វិធីបង្ការជំងឺរាក ដែលកើតឡើង ដោយសារ មេរោគ រ៉ូតាវីរូស

ភ្នំពេញ៖ អ្នកជំនាញ និងមានបទពិសោធន៍ ខ្ពស់ក្នុងការព្យាបាលជំងឺរាក បានបង្ហាញពីវិធីបង្ការ ការពារនូវរ៉ូតាវីរូស ដែលមេរោគនេះ គឺជាភ្នាក់ងារមួយក្នុងការ ចម្លងឲ្យក្មេងៗ កើតនូវជំងឺរលាក ក្រពះពោះវៀត ដែលប្រជាពលរដ្ឋទូទៅតែងតែហៅថា ជំងឺរាកនោះ។ តើអ្វីទៅជារ៉ូតាវីរូស?

ក្នុងសន្និសីទស្តីពី ការបង្ការកុំឲ្យកើតមានជំងឺរាក កើតឡើងដោយសាររ៉ូតាវីរូស នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នាសណ្ឋាគារភ្នំពេញ លោកវេជ្ជបណ្ឌិត ជឿន ជា ដែលជាគ្រូពេទ្យព្យាបាលជំងឺរាកនៅក្នុងមន្ទីរពេទ្យកុមារជាតិ  បានឲ្យដឹងថា រ៉ូតាវីរូស (Rotavirus) គឺជាមូលហេតុដ៏ចំបងមួយ នៃជំងឺរាក និងក្អួតធ្ងន់ធ្ងរ ក្នុងចំណោមកុមារតូចៗ និងកុមារក្មេងៗ។ ស្ទើរតែគ្រប់ក្មេងទាំងនៅលើពិភពលោក បានឆ្លងមេរោគរ៉ូតាវីរូសយ៉ាងតិច ១ដង នៅមុនអាយុ៥ឆ្នាំ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា “រ៉ូតាវីរូស ត្រូវបានចំលងតាមរយៈផ្លូវលាមក-មាត់ តាមរយៈដៃ ដែលមានប្រឡាក់មេរោគ និងឧបករណ៍ដែលមានប្រឡាក់មេរោគ ហើយវីរុសដែលបង្កឲ្យមានជំងឺរាកនេះ មានការឆ្លងខ្លាំងណាស់ ។ ក្នុងលាមកអ្នកជំងឺ ១ក្រាមអាចមានមេរោគរហូតដល់ទៅចំនួន ១សែនកោដិ (1trillion)។ ចំនួនវីរុសដែលអាចចំលងធ្វើឲ្យមនុស្សឈឺបាន គឺត្រូវការចំនួនតិចជាង ១០០ប៉ុណ្ណោះ”។

 លោកវេជ្ជបណ្ឌិត ជឿ ជា បានបញ្ជាក់ថា ពេលក្មេងៗឆ្លងមេរោគរ៉ូតាវីរូស គឺវាមានសភាពស្រាលរហូតដល់មានសភាពធ្ងន់ធ្ងរ ដែលស្តែងចេញជាអាការក្អួត ចង្អោ រាកទឹកៗ និងគ្រុនក្តៅតិចៗ ហើយកុមារចាប់ផ្តើមចេញរោគសញ្ញាក្រោយពេលដែលមេរោគបានចូលក្នុងខ្លួនរយៈពេលប្រហែល ២ថ្ងៃ ។

លោកវេជ្ជបណ្ឌិត អ៊ុន យូ ដែលជាគ្រូពេទ្យបម្រើការងារ នៅក្នុងមន្ទីរពេទ្យកុមារជាតិដែរនោះ បានលើកឡើងថា វិធីការពារជំងឺរាក មានចំនួន ៦ចំណុច ទី១. ការបំបៅកូនដោយទឹកដោះម្តាយ, ទី២. ការប្រើទឹកមានសុវត្ថិភាព, ទី៣. ការលាងដៃ, ទី៤. សុវត្ថិភាពម្ហូបអាហារ, ទី៥. ការប្រើប្រាស់បង្គន់អនាម័យ និងការបោះចោលលាមកមានសុវត្ថិភាព និងទី៦. ការផ្ដល់ថ្នាំបង្ការ ។

លោកបានបន្តថា “វិធីការពារជំងឺរាក គឺការចាក់វាក់សាំងហ្នឹងសំខាន់ជាងគេ, ការបំបោះដោះកូនដោយទឹកដោះម្តាយសុទ្ធ យ៉ាងតិចក៏ ៦ខែដែរ, ការលាងដៃឲ្យបានត្រឹមត្រូវស្អាតបាតមុនធ្វើម្ហូបអាហារឲ្យកូន ឬពេលចេញពីបង្គន់ជាដើម”។
 លោក លន ជី អ្នកគ្រប់គ្របទីផ្សាររបស់ក្រុមហ៊ុន GSK បានឲ្យដឹងថា ក្រុមហ៊ុន GSK មានចែកចាយនូវផលិតផលឱសថ និងវាក់សាំងបង្ការ មេរោគរ៉ូតាវីរូសនេះ ហើយគោលដៅរបស់ក្រុមហ៊ុន នៅឆ្នាំ២០២០ ធ្វើយ៉ាងណាឲ្យបានទៅដល់ ដៃយ៉ាងហោច ឲ្យបាន ៨០ភាគរយ នៃប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានករណី អ្នកជំងឺរាកមានប្រហែលជា ១.៧ពាន់លានករណី ជំងឺរាកមានកើតឡើង នៅទូទាំង ពិភពលោក ហើយជំងឺនេះ គឺជាមូលហេតុចំបង់ទី២ ដែលធ្វើឲ្យកុមារក្រោមអាយុ ៥ឆ្នាំស្លាប់នៅទូទាំងពិភពលោក ហើយវាជាអ្នក សម្លាប់កុមារចំនួន ៧៦០.០០០នាក់ជារៀងរាល់ឆ្នាំ ។ កុមារដែលស្លាប់ដោយសារ ជំងឺរាកសរុបមានចំនួន ច្រើនជាងការស្លាប់ ដោយសារ ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់បូកបញ្ជូលគ្នា៕

វិធីបង្ការជំងឺរាក ដែលកើតឡើង ដោយសារ មេរោគ រ៉ូតាវីរូស

វិធីបង្ការជំងឺរាក ដែលកើតឡើង ដោយសារ មេរោគ រ៉ូតាវីរូស