សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១០)

...លក្ខខណ្ឌរបស់ប្រទេសចិន ចំពោះប្រទេសកម្ពុជា។ ដោយស្របគ្នាក្នុងឱកាស នៃការធ្វើដំណើររបស់ ប៉ុល ពត នៅប្រទេសចិន នាខែមិថុនា មានការចាប់ផ្តើមធ្វើ ចរចាសម្ងាត់ជាច្រើន ទាក់ទងទៅនឹងជំនួយយោធារបស់ចិន។ នៅខែសីហា និងខែតុលា អ្នកជំនាញការជាច្រើន ក្រុមនៃក្រសួងការពារ ប្រទេសចិនបានមកធ្វើ ការសិក្សាអង្កេតយ៉ាងស៊ីជម្រៅមួយស្តីពីសេចក្តីត្រូវការផ្សេងៗរបស់កម្ពុជាខាង វិស័យយោធា នេះដល់កន្លែងតែម្តង។ ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៧៥  អ្នកជំនាញការ ទាំងនោះ បានដាក់ជូន ក្រុងភ្នំពេញពិនិត្យនូវសេចក្តីព្រាងដំបូងមួយ នៃគម្រោងជំនួយយោធា ដើម្បីសុំការអនុម័តយល់ព្រម។

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៧៦ ស្ថានទូតចិននៅក្រុងហាណូយ បានដាក់ពាក្យបណ្តឹងជាផ្លូវការដំបូងរបស់ខ្លួនទាក់ទងទៅនឹងការបង្ខំ ឲ្យអាណិកជនចិននៅ វៀតណាមខាងត្បូង ចូលសញ្ជាតិវៀតណាម។ នៅថ្ងៃដដែលនោះ មេដឹកនាំជាន់ខ្ពស់ម្នាក់របស់កងទ័ពចិន បានធ្វើដំណើរជាសម្ងាត់មកកាន់ក្រុងភ្នំពេញ ដើម្បីសម្រេចបង្ហើយ កិច្ចព្រមព្រៀង ជំនួយ ផ្នែកយោធា។ វ៉ាង សាងរ៉ុង អគ្គសេនាធិការរង នៃកងទ័ពប្រជាជនចិន បានប្រាប់ សុន សេន រដ្ឋមន្រ្តីការពារ ប្រទេសកម្ពុជាប្រជាធិបតេយ្យ ឲ្យដឹងពីការសម្រេចចិត្ត របស់ចិន ក្នុងការប្រគល់ឲ្យមុនគេនូវកាំភ្លើងធំ នាវាល្បាតឆ្នេរសមុទ្រ និងប្រព័ន្ធផ្នែកការពារអាកាសផង។

ទីប្រឹក្សាចិនចំនួនប្រាំរយនាក់ នឹងត្រូវចាត់ឲ្យមកមកទទួលបន្ទុក បង្ហាត់បង្រៀនកងទ័ពខ្មែរក្រហម ពីរបៀបប្រើប្រាស់ សម្គាល់ទាំងនោះ។ វ៉ាង បានរំឭកពីការប្រគល់ សម្ភារសឹក ដែលគ្រោងសម្រាប់ឆ្នាំ១៩៧៧ និង១៩៧៨ ផងដែរ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៧៦ វ៉ាង និង សុន សេន បានចុះហត្ថលេ ខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយយោធាដោយគ្មានសំណងចំពោះប្រទេសកម្ពុជា។ សហប្រតិបត្តិការផ្នែកយោធា បានរីកលូតលាស់ក្នុងសភាពស្ងាត់កំបាំងបំផុត ក្នុងរបៀប ធ្វើយ៉ាងណាកុំឲ្យទាំងប្រទេសថៃ ទាំងវៀតណាមភ័យខ្លាច។

