គណៈ​មេធាវី​ព្រមាន​ចាត់​វិធានការ​ចំពោះ​មេធាវី​ប្រកប​វិជ្ជាជីវៈ​ខុស​ច្បាប់

គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមាន​ចាត់​វិធានការ​ចំពោះ​មេធាវី​រូប​ណា​ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី ដោយ​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ការិយាល័យ​វិជ្ជាជីវៈ។

សេចក្ដី​ជូន​ដំណឹង​របស់​គណៈ​មេធាវី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​សហភាតា ឬ​សមាជិក​គណៈ​មេធាវី​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ការិយាល័យ​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

គណៈ​មេធាវី​បញ្ជាក់​ថា ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​គ្មាន​ការ​ចុះ​បញ្ជី​ការិយាល័យ​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី គឺ​ជា​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ខុស​ច្បាប់។

​គណៈ​មេធាវី​ណែនាំ​ឲ្យ​សមាជិក​គណៈ​មេធាវី​ដែល​មិន​ទាន់​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ការិយាល័យ​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា។

បច្ចុប្បន្ន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សមាជិក​ប្រមាណ ១​ពាន់​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ជិត ២០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។