ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​ជាប់​ព្រំដែន​នឹង​ត្រូវ​ដក​ហូត

ដី​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ឈ្មោះ ដាយ ដុង យឿង ខមឺសល យ៉ញ ស្ដុក (Dai Dong Yoeurng Commercial Yornh Stock Co., Ltd.) ជាង ៨០០​ហិកតារ មាន​ទីតាំងនៅ​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ស្រុក​ដាក់កឺ ប្រទេស​វៀតណាម នឹង​ត្រូវ​ដក​ហូត​តាម​លិខិត​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

​​មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា អនុក្រឹត្យ​ស្ដីពី​ការ​ដក​ហូត​ដី​សម្បទាន​របស់​ក្រុមហ៊ុន​វៀតណាម មួយ​នេះ អាជ្ញាធរ​ខេត្ត​បាន​ទទួល​ហើយ​កាល​ពី​ដើម​ខែ​មីនា ក៏ប៉ុន្តែ​បែបបទ​នៃ​ការ​ដក​ហូត​ដី​នោះ​មិន​ទាន់​ដឹង​នៅ​ឡើយ។

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ថា មន្ទីរ​កសិកម្ម​បាន​ទទួល​​​លិខិត​ជូន​ដំណឹង​នេះ​ពី​អាជ្ញាធរ​ខេត្ត​ក្នុង​នោះ​ដី​ចម្ការ​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ដាំ​ដុះ​រួច​ជាង ៨០០​ហិកតារ​នឹង​ត្រូវ​ដក​ហូត។ លើស​ពី​នេះ​ទៀត រាជរដ្ឋាភិបាល​មាន​គោលការណ៍​សង​ប៉ះប៉ូវ​តម្លៃ​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​បាន​ចំណាយ ក៏ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​កម្រិត​ណា​មិន​មាន​លិខិត​បទដ្ឋាន​បញ្ជាក់​ឲ្យ​ទាន់​ដឹង​នៅ​ឡើយ៖ «មាន​អនុក្រឹត្យ​មួយ​សេចក្ដី​ជូន​ដំណឹង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដាយ ដុង យឿង នៅ ៨០០​ហិកតារ​យើង​ប៉ះប៉ូវ​សង»

​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុង យឿង កាល​ពី​ឆ្នាំ​២០០៨ បាន​ស្នើ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​អូរយ៉ាដាវ មាន​ផ្ទៃ​ដី​ជិត ៥.០០០​ហិកតារ ដើម្បី​ដាំ​កៅស៊ូ ស្វាយចន្ទីរ និង​ចិញ្ចឹម​សត្វ ក៏ប៉ុន្តែ​រហូត​​បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​បាន​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់ និង​រក្សាទុក​ដី​ដែល​ក្រុមហ៊ុន​ដាំ​កៅស៊ូ​បាន​ជាក់ស្ដែង​ប្រមាណ ៨០០​ហិកតារ​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​មាន​រឿង​អាស្រូវ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដាយ ដុង យឿង សុំ​អធិប្បាយ​ជុំវិញ​ការ​សម្រេច​ដក​​ហូត​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​នេះ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។

​ទាក់ទិន​ការ​ដក​ហូត​ដី​សម្បទាន​នេះ​ដែរ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ទទួល​ស្គាល់​ថា លោក​បាន​ឃើញ​អនុក្រឹត្យ​ដក​ដី​សម្បទាន​ក្រុមហ៊ុន ដាយ ដុង យឿង ដែរ ​ក៏ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​ជាក់លាក់​ពី​ចំណាត់​ការ​បែប​ណា​ទៅ​លើ​អនុក្រឹត្យ​នោះ​ទេ៖ «ខ្ញុំ​មិន​ច្បាស់​ដែរ​ទេ ខ្ញុំ​ឃើញ​កូនចៅ​វាត់​អាប់ wathsApp ឲ្យ​ដែរ​ទេ ខ្ញុំ​សួរ​នាំ»

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា បាន​ផ្ញើ​លិខិត​ទី​ពីរ​តាម​រយៈ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន លើក​​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺ​សំណួរ​ហេតុ​អ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម ទទួល​បាន​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី? តើ​មាន​វត្តមាន​កងទ័ព​វៀតណាម នៅ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី ឬ​ទេ? តើ​រាជរដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ខេត្ត​រតនគិរី ឬ​ទេ?

​ឆ្លើយ​តប​ករណី​នេះ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​​​បញ្ជាក់​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​បែប​រដ្ឋបាល​ទៅ​សភា​រួច​ហើយ ចំណែក​សំណួរ​របស់​​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​ជាន់​ខ្ពស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នឹង​ពិនិត្យ​ស្រាវជ្រាវ​មុន​នឹង​ឆ្លើយ​តប​បែប​ណា៖ «ផ្នែក​រដ្ឋបាល​គេ​ឆ្លើយ​តប​ភ្លាម បាន​គេ​ស្វែង​រក​ឯកសារ​ហើយ​ពិនិត្យ​មើល។ចំណែក​ការ​បំភ្លឺ​បែប​ណា​ជា​ការ​សម្រេច​របស់​សម្ដេច»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៨ ខែ​មីនា នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​ទទួល​បាន​លិខិត​បទដ្ឋាន​​​ទាក់ទិន​ទៅ​នឹង​វិធានការ​ដក​ហូត​ដី​សម្បទាន​ក្រុមហ៊ុន ដាយ ដុង យឿង នៅ​ឡើយ។ លោក​បន្ត​ថា ​ក្រុមហ៊ុន ដាយ ដុង យឿង ក៏​មិន​មាន​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ដី​សម្បទាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។