ការធ្វើឲ្យសមហេតុផល ដំបូងរបស់ពួកចិន ហាក់ដូចជាយល់ព្រមធ្វើតាមបំណងត្រឹមត្រូវ តាមច្បាប់របស់កម្ពុជា ក្នុងការប្រែក្លាយទ័ពព្រៃរបស់ខ្លួន ឲ្យទៅជាកងទ័ព រៀបរយមួយ ដែលអាចប្រឈមមុខ នឹងការកៀបសង្កត់ថ្មីៗ ក្នុងកិច្ចការការពារប្រទេស។ គ្មានអ្វីដែលត្រូវសង្ស័យឡើយថា ប្រទេសចិន មានបំណង ថ្លឹងឲ្យស្មើគ្នានូវវិសមតា យ៉ាងសម្បើមរវាងម៉ាស៊ីនសង្រ្គាមវៀតណាម ដែលគួរឲ្យស្បើមទាំង ចំនួនទាហាន ក៏ដូចចំនួនយទ្ធោបករណ៍ និងកងទ័ពខ្មែរមួយដែលមានអាវុធមិនគ្រប់គ្រាន់។
ពួកកុម្មុយនីស្ត វៀតណាមបានទទួលមរតក ជាគ្រឿងសព្វាវុធពីអតីតសាធារណរដ្ឋវៀតណាមខាងត្បូង ដែលមានតម្លៃប្រមាណ ៥កោដិដុល្លារអាម៉េរិក។ តាមគេយល់ប្រទេសចិនរបស់ ម៉ៅ ពុំមានទាំងមធ្យោបាយ ទាំងឆន្ទៈ ដើម្បីជំរុញខ្មែរក្រហម ឲ្យធ្វើការប្រឈមមុខមួយ ដោយអាវុធជាមួយវៀតណាមឡើយ។ ប្រទេសចិនគ្រាន់តែផ្តល់ «សាច់ដុំ» ឲ្យ      សម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ទប់ទល់ នឹងការគំរាមកំហែងជាយថាហេតុរបស់វៀតណាមប៉ុណ្ណោះ។

ទោះថាភាគល្អិតល្អន់ នៃការចរចាផ្នែកយោធា ត្រូវបានទុកជាសម្ងាត់ក៏ដោយ ក៏ជំហរគោលការណ៍របស់ចិន ដែលគាំទ្រប្រទេសកម្ពុជាទាំងស្រុង បានត្រូវលាត់ត្រដាង ជាសាធារណៈ និងជាឱឡារិកដែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៦ ក្រុងប៉េកាំង បានប្រារព្ធធ្វើពិធីបុណ្យខួបលើកទីមួយនៃ «ការរំដោះ» ទឹកដីរបស់ប្រជាជនកម្ពុជា យ៉ាងគគ្រឹកគគ្រេង។ នៅក្នុងឱកាសនោះ តាមរយៈសារលិខិតមួយដែលផ្ញើជូន ប៉ុល ពត, ម៉ៅ, ជូ អេនឡាយ, ជួតិ និង ហា្វ គូហ្វេង បានសម្តែងនូវការកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះ ការការពារយ៉ាងម៉ឺងមាត់ នូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីនិងឆន្ទៈរបស់គាត់ ដែលផ្តើមចលនា «ធ្វើឲ្យបដិវត្តន៍មានការប្រែប្រួល យ៉ាងស៊ីជម្រៅ» សម្រាប់ប្រទេសកម្ពុជា។

ដើម្បីបន្ថែមទម្ងន់ ឲ្យរឹតតែខ្លាំងក្លាឡើងទៀត ពួកមេដឹកនាំចិន បានសង្កត់បញ្ជាក់ពីឆន្ទៈ របស់ប្រជាជនខ្លួនថា «នឹងវាយប្រយុទ្ធស្មា ប្រកៀកស្មា ហើយបន្តដំណើរទៅមុខ» ជាមួយប្រជាជនកម្ពុជាជានិច្ច។ អាស្រ័យដូចនេះ នៅនិទាឃរដូវឆ្នាំ១៩៧៦ ប្រទេសកម្ពុជា បានក្លាយទៅជាកត្តាមួយ នៃភាពតានតឹងដ៏ចម្បង រវាងចិននិងវៀតណាម ប៉ុន្តែការធ្លាក់ចុះជាលំដាប់លំដោយនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានចាប់ផ្តើមមានតាំងពីមុនមកម្ល៉េះ។

