​សង្សារ​បង្ខំ​ឲ្យ​និយាយ​ពី​ស្នេហា​អតីតកាល តែ​បែរជា​ខឹង​នាង​ខ្ញុំ​

6 Videos


​គាត់​មាន​ទម្លាប់​អាក្រក់​មួយ​ធ្វើឱ្យ​នាង​ខ្ញុំ​ពិបាក​ទ្រាំ​គឺ​ចេះតែ​សួរដេញដោល​រឿង​អតីត​របស់​នាង​ខ្ញុំ​ហើយ​ពេលណា​សប្បាយចិត្ត​គឺ​មិន​អ្វី​ទេ ប៉ុន្តែ​ពេល​មិន​សប្បាយចិត្ត​វិញ​ក៏​លើកយក​បញ្ហា​អតីត​មក​និយាយ​ភ្លាម ។​

​នាង​ខ្ញុំ​និង​គាត់​ស្គាល់គ្នា​ហើយ​ស្រឡាញ់គ្នា​ជាង​មួយឆ្នាំ​មកហើយ នាង​ខ្ញុំជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ទើប​រកបាន​ការងារ​ធ្វើ ។ ចាប់តាំងពី​ស្រឡាញ់គ្នានាង​ខ្ញុំ​មិនបាន​ដើរលេង​ជាមួយ​មិត្តភក្តិ​ដូច​មុន​ទៀត​ទេ ចំណែក​ទំនាក់ទំនងនានា​ក៏ត្រូវ​កាត់ផ្តាច់បើ​ទោះ​ការងារ​បច្ចុប្បន្ន​របស់​នាង​ខ្ញុំ​ទាមទារ​ឱ្យមាន​ទំនាក់ទំនង​ទូលំទូលាយ ។ ក្រៅពី​ការរារាំង​មិនឱ្យ​នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ខាងក្រៅគាត់​នៅមាន​ទម្លាប់​មួយទៀត​គឺ​តែង​សួរ​ជីកឫស​ជីក​គល់​អំពី​ប្រវត្តិ​ស្នេហា​អតីតកាល​របស់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​ក៏បាន​រៀបរាប់​ប្រាប់​គាត់​ពី​រឿង​មួយ​ដល់​រឿង​មួយតាមតែ​ការ​ចង់ដឹង​របស់គាត់ប៉ុន្តែ​មានរឿង​ខ្លះ​ធ្វើឱ្យ​គាត់​ខឹងសម្បា​ក្រោយពី​បាន​ស្តាប់​រួច ។ ទន្ទឹមនឹងនេះ​គាត់​ក៏បាន​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន​របស់​នាង​ខ្ញុំ ។​

M88


​មិនយូរប៉ុន្មាន​ដោយសារតែ​ឃើញ​ស្ថានភាព​វិ​វ​ឌ្ឍ​ទៅរក​អវិជ្ជមាន​នាង​ខ្ញុំក៏បានផ្តល់​​យោបល់​ឱ្យ​គាត់​ កែ​ទម្លាប់​អាក្រក់​នេះ​ចេញ ប៉ុន្តែ​គាត់​ថា​ស្រឡាញ់​នាង​ខ្ញុំ​និងចង់ដឹង​រឿងរ៉ាវ​ទាំងអស់​របស់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់នឿយ​ខ្លាំងណាស់នៅពេលដែល​ត្រូវ​គាត់​បង្ខំ​ឱ្យ​រក​នឹក​រឿង​ពីមុនៗ​មក​និយាយប្រាប់​គាត់ ។ ខួរក្បាល​មនុស្ស​យើង​ក៏មាន​ការចងចាំ​ខុសៗ​គ្នា​ហើយប្រហែលជា​មិនមាន​អ្នកណាម្នាក់​អាច​ចងចាំ​រាល់​ហេតុការណ៍​ដែល​បានកើតឡើង​ពី​អតីតកាល​នោះដែរ ។ ពេលខ្លះ​នាង​ខ្ញុំ​រក​នឹក​រឿង​អតីត​មក​និយាយ​មិនបាន​គាត់​ចាប់ផ្តើម​និយាយថា​«​វា​មិនដែល ! អាយុ​ប៉ុណ្ណឹង​ហើយ​ឆ្លងកាត់​ស្នេហាបានតែ​ប៉ុន្មាន​រឿង​ហ្នឹង !» ។ មិនតែប៉ុណ្ណោះ​គាត់​ថែមទាំង​និយាយថានាង​ខ្ញុំប្រាកដជា​នៅមាន​រឿង​មនោសញ្ចេតនា​ច្រើន​ដែល​ត្រូវ​លាក់បាំង​មិនឱ្យ​គាត់​បានដឹងហើយ​ថា​​ខ្ញុំ​មិនបាន​សម្តែង​អំពី​ភាពស្មោះត្រង់​នឹង​គាត់ ។

