​លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ខ្មែរ​ទាំងអស់​នឹង​បាន​សុខ​

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​នៅក្នុង​ចុង​សប្តាហ៍​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​នៅ​ប្រទេស​កម្ពុជា​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត លោក​សូម​ធានាថា​ខ្មែរ​ទាំងអស់​នឹង​បាន​សុខ ខ្មែរ​ឈប់​រករឿង​ខ្មែរ ខ្មែរ​ឈប់​ធ្វើបាប​ខ្មែរ ខ្មែរ​ចាប់ផ្តើម​ចាប់ដៃគ្នា​ដើម្បី​កសាង​ប្រទេស​ជាមួយគ្នា​។ លោក សម រង្ស៊ី បាន​បន្ថែមថា គោលជំហរ​ហ្នឹងហើយ​ជា​គំរូ​មកពី​ប្រទេស​ភូមា ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវយក​គំរូ​នេះ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា យើង​ត្រូវតែ​យក​គំរូ​តាម​ប្រទេស​ភូមា ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គណបក្សកាន់អំណាច ឥឡូវនេះ​គឺជា​គណបក្សប្រឆាំង​ទេ​តែ​បន្តិចទៀត​នឹង​ក្លាយជា​គណបក្សកាន់អំណាច​ហើយ ដូច​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោកស្រី អ៊ុង សាន​ស៊ូ​ជី គឺ​គាត់​តែងតែ​ប្រកាសថា​គាត់​នឹង​រក្សា វប្បធម៌​អហិង្សា គឺ​មិន​គុំកួន គឺ​មិន​សងសឹក គឺ​មិន​ប្រើ​អំពើហិង្សា បើ​មានការ​ផ្លាស់ប្តូរ​គឺ​ធានា ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​បាន​សុខ​។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បាន​ថ្លែងប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ​មិន​ចាញ់​ប្រជាពលរដ្ឋ​ភូមា​នោះទេ ដែល​ការយល់​ដឹក​នេះ​នឹង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ខាងមុខនេះ​មិន​ខាន​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត អាណត្តិ​កន្លងមក ក្នុង​ឆ្នាំ ២០១៣ បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក  សម រង្ស៊ី កើន​អាសនៈ​ក្នុង​រដ្ឋសភា ដល់ ៥៥​កៅអី ខណៈពេលដែល​គណបក្ស​កាន់អំណាច​របស់លោក​ហ៊ុន សែន​បាន ថមថយ​កៅអី​ពី​៩០​មក​នៅត្រឹម​៦៨​។ ជុំវិញ​បញ្ហា​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា បើ​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​អាចនឹងទទួល​បាន​អាសនៈ​ច្រើនជាង​៥៥ ដូច្នេះ​ការបោះឆ្នោត​នៅ​អាណត្តិ​បន្ទាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កើនឡើង​កាន់តែច្រើន​៕

BFALmf-CQAEUmph Sam Rainsy - Aung San Suu Kyi Sam Rainsy meeting Aung Sany Suu Kyi 02