សម្រាប់ម​នុស្សស្រី រៀបការហើយ រៀនបន្ត និង រៀនចប់សឹមរៀបការ មួយណាល្អ?

សម្រាប់មនុស្សស្រីសម័យថ្មីមួយចំនួន វាអាចជាទំនោរដ៏ពេញនិយមមួយ បើយើងនិយាយអំពីការសម្រេចចិត្តរៀបការហើយនៅតែបន្តការសិក្សា។ យ៉ាងណាមិញ ការសម្រេចចិត្តរៀបការ គឺជារឿងមួយដែលយុវជនយើងយល់ឃើញខុសៗគ្នា ក្នុងនោះក៏មានដែរអ្នកដែលលើកឡើងថា ការរៀបការហើយបន្តការសិក្សា គឺផ្តល់នូវរូបភាពវិជ្ជមានជាច្រើន ផ្ទុយមកវិញ ការសម្រេចចិត្តបន្តការសិក្សាឲ្យចប់សិន មុននឹងរៀបការ ក៏ផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើនផងដែរ។

ទើបតែមានវ័យ ២១ឆ្នាំ មុយ សៀងហៃ​ គឺជាយុវនារីខ្មែរម្នាក់ ដែលបានជ្រើសយកជីវិតមានគូរស្រករ ពោលគឺ នាងបានរៀបការជាមួយស្វាមី ប្រហែលជាមួយឆ្នាំកន្លងទៅហើយ ស្របពេលដែលនាង កំពុងតែសិក្សាផ្នែកច្បាប់​នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច។ សម្រាប់អ្នកស្រី មុយ សៀងហៃ ទោះបីជាមានវ័យក្មេង និងកំពុងសិក្សាថែមទៀតក៏ដោយ ប៉ុន្តែការសម្រេចចិត្តរៀបការ គឺជាជម្រើសមួយដ៏ល្អសម្រាប់នាង ព្រោះថា ស្វាមីរបស់នាង គឺជាមនុស្សម្នាក់ ដែលតែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និង មើលថែរក្សានាង។

សៀង ហៃ បានរំលឹកកាលពីពេលមុននាង សម្រេចចិត្តរៀបការថា « មុននឹងខ្ញុំសម្រេចចិត្តរៀបការ គឺខ្ញុំបានពិភាក្សាជាមួយស្វាមី ពីគម្រោងការសិក្សា ហើយគាត់ក៏សន្យាថា ឲ្យខ្ញុំបន្តការសិក្សារហូតចប់បរិញ្ញាបត្រ និង អាចបន្តការសិក្សាដល់ អនុបណ្ឌិតបានប្រសិនជាខ្ញុំចង់»។

និយាយទាំងទឹកមុខម៉ឹងម៉ាត់ និង សម្តីច្បាស់ៗ សៀង ហៃ បានបន្តថា បើទោះជារៀបការ ក៏រឿងនេះមិនមែនជារនាំង នាំឲ្យមានការប៉ះពាល់ដល់ការសិក្សា និង គោលដៅទៅថ្ងៃអនាគតរបស់នាងដែរ។ មែនទែនទៅ វាអាស្រ័យទៅលើបុគ្គលជាស្វាមី និង ភរិយាត្រូវចេះពិគ្រោះ និង ឲ្យពេលវេលាគ្នាទៅវិញទៅមក។ ស្វាមី​នាងតែងទុក ចន្លោះពេលវេលាជាច្រើនដល់នាង ដើម្បីមើលមេ​រៀន និង​ ធ្វើកិច្ចការសាលា ហើយជាលទ្ធផលនាងបានពិន្ទុល្អ និង ជានិស្សិតពូកែម្នាក់ផងដែរ។ លើសពីនេះទៅទៀត ស្វាមីនាងក៏ជាមនុស្សម្នាក់ ដែលតែងតែដាស់តឿននាង ឲ្យប្រឹងប្រែងខ្នះខ្នែងចំពោះការសិក្សាថែមទៀតផង។