​បច្ចុប្បន្ន​ស្ថានភាព​ទំនាក់ទំនង​របស់​យើង​បាន​ឈានទៅរក​ភាពអវិជ្ជមានមួយកម្រិត​ទៀតហើយ ដូច្នេះ​នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​សរសេរ​រៀបរាប់​អំពី​រឿងរ៉ាវមនោសញ្ចេតនា​របស់​នា​ង​ខ្ញុំ​និង​គាត់​បែបនេះ​សង្ឃឹមថានឹង​ទទួលបាន​យោបល់​ល្អៗក៏ដូចជា​ដំណោះស្រាយ​សមស្រប​សម្រាប់​នាង​ខ្ញុំ ។​

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​មនុស្ស​យើង​ម្នាក់ៗ​រស់នៅ​ដើម្បី​បច្ចុប្បន្ននិងអនាគត​គឺ​មិនមែន​ដើម្បី​អតីតកាល​ទេ ហើយ​អ្នកណា​ក៏មាន​អតីតកាល​ដែរ​គ្រាន់តែ​ថា​អ្នកខ្លះ​មាន​អតីតកាល​ល្អ អ្នកខ្លះ​មាន​អតីតកាល​មិនល្អ​ដូច្នេះ​ប្រការ​ដែលនាំឱ្យ​សង្សារ​របស់​នាង​ខឹងគឺអាច​បណ្តាលមកពី​នា​ង​បាន​អធិប្បាយ​ច្រើនពេក​អំពីអតីតកាល​មិនល្អ​របស់ខ្លួន​ទាក់ទិន​រឿង​ស្នេហា ។​​រឿង​មនោសញ្ចេតនា​ក៏ដូចជា​រឿង​ផ្សេងៗ​ការបូជា​របស់​មនុស្ស​ម្នាក់អាច​ត្រូវបាន​គេ​មើលឃើញថា​ជា​រឿង​ដ៏​អស្ចារ្យ​គួរ​កោតសរសើរ ប៉ុន្តែ​ក៏មាន​ករណីខ្លះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​ល្ងង់ខ្លៅ​ហើយ​អ្នក​ប្រហែលជា​កំពុងតែ​ស្ថិតក្នុង​ករណី​ទី ២ ។

ម្យ៉ាងទៀត​បើតាម​ខ្ញុំ​យល់​អ្នក​ទាំងពីរ ប្រហែល​មិនទាន់​យល់ច្បាស់​អំពី​អ្វី​ទៅ​ដែល​ហៅថា​ស្នេហា​ពិត​ទើប​មាន សកម្មភាព​ដូច​នាង​បាន​រៀបរាប់ ។ ស្រឡាញ់គ្នា​គឺ​មានន័យថា​បាន​រស់នៅក្បែរ​គ្នា​ដោយមាន​សុភមង្គល​ទាំង​ផ្លូវកាយនិង ផ្លូវចិត្ត មានការ​អធ្យាស្រ័យ​ការចែករំលែកនិង​ការផ្តល់​សេរីភាព​ដល់​គ្នា​ជាដើម ។ ស្នេហា​ពិត​មិនមែន​ស្ថិតនៅ​ក្នុងស្ថានភាព​បង្ខំចិត្តបង្ខំ​គ្នា​ឬមួយ​បូជា​និង​សម្បទាន​ដល់​គ្នា​ដោយមាន​អារម្មណ៍​ពិបាក​ទ្រាំ​នោះទេ ហើយ​នៅពេល​ស្នេហា​ស្ថិតក្នុង​ស្ថានភាព​បែបនេះវា​នឹង​ក្លាយជា​មូលហេតុ​នាំឱ្យមាន​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ជា​ហូរហែ​ក្នុង​ជីវិត ។

​យ៉ាងនេះ​ក្តី​អំពើ​ដែល​មិត្ត​ប្រុស​របស់​នាង​បានធ្វើវា​ក៏​ជា​សញ្ញា​មួយ​នៃ​សេចក្តីស្នេហាព្រោះ​វា​ជាការ​ប្រចណ្ឌ​មួយប៉ុន្តែ​​ប្រចណ្ឌ​បