ប្រជាពលរដ្ឋ​ស្នើសុំ​តុលាការខេត្ត​ដោះលែង​ឈ្មោះ ស៊ឹម វណ្ណៈ ក្នុង​រឿង​គាត់​ស៊ីឈ្នួល​ដឹក​ត្រី អោយគេ​ដែល​មិន​ដឹ​ថា​ជា​ត្រី​គេ​ឆក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី បាន​ផ្តិតមេដៃ​ស្នើសុំ​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍​ទៅ​តុលាការខេត្ត​អោយជួយ​ដោះលែង បុរស​ឈ្មោះ ស៊ឹម វណ្ណៈ មក​លំនៅដ្ឋាន​វិញ ដោយ​គ្រាន់តែ​គាត់​ជា​អ្នកស៊ីឈ្នួល​ដឹក​ត្រី​តាម​គោយន្ត​អោយគេ​មិនដឹង​ខ្លួន ត្រូវបាន​សមត្ថកិច្ច​ចាប់​កាលពី​យប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី​បាន​បញ្ជូនទៅ​តុលាការខេត្ត​ឃុំខ្លួន​មកដល់​ថ្ងៃនេះ ជាមួយ​ជនល្មើស​ឆក់​ត្រី​៤​នាក់​ទៀត ដែលមាន​វត្ថុតាង​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រី​២​គ្រឿង អាគុយ​១ និង​ត្រី​ជាង​៥០​គីឡូ នៅលើ​គោយន្ត​របស់គាត់ ។​

ស្រី្ត​ឈ្មោះ ពេ​ជ ចំរើន អាយុ​៣០​ឆ្នាំ មានកូន​២​នាក់ និង​កូន​ទី​២​ទើបតែ​កើត​បាន​៨​ថ្ងៃ ជា​ប្រពន្ធ​បុរស​ឈ្មោះ ស៊ឹម វ​ណ្ណះ អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​តុលាការ​ឃុំខ្លួន រស់នៅ​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី បាន​និយាយ​អោយដឹងថា​៖ នៅ​យប់​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​ប្តី​គាត់ គឺ​គាត់​មាន​គោយន្ត​មួយគ្រឿង ត្រូវបាន​គេ​ជួល​អោយ​ដឹក​ត្រី ប៉ុន្តែ​គាត់​មិនបាន​ដឹងថា​ត្រី​ទាំងអស់នោះ​ជា​ត្រី​ដែល​គេ​ឆក់​បាន​ពី​ទន្លេ​នោះឡើយ ហើយ​នៅពេល​សមត្ថកិច្ច ចាប់​ឆែកឆេរ​ក្នុងកា​រ៉ុង​ត្រី​នៅលើ​គោយន្ត​ឃើញ​មាន​អាំង​វ៉ា​ត់​ទ័​រ​ឆក់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន គាត់ និង​អ្នក​ឆក់​ត្រី​ទាំង​៤​នាក់​ទៀត​តែម្តង បញ្ជូនទៅ​តុលាការ​ឃុំខ្លួន​។

​ស្ត្រី​ជា​ប្រពន្ធ​និយាយថា​ប្តី​របស់ខ្លួន​ពុំបាន​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នោះទេ និង​ដោយ​រូបគាត់​ជា​ប្រពន្ធ​ទើប​និង​សំរាលកូន​គ្មាន​អ្នក​ថែទាំ រូបគាត់​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង ២០០​នាក់​បាននាំគ្នា​ប្តិ​ត​មេដៃ ស្នើសុំ​លោក​អភិបាលស្រុក និង​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍ សុំអោយ​តុលាការ​ដោះលែង​ប្តី​គាត់​ពី​ពន្ធនាគារ​មក​ផ្ទះ​វិញ​ផង​។​

ទាក់ទង​ក្នុង​រឿង​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ លោក សោម ភិ​
​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន អោយដឹងថា​៖ រឿង​ខាងលើនេះ​គឺ​បុរស​
​ឈ្មោះ ស៊ឹម វ​ណ្ណះ បាន​ដើរ​ជាន់​ដាន​ជនល្មើស​ដែល​ពួកគេ​បាននាំគ្នា​ហ៊ុំ​សម្រាស់​ជុំ​ហើយ នាំគ្នា​ប្រើ​ឧបករណ៍​ឆក់​ចាប់​ត្រី និង​ក្រោយពី​ការសាកសួរ​កសាង​សំណុំរឿង​ទើប​ដឹងថា បុរស​រូបនេះ​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ត្រី​តាម​គោយន្ត​អោយគេ​តែប៉ុណ្ណោះ​។​

​ទាក់ទង​ជាមួយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​សុំអោយ​លោក​អភិបាលខេត្ត​ជួយ​អន្ត​រាគ​មន៍ លោក​បានអោយ​នាយរង​ខ​ណ្ឌ័ លោក លី ឡា យក​សំណើ​របស់​ប្រជាពលរដ្ឋ ទៅ​ទំនាក់ទំនង​ជាមួយ​តុលាការខេត្ត​រួចហើយ ដោយ​តុលាការខេត្ត​តម្រូវអោយ ក្រុម​គ្រួ សារ ឡើងមក​ជួប ដើម្បី​បំពេញ​លិខិតស្នាម​តាម​និតិ​វិធី ហើយ​ប្រហែលជា​តុលាការ និង​ត្រូវ​ដោះលែង​ឈ្មោះ ស៊ឹម វណ្ណៈ​អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុងពេល​ខាងមុខនេះ ៕ រិ​ទ្ធិ ជ័យ

KA-18-03-2016-04 KA-18-03-2016-05