ដោយពិត តាំងពីជ័យជម្នះ របស់ក្រុងហាណូយ លើភាគខាងត្បូង ហេតុផលដែលបណ្តាលឲ្យមានការអាក់អន់ចិត្តនឹងគ្នា បានត្រូវគេទុកឲ្យកន្លងផុតទៅ ដោយរកច្រកដោះស្រាយ មិនឃើញ។ ការអាក់អន់ចិត្តទាំងនោះ បាននាំបណ្តាល   ឲ្យមានការខ្វែងគំនិតគ្នា ជាសំខាន់ខាងផ្នែកនយោបាយ និងមនោគមវិជ្ជា រវាងបក្សទាំងពីរផងដែរ។

ការសម្រុកស្រទៅកោះស្ព្រាតលី៖ ប្រហែលបីសប្តាហ៍ មុនពេលដែលទង់កុម្មុយនីស្ត មិនទាន់បង្ហូតឡើងលើទីក្រុងព្រៃនគរ ដែលក្រោយមកត្រូវដាក់ឈ្មោះថ្មីថា ក្រុងហូជីមិញនោះ កងទ័ពម៉ារីនវៀតណាមខាងជើង បានដណ្តើមកាន់កាប់ប្រជុំកោះស្រ្ពាតលី ជាកម្មសិទ្ធិដែលកាន់កាប់ដោយកងទ័ពវៀតណាមខាងត្បូង រហូតមកទល់នឹងពេលនេះ។

ក្រុងហាណូយ ហាក់ដូចជាដឹងខ្លួនមុនថា សម័យតភ្ជាប់ (អន្តរកាល) និងមិនច្បាស់លាស់មួយ នឹងសណ្ឋិតមានបន្ទាប់ពីជ័យជម្នះ ហើយមានបំណងយកប្រៀប លើប្រទេសចិន ក្នុងការធ្វើជាម្ចាស់កោះទាំងឡាយ ដែលកំពង់ទាមទារដោយប្រទេសទាំងពីរ។ នៅថ្ងៃទី៥ ខែឧសភា វិទ្យុហាណូយ បានប្រកាសថា នៅថ្ងៃទី១១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មកទៀត «កងទ័ពរំដោះនិងកងម៉ារីន» បាន «រំដោះ» កោះចំនួនប្រាំមួយ នៃប្រជុំកោះស្រ្ពាតលីទាំងស្រុង។

ពីរថ្ងៃក្រោយមកសារព័ត៌មាន ផ្លូវការឈ្មោះ Saigon Giai Phong (ព្រៃនគរត្រូវរំដោះ) បានបោះពុម្ពផ្សាយ ផែនទីពណ៌មួយរបស់ប្រទេសវៀតណាម ដែលមានប្រជុំកោះ ស្រ្ពាតលីផង ប៉ុន្តែប្រជុំកោះប៉ារ៉ាសែល ដែលកាន់កាប់ដោយពួកចិន ក៏មានគូរបញ្ចូល ជាផ្នែកមួយនៃទឹកដីវៀតណាមដែរ។ ក្រុងប៉េកាំង បានរក្សាភាពស្ងៀមស្ងាត់មួយ ចំពោះឧបទ្ទវហេតុនេះ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំគ្រាន់តែបានដឹងពីមាត់រប់លោក លីន តេក្វាន ជាអ្នកឆ្លើយឆ្លង នៃទីភ្នាក់ងារព័ត៌មាន ស៊ីន ហួ នូវអ្វីដែលជា មនោសញ្ចេតនា ដ៏ជ្រាលជ្រៅរបស់ពួកចិន នៅពេលនេះថា «យើងបម្រុងខ្លួន ចាកចេញពីហាណូយ ដើម្បីទៅធ្វើទស្សនកិច្ចមួយ នៅភាគខាងត្បូងដែលទើបរំដោះ ទុកណា ជាយើងបានដឹងដំណឹងស្តីពី....(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១០)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១០)