ពលរដ្ឋ​មាន​ជម្លោះ​ដី​​នៅ​ត្បូងឃ្មុំ​ចាប់​រថយន្ត​ក្រុមហ៊ុន​ចិន​ពីរ​គ្រឿង​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ សម្រេច​បញ្ចូន​​រថយន្ត​ចំនួន ២​គ្រឿង របស់​បុគ្គលិក​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ហាមីនីវេន អ៊ិនវេសមេន (Hamenivent Investment) ទៅ​កាន់​សាលា​ស្រុក​តំបែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា។ បញ្ហា​នេះ​កើត​ឡើង​ក្រោយ​ពល​អ្នក​ភូមិ​ជាង ១០០​នាក់ ឃាត់​រថយន្ត​បុគ្គលិក​ក្រុមហ៊ុន​នេះ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយសារ​ពួកគេ​បើក​រថយន្ត​កិន​លើ​ដំណាំ​របស់​អ្នក​ភូមិ និង​ចូល​ទៅ​តំបន់​ដី​ជម្លោះ ហើយ​វាស់វែង​ដី​តំបន់​នោះ ព្រម​ទាំង​បោះ​បង្គោល​តម្រុយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បារម្ភ។

​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ ឬ​កិច្ច​សន្យា​ណា​មួយ​ដើម្បី​ឱ្យ​ភាគី​ក្រុមហ៊ុន​ចិន ហាមីនីវេន អ៊ិនវេសមេន បញ្ឈប់​សកម្មភាព​ចូល​ទៅ​តំបន់​ដី​ជម្លោះ​ទេ ពលរដ្ឋ​នឹង​មិន​ព្រម​ប្រគល់​រថយន្ត​ទៅ​ភាគី​ក្រុមហ៊ុន​ចិន វិញ​ឡើយ។

​តំណាង​ពលរដ្ឋ​មួយ​រូប លោក ចាន់ សុផល ឱ្យ​ដឹង​ថា នៅ​ពេល​អ្នក​ភូមិ​ឃើញ​សកម្មភាព​វាស់វែង​ដី​នៅ​តំបន់​ជម្លោះ ឬ​ជា​តំបន់​ដី​សហគមន៍​កើត​មាន​ឡើង ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​បន្ថែម​ទៀត ស្រប​ពេល​អ្នក​ភូមិ​កំពុង​ទាមទារ​រក្សា​ទុកជា​សម្បត្តិ​រួម។

លោក​បន្ត​ថា អ្នក​ភូមិ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ ម្យ៉ាង​ចង់​ឱ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចូល​ទៅ​តំបន់​ដី​ជម្លោះ​ត​ទៅ​ទៀត៖ «ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ក្រុមហ៊ុន​ទន្ទ្រាន​យក​ដី​សហគមន៍​ត​ទៅ​ទៀត ពីព្រោះ​ពី​មុន​មក ការ​ទន្ទ្រាន​របស់​វា​គឺ​មាន​ម្ដង​ជា​ពីរ​ដង»។

​ដី​ជម្លោះ​រវាង​ក្រុមហ៊ុន​ចិន ហាមីនីវេន អ៊ិនវេសមេន និង​ប្រជាពលរដ្ឋ​ពីរ​ភូមិ គឺ​ភូមិ​បុស្សស្នោ និង​ភូមិ​ស្រែប្រាំង រហូត​ឈាន​ទៅ​ចាប់​រថយន្ត​ក្រុមហ៊ុន​ចិន ពីរ​គ្រឿង​ពេល​នេះ លើ​ទំហំ​សរុប ៥៨៥​ហិកតារ។ ជម្លោះ​នេះ កើត​ឡើង​ក្រោយ​ពេល​ដី​តំបន់​មួយ​ចំណែក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន កាល​ពី​ឆ្នាំ​២០១២ ហើយ​ពលរដ្ឋ​ខ្លះ​ក៏​បាន​ប្រាក់​មួយ​ចំនួន​ពី​ការ​ផ្ដល់​ស្នាម​មេដៃ​ឱ្យ​អាជ្ញាធរ​ពេល​នោះ​ដែរ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​បកប្រែ​ភាសា​ចិន របស់​ក្រុមហ៊ុន​ចិន មួយ​នេះ លោក លី ហ៊ាង បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។

​ចំណែក​អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ មិន​មាន​ប្រសាសន៍​យ៉ាង​ណា​ឡើយ ដោយ​លោក​ថា កំពុង​ប្រជុំ​លើ​បញ្ហា​នេះ។

​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន នៅ​តែ​មិន​អាច​ដោះស្រាយ​បាន បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ជា​ច្រើន​លើក​ច្រើន​សា​ក៏ដោយ។ មិន​តែប៉ុណ្ណោះ​ពេល​ខ្លះ​ប្រជាពលរដ្ឋ​បាន​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មក​រក្សាទុក និង​ពេល​ខ្លះ​ទៀត មាន​ជា​អំពើ​ហិង្សា​រវាង​អ្នក​ភូមិ និង​តំណាង​ក្រុមហ៊ុន​ទៀត​ផង ប៉ុន្តែ​ដំណោះស្រាយ​នៅ​តែ​គ្មាន។

​ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក ប៊ូ វីរៈ យល់​ថា មូលហេតុ​នៃ​ការ​ចាប់​រថយន្ត​របស់​បុគ្គលិក​ក្រុមហ៊ុន​ចិន គឺ​ដោយសារ​តែ​សំណុំរឿង​ជម្លោះ​ដីធ្លី​នេះ អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វ​គ្រប់៖ «ព្រោះ​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ ហើយ​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ក្ដៅ​គគុក​ចំពោះ​ការងារ​ហ្នឹង»

​លោក​បន្ថែម​ថា ត្បិត​តែ​ជម្លោះ​ដីធ្លី​នេះ មិន​អាច​ឈាន​ទៅ​រក​បដិវត្តន៍​ដីធ្លី​កើត​ឡើង​ក៏ដោយ ប៉ុន្តែ​លោក​បារម្ភ​ថា ប្រសិនបើ​បញ្ហា​នេះ មិន​អាច​ដោះស្រាយ​បាន​វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ម្យ៉ាង​វា​អាច​ឈាន​ទៅ​រក​អំពើ​ហិង្សា​ណា​មួយ​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។