«ការរៀបការ វាហ៊ាក់ដូចជាការធ្វើជំនួញមួយ ដែលមនុស្សខំប្រឹងរកលុយយ៉ាងច្រើន ដើម្បីរៀបការតែក្នុងរយៈពេលមួយថ្ងៃ ដែលពេលខ្លះ គឺចំណាយលុយ លើសពីអ្វីដែលខ្លួនឯងមាន»។  នេះជាការយល់ឃើញ មួយបែបផ្សេងទៀតរបស់យុវវតី ​ដែលបានបន្តការសិក្សានៅក្រៅប្រទេស ផ្នែកប្រព័ន្ធផ្សព្វផ្សាយចម្រុះ កញ្ញា រស់ ម៉ារី។ ក្នុងវ័យ ២៧​ ឆ្នាំ កញ្ញាដែលមានមាឌមាំបន្តិចរូបនេះ មានទំនាក់ទំនងស្នេហា ជាមួយនឹងសង្សារប្រមាណជាកន្លះឆ្នាំមកហើយ ហើយគម្រោងរៀបការគឺជារឿងមួយដែលវែងឆ្ងាយ។

កញ្ញា ម៉ារី ពន្យល់ថា​ ការរៀបការគឺជារឿងរបស់មនុស្សពីរនាក់ ជួបមនុស្សដែលខ្លួនស្រលាញ់ គេត្រូវសួរខ្លួនឯងឲ្យច្បាស់ថា​ តើមានការប្តេជ្ញាចិត្ត រស់នៅជាមួយគ្នាបានរហូតដែរ ឫអត់ ហើយថាតើសម្រាប់ពេលខាងមុខ នៅតែចង់រៀបការជាមួយគ្នាទៀតដែរ ឫ ទេ? ហើយគម្រោង ទៅថ្ងៃអនាគតយ៉ាងណាដែរ?

ការសម្រេចចិត្តនៅលីវ មកទល់ពេលបច្ចុប្បន្ន ម៉ារី មើលឃើញពីផលវិជ្ជមានមួយចំនួន។ ទីមួយ ករណីដែលយើងមានដៃគូរស្នេហា យើងមិនសូវជួបមុខញឹកញាប់ ដែលអាចឲ្យយើងឆាប់ធុញទ្រាន់នឹងគ្នា ទីពីរ មានពេលវេលាស្វែងយល់ពីខ្លួនឯង ចំណាយពេលសម្រាប់ខ្លួនឯង និង ទីបី ការនៅលីវផ្តល់ឲ្យយើងនូវ ពេលមួយដែលយើងអាចធ្វើអ្វីសម្រាប់គ្រួសារ និង សងគុណពួកគាត់ មុននឹងយើងសម្រេចចិត្ត គេងផ្ទះផ្សេង រឺក៏រស់នៅផ្សេងពីពួកគាត់។

ទន្ទឹមគ្នានេះ និស្សិតផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត កញ្ញា សំ សម្ផស្សវតី គឺជាយុវតីម្នាក់ទៀត ដែលមិនទាន់សម្រេចចិត្តរៀបការ បើទោះកញ្ញា មានទំនាក់ទំនងស្នេហាជាមួយសង្សារ ប្រមាណជា៥ឆ្នាំមកហើយក្តី។ ការសម្រេចចិត្តមិនទាន់រៀបការ គឺជាអ្វីដែលកញ្ញា សំ សម្ផស្សវតី មើលឃើញថា ផ្តល់នូវគុណសម្បត្តិជាច្រើន ដូចជាមិនចាំបាច់បែកចែក ខួរក្បាល និង ការគិតគូរ លើរឿងរកលុយផ្គត់ផ្គង់គ្រួសារ ហើយផ្ទុយមកវិញ វាអាចឲ្យយុវតីគិតតែពីការសិក្សារបានច្រើន ។

កញ្ញា សំ សម្ផស្សវតី បញ្ជាក់ថា ៖ « នៅលីវនេះគឺខ្ញុំអាចមាន ពេលជាច្រើន សប្បាយជាមួយមិត្តភក្តិ និង ជាពិសេសគឺខ្ញុំជាមួយដៃគូររបស់ខ្ញុំ អាចស្វែងយល់ចិត្តគ្នាទៅវិញទៅមក បានកាន់តែច្រើន»។  និស្សិតឆ្នាំទី៤រូបនេះ ​មានគម្រោងរៀបការនៅពេល ដែលកញ្ញាបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ហើយមានការងារមួយច្បាស់លាស់ និង មានប្រាក់គ្រប់គ្រាន់ក្នុងការចាត់ចែង លើការរៀបការ និង ជីវិតគូរស្រករ។

