ក្រសួង​ការបរទេស​ប្រកាស​ឲ្យ​យុវជន​ប្រលង​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អ.ស.ប

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ប្រកាស​ឲ្យ​យុវជន យុវនារី​ខ្មែរ ដាក់​ពាក្យ​ប្រលង​ចូល​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ (អ.ស.ប)។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា ការិយាល័យ​ធនធាន​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នឹង​រៀបចំ​ការ​ប្រលង​កម្មវិធី​វិជ្ជាជីវៈ​វ័យ​ក្មេង​ឆ្នាំ​២០១៦ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Young Professionals Programs (YPP) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦ ដើម្បី​ជ្រើសរើស​បេក្ខជន បេក្ខនារី​វ័យ​ក្មេង និង​មាន​សមត្ថភាព ពី​បណ្ដា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ទៅ​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ។

​បេក្ខជន បេក្ខនារី ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ឡើង​ទៅ និង​មាន​អាយុ​មិន​លើស​ពី ៣២​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ ហើយ​ចេះ​ភាសា​អង់គ្លេស និង​បារាំង ច្បាស់​លាស់។

​ក្រសួង​ការបរទេស​បញ្ជាក់​ថា ក្នុង​ករណី​មាន​បេក្ខជន​កម្ពុជា លើស​ពី ១៥​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រលង ហើយ​មាន​បំណង​ចង់​ប្រលង​វិញ្ញាសាសរសេរ​នៅ​កម្ពុជា រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​មាន​មណ្ឌល​ប្រលង​នៅ​កម្ពុជា តាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​សម្រួល​ដល់​ការ​ប្រលង​របស់​បេក្ខជន បេក្ខនារី។​

​ចំពោះ​មុខ​ជំនាញ​ដែល​ត្រូវ​ជ្រើសរើស និង​ព័ត៌មាន​លំអិត​អំពី​មណ្ឌល​ប្រលង អង្គការ​សហប្រជាជាតិ នឹង​ប្រកាស​ផ្សាយ​នៅ​ដើម​ខែ​មេសា លើ​គេហទំព័រ careers.un.org/ypp

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។