​រដ្ឋា បាន​លើកឡើងថា ជា​ជំហាន​ដំបូង​ក្នុង​ការ​តស៊ូ​គោលនយោបាយ​មាន​៥ ចំណុច​ដែល​រួមមាន ការ​ទាមទារ​ឲ្យ​មាន គ​.​ជ​.​ប ឯករាជ្យ​, ការ​លុបឈ្មោះ​ជនជាតិ​វៀតណាម​ចេញពី​បញ្ជី​បោះឆ្នោត​, ការ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​, ការ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្នើ​បេក្ខភាព​អ្នកនយោបាយ​, ការ​ទាមទារ​ឲ្យ​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើង​ជជែក​គ្នា និង​មាន​អាណត្តិ ព្រមទាំង​ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់។

ដោយឡែក​ ចំពោះ​គោលការណ៍​អភិវឌ្ឍន៍ គណបក្ស​អំណាច​ខ្មែរ​បាន​កំណត់​យ៉ាង​ច្បាស់​ថា “​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ដី​សង់​លំនៅដ្ឋាន និង​ដី​សម្រាប់​ធ្វើ​កសិកម្ម ហើយ​បើ​កូនកំលោះ​ក្រមុំ ដែល​មិន​ទាន់​បាន​រៀបការ​សោះ រដ្ឋ​នឹង​ចងដៃ​ដី​មួយ​ឡូ​សម្រាប់​សង់ផ្ទះ​”។

តាម​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់​ថា មាន​អ្នកខ្លះ​ថា មិន​អាច​ធ្វើ​បានទេ ការ​ផ្តល់​ដី​បែប​នេះ ពីព្រោះ​ដី​នៅ​ប្រទេស​កម្ពុជា​សុទ្ធតែ​មាន​កម្មសិទ្ធិ​អស់ហើយ អាច​នឹង​មាន​បដិវត្ត​ដីធ្លី​កើតឡើង បើ​ធ្វើ​បែប​នេះ​។

តែ​លោក​បញ្ជាក់​ថា បដិវត្ត​ដីធ្លី​អាច​កើត​ឡើង​មែន ប្រសិនបើ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ជា​កម្មសិទ្ធិ​របស់​មនុស្ស​បួនដប់​នាក់ ឬមួយ​រយ​ ពីរ​រយ​នាក់ តែ​មិន​អាច​កើតឡើង​បានទេ ប្រសិនបើ​ដី​ប្រទេស​នេះ ជា​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក សួន សេរី​រដ្ឋា បញ្ជាក់​ថា គណបក្ស​អំណាច​ខ្មែរ​មិន​យក​ដី​របស់​ប្រជាពលរដ្ឋ​ទេ តែ​នឹង​ធ្វើ​ឲ្យ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង ហើយ​ក៏​នឹង​ពិនិត្យមើល​លើ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ ដែល​មាន​ក្រុមហ៊ុន​ខ្លះ​យក​ដី​ទៅ​ទុក​អត់​ធ្វើការ​អភិវឌ្ឍន៍ ដើម្បី​ធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ មិន​អាច​មិន​យកពន្ធ​លើ​ដី​ធ្លី​ដូច​គណបក្ស​កាន់​អំណាច​ទេ​។

លោក​បន្ត​ថា គណបក្ស​អំណាច​ខ្មែរ​យកពន្ធ​តែ​ដី​ណា​ទុកចោល​ទុក​ឲ្យ​នៅ​ទំនេរ ហើយ​ប្រសិន​បើ​ម្ចាស់​ដី​មិន​មាន​លទ្ធភាព​បង់ពន្ធ​ទេ ត្រូវតែ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក សួន សេរី​រដ្ឋា នេះ លោក សុខ ឥសាន មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា​ថា គណបក្ស​អំណាច​ខ្មែរ​អាច​ចែក​បាន​ចំពោះ​ដី​សម្បទាន​សង្គមកិច្ច បើ​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​អាច​ចែក​បានទេ។

លោក​បញ្ជាក់​ថា “​ឲ្យ​តែ​មាន​ដី​ ​គាត់​អាច​ផ្តល់​ឲ្យ​បាន​ហើយ ពីព្រោះ​គាត់​មាន​សិទ្ធ​អំណាច គាត់​អាច​ចែក​បាន​ចំពោះ​ដី​សម្បទាន​សង្គមកិច្ច ហើយ​អាហ្នឹង​យើង​ស៊ីសង​វាយ​តម្លៃ​ប្រភេទ​ដី​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​ដី​សេដ្ឋកិច្ច​សម្រាប់​ការ​វិនិយោគ ហើយ​ចំពោះ​គោល​ន​យោ​បាយ​លុប​ក្រុមហ៊ុន​ណា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​មិន​អភិវឌ្ឍន៍ គឺ​ដូច​តែ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ គឺ​ក្រុមហ៊ុន​ណា​ដែល​ចុះ​កិច្ច​សន្យា​ហើយ​មិន​ធ្វើ គឺ​រដ្ឋ​ដក​យក​មកវិញ ហើយ​វា​ជា​ធម្មតា​ទេ នៅ​ពេល​ចុះ​កិច្ច​សន្យា​ហើយ​ត្រូវតែ​ធ្វើ បើ​មិន​ធ្វើ​ទេ គឺ​ត្រូវតែ​ដក​យក​មកវិញ​” សូមបញ្ជាក់ថា នៅ​ក្នុង​សមាជ​របស់​គណបក្ស​អំណាច​ខ្មែរ នា​ព្រឹក​នោះ បាន​អនុម័ត​លើ​គោល​នយោ​បាយ​មួយ​ចំនួន ហើយ​នឹង​បាន​ជ្រើសរើស​ថ្នាក់ដឹកនាំ​ចំនួន​២៥​រូប៕
លោក សួន សេរី​រដ្ឋា ​៖ គូ​ភរិយា​ថ្មី​នឹង​ទទួល​បាន​ដី​១​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ បើ​គណបក្ស​អំណាច​ខ្មែរ​ជាប់ឆ្នោត​

លោក សួន សេរី​រដ្ឋា ​៖ គូ​ភរិយា​ថ្មី​នឹង​ទទួល​បាន​ដី​១​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ បើ​គណបក្ស​អំណាច​ខ្មែរ​ជាប់ឆ្នោត​