ផ្ទុយទៅវិញ អ្នកនាង លី គឹមស្រួយ ដែលបានសម្រេចចូលរោងការ ជាមួយស្វាមី កាលពីជិតមួយឆ្នាំកន្លងទៅ បានលើកឡើងថា«ការរៀបការបើគិតថា វាផ្តល់ផលល្អគឺល្អ បើយើងគិតថាវាផ្តល់ ផលមិនល្អគឺមិនល្អ»។  គឹមស្រួយ​ ពន្យល់បន្ថែមថា កាលដែលចេះបែងចែក ពេលវេលាច្បាស់លាល់ នោះការរៀបការមិនមែនជាមូលហេតុ នាំឲ្យមានការប៉ះពាល់ដល់ការសិក្សាឡើយ។ ថ្វីបើអ្នកនាង មានស្វាមីហើយក៏ដោយ ក៏នាងនៅតែមានគម្រោង បន្តការសិក្សាផ្នែកឆ្មបរយៈពេល មួយឆ្នាំកន្លះទៀត ។

យ៉ាងណាក៏ដោយសម្រាប់ លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិ របស់អង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា  យល់ឃើញថា ការរៀបការហើយបន្តការសិក្សា ឬ សិក្សាចប់ហើយសឹមរៀបការ វាអាចផ្តល់ផលវិជ្ជមានតាមរូបភាពផ្សេងៗគ្នា។

លោកស្រី មានប្រសាសន៍ថា៖ « ស្រ្តីដែលរៀបការរួច គឺបានបង្ហាញដល់ដៃគូរ របស់គាត់ដូចជា មិត្តភក្តិ អ្នករួមការងារ ឬ កូនរបស់គាត់ ពីទំនួលខុសត្រូវក្នុងគ្រួសារ និងសង្គម​ »។  ពួកគេបានចូលរួមក្នុងការផ្លាស់ប្តូរ ផ្នត់គំនិតសង្គមដែលគិតថា ស្ត្រីជាពិសេសអ្នកដែលរៀបការរួច មិនមានតួនាទី ឬ​ កាតព្វកិច្ចទៅរៀន ឲ្យបានច្រើនពេកនោះទេ។

ផ្ទុយមកវិញ ស្រ្តីដែលមិនទាន់រៀបការ ដោយយល់ថារៀនចប់ហើយសឹមរៀបការនោះ ក៏ផ្តល់ផលវិជ្ជមានដល់ពួកគេផងដែរ ពោលគឺ​ ពួកគេមានពេលវេលាច្រើន ជាមួយមិត្តភក្តិ និង​ មានសេរីភាពទៅលើការគិត និង ជ្រើសរើសដៃគូដែលពួកគេពេញចិត្ត។

ជាថ្មីម្តងទៀត លោកស្រី រស់ សុភាព បានធ្វើការលើកទឹកចិត្ត ដល់គ្រប់ស្ត្រីទាំងអស់ សូមកុំគិតថាការអប់រំ និង ការអភិវឌ្ឍន៍ខ្លួន គឺមានដែនកំណត់ ពីព្រោះរាល់ទង្វើ និងសកម្មភាពប្រចាំថ្ងៃ សុទ្ធសឹងជាអ្វីដែលយើងអាច រៀនសូត្របាន ។ ដូច្នេះការរៀបការ មិនមែនជាអ្វីមួយដែលបង្ហាញថា ស្រ្តីមិនមានទំនួលខុសត្រូវ ឫ មិនអាចស្វែងររកចំនេះដឹង នៅថ្នាក់ឧត្តមសិក្សាបានឡើយ

ប្រភព៖ kramapost

  • សម្រាប់ម​នុស្សស្រី រៀបការហើយ រៀនបន្ត និង រៀនចប់សឹមរៀបការ មួយណាល្អ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: