មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​អប់រំ​កុមារ​តាម​សាលា​អំពី​គុណភាព​ចំណី​អាហារ

មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនា​ការ​ចុះ​អប់រំ​កុមារ​នៅ​តាម​សាលា​មួយ​ចំនួន​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​គុណភាព​នៃ​ការ​ជ្រើស​យក​នំ​ចំណី ឬ​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែល​មាន​គុណភាព​មក​ទទួលទាន។ ព្រម​គ្នា​នេះ​ក៏​បាន​អំពាវនាវ​ដល់​គ្រូបង្រៀន និង​អាណាព្យាបាល​នៅ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​ពិនិត្យ និង​ផ្សព្វផ្សាយ​បន្ត​ដល់​កុមារ​តូចៗ នៅ​ផ្ទះ​ត្រូវ​ពិនិត្យ​មើល​នំ​ចំណី​ផ្សេងៗ ឲ្យ​មាន​ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ជ្រើស​យក​ទៅ​ទទួល​ទាន។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត ដែល​បាន​ចុះ​ផ្ដល់​ប្រឹក្សា ឬ​ការ​អប់រំ​ដល់​កុមារ​តូចៗ នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ កម្មករ ក្រុង​ព្រះសីហនុ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មីនា បាន​អំពាវនាវ​ដល់​អាណាព្យាបាល​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស និង​ក្រុម​អាជីវករ ត្រូវ​ពិនិត្យ​អំពី​គុណភាព និង​កាលបរិច្ឆេទ​មុខ​ទំនិញ​គ្រប់​ប្រភេទ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្លាក​សញ្ញា និង​កាលកំណត់​ប្រើប្រាស់​ត្រឹមត្រូវ មុន​នឹង​ទិញ​ឲ្យ​កុមារ​ទទួលទាន ឬ​ប្រើប្រាស់​ក្នុង​គ្រួសារ។ លោក​រំពឹង​ថា តាម​រយៈ​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល ចុះ​អប់រំ​ដល់​កុមារ​តូចៗ នៅ​តាម​សាលា​នឹង​អាច​ជួយ​ឲ្យ​កុមារ​តូចៗ បន្ត​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដល់​កុមារ​ផ្សេង​ទៀត​ដែល​នៅ​ផ្ទះ។

លោក ម៉ាង ស៊ីណេត សង្កត់​ធ្ងន់​ថា គ្រប់​ប្រភេទ​មុខ​ទំនិញ​ដែល​វេច​ខ្ចប់​មិន​បាន​ល្អ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ គ្មាន​ចុះ​ទីតាំង​ផលិត ឬ​ក្រុមហ៊ុន​ត្រឹមត្រូវ និង​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម ត្រូវ​ហាម​ដាច់ខាត មិន​ឲ្យ​យក​មក​ប្រើប្រាស់​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ «ប្រជាជន​គ្រប់​រូប មុន​នឹង​ទិញ​ផ្សេងៗ ឬ​មុខ​ទំនិញ​មក​ទទួលទាន​នៅ​តាម​គ្រួសារ​នីមួយៗ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ការ​វេច​ខ្ចប់ កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់ និង​កំប៉ុង​កំពិត​ជាដើម ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ទិញ​យក​ទៅ​ទទួលទាន​រួច​ហើយ មិន​ត្រឹម​ខូច​ដល់​សុខភាព​ទេ គឺ​ខូច​ដល់​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​នីមួយៗ​ថែម​ទៀត»

ទំនិញ​ខូច​គុណភាព ៨៥៥ ២០១៦
មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​នំ​ចំណី​ដែល​គ្មាន​គុណភាព​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

កុមារ​តូចៗ រៀន​នៅ​សាលាបឋមសិក្សា​កម្មករ​ដែល​ចូលរួម​ស្ដាប់​ការ​បង្ហាញ​របស់​មន្ត្រី​ជំនាញ ហាក់​មាន​ការ​ចាប់​អារម្មណ៍ និង​យល់​ដឹង​អំពី​ការ​ណែនាំ និង​ការ​អប់រំ​ទាក់ទង​ការ​ជ្រើស​យក​នំ​ចំណី កំប៉ុង ឬ​ដប​កំពិត និង​គ្រឿង​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ហួស​គុណភាព គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​លើស​ថ្ងៃ​កំណត់​ប្រើប្រាស់​ជាដើម នឹង​មិន​ទិញ​យក​មក​ទទួលទាន​ទៀត​ទេ។

អ្នកស្រី ដាន មុំ៖ «យើង​ត្រូវតែ​ជៀសវាង​ចំណីអាហារ​ទាំង​ឡាយ​ណា​ដែល​វេច​ខ្ចប់​មិនបាន​ល្អ គ្មាន​ស្លាក​យីហោ និង​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម គឺ​មិន​ត្រូវ​ទិញ​មក​ទទួលទាន ឬ​ប្រើប្រាស់​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ខូច​ដល់​សុខភាព។ ដូច្នេះ​មាតា​បិតា និង​គ្រូបង្រៀន​គ្រប់​រូប​ត្រូវ​ជៀសវាង​ទាំង​អស់​គ្នា ដើម្បី​ប្រជាពលរដ្ឋ និង​កុមារ​តូចៗ មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា»

​នាយិកា​សាលាបឋមសិក្សា​កម្មករ ក្រុង​ព្រះសីហនុ អ្នកស្រី ដាន មុំ ស្វាគមន៍​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល ដែល​ជ្រើស​យក​សាលា​អ្នកស្រី ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ឲ្យ​បាន​យល់ដឹង​ពី​ការ​ជ្រើស​យក​នំ​​ចំណី និង​អាហារ​ផ្សេងៗ ឲ្យ​មាន​គុណភាព  ដើម្បី​រក្សា​សុខភាព​ទាំង​អស់​គ្នា។ អ្នកស្រី​អំពាវនាវ​ដល់​អាណាព្យាបាល​គ្រប់រូប ពិសេស​លោកគ្រូ​អ្នកគ្រូ​នៅ​ទូទាំង​ប្រទេស ត្រូវ​ចូល​រួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​សុខភាព​កុមារ និង​ប្រជាពលរដ្ឋ​ទូទៅ​ទ​រស់​នៅ​មាន​សុខភាព​ល្អ។

បន្ថែម​លើ​នេះ អនុ​ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ស្ថាប័ន​នេះ​ក៏​បាន​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណភាព ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី និង​ហួសកំណត់​ប្រើប្រាស់​ប្រមាណ ២០​ប្រភេទ និង​មាន​ទម្ងន់​ប្រមាណ ២០០​គីឡូ ដែល​ចាប់​បាន​ពី​តាម​ទីផ្សារ​នានា នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចាប់​ពី​ដើម​ខែ​មករា រហូត​មក​ដល់​ខែ​មីនា។ លោក​បន្ត​ថា ការងារ​ចុះ​ពិសោធន៍ និង​ពិនិត្យ​មុខ​ទំនិញ​ផ្សេងៗ ដែល​អាជីវក​របោះ​ដុំ និង​លក់រាយ​នៅ​ផ្សារ​នា​មូលដ្ឋាន​នេះ ដើម្បី​រក​សារធាតុគីមី ឬ​មុខ​ទំនិញ​គ្មាន​គុណភាព និង​លើស​កំណត់​ប្រើប្រាស់​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ជា​រៀងរាល់​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។