លោក ផន គឹម​កន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ល្បី​គាប​អ្នក​ដឹកទំនិញ​តាម​រទេះ​យកប្រាក់ ​ហើយ​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ និង​ពលករ​ឆ្លងដែន​ខុសច្បាប់​ក៏​សុទ្ធសឹង​ជា​ប្រភព​ចំណូល

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ដែលមាន​ទីតាំង នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សម្តែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ផន គឹម​កន ដែល​ចាត់តាំង​ឲ្យ​មាន អំពើពុករលួយ​បង្ខំ​ឲ្យ​អ្នកដំណើរ ឆ្លងកាត់​ព្រំដែន​បង់លុយ​តាមតែ​ទំនើងចិត្ត ជាពិសេស​ក្រុម​ឈ្មួញ​រកស៊ី នាំចូល​ទំនិញ​តាម​តាម​រទេះ​បន្តិច​ប​ន្ទួ​ច ត្រូវបាន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងនោះ គាប​ជំរិត​បង្ខំ​ឲ្យ​បង់លុយ​តាមរបៀប​បង្ខំ​ឆៅៗ​តែម្តង​។​

​សូម្បីតែ​អាជ្ញាធរ​ក្រុង​សំរោង ក៏​មិន​សប្បាយចិត្ត​ចំពោះ មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​អូ​ស្មាច់​នោះទេ ព្រោះ​អាជីវករ​ជាច្រើន​ធ្លាប់បាន​ប្តឹងផ្តល់ ឲ្យ​អាជ្ញាធរ​ក្រុង​សំរោង ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ នៅពេលដែល​នគរបាល​អន្តោប្រវេសន៍​ប្រើ​អំណាច បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ២​ម៉ឺន​រៀល រហូត ដល់ ៥​ម៉ឺន​រៀល អាស្រ័យទៅលើ​ទំនិញ​តិច​ឬ​ច្រើន​ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់ចំណូល​ដោះស្រាយ ជីវភាព​របស់​ពួកគាត់​។ ក្នុង​មួយថ្ងៃៗ​មាន​រទេះ​ដឹកទំនិញ​ឆ្លងកាត់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ច្រើនសន្ធឹក​សន្ធាប់ មិនដឹង​ជា​នគរបាល​អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក ផន គឹម​កន ប្រមូល​លុយ​យកទៅ​ណា​អស់​ទេ​។​

​ក្រៅពី​បង្គាប់​ឲ្យ​មន្ត្រី​ក្រោម​ការគ្រប់គ្រង​ប្រមូល​លុយ​ពី​រទេះ​ដឹកទំនិញ​ជាប្រចាំ ក្រៅពីនេះ​ទំនិញគេចពន្ធ និង​ទំនិញ បង់ពន្ធ​មិន​គ្រប់​ដូចជា សាំង ហ្គាស រថយន្ត និង​ម៉ួ​តួ គ្រឿងសំណង់ ភេសជ្ជ គ្រឿង​កំប៉ុង និង​គ្រឿង​ចាប់ហួយ​ចម្រុះ ដែល​ដឹក​តាម​រថយន្ត​ធំៗ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​តាម​ច្រក​អូរ​ស្មាច់​សុទ្ធសឹង​ជា​ប្រភព​ចំណូល​យ៉ាង​ក្រាសក្រែល​ដែល​ក្រុម​ឈ្មួញ​មិនអាច​រំលង​អំណាច​លោក ផន គឹម​កន​បានទេ​។ ដោយឡែក​មានការ​សម្របសម្រួល និង​ឃុបឃិត​ឲ្យ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​តាមរយៈ​មេខ្យល់ រត់ការ​យកប្រាក់​ពី​ពលករ​ចំណាកស្រុក​យកទៅ​បែងចែក​លោក ផន គឹម​កន​ទើប​អាច​ឆ្លងដែន​ដោយ​ខុសច្បាប់​បាន​ដោយ​សុខ​ស្រួល​។​

លោក សរ ថា​វី ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មិនគួរ​មើលរំលង​ភាព​អសកម្ម ដែល​កំពុង​កើត​មាននៅ ច្រក​អន្តរជាតិ​អូ​ស្មាច់​នោះទេ ព្រោះ​អំពើ​គាប​ជំរិត​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ របស់​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ​ព្រោះ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​។ និង​មួយផ្នែក​ទៀត​គឺ​អំពើ​រត់ពន្ធ​ទំនិញ​នៅតែមាន​ការឃុបឃិត ពី​សមត្ថកិច្ច​ច្រក​ដែល​គួរតែ​លោក សរ ថា​វី អភិបាលខេត្ត​មានការ​រឹតបន្តឹង​លុបបំបាត់​អំពើពុករលួយ​នៅ​មាត់ច្រក​នេះ​កុំ​ឲ្យ​ដុះ​ស្នឹម​យូរពេក​អាច​បណ្តាល​ឲ្យ​ខូចគុណភាព​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​៕

KA-18-03-2016-01 KA-18-03-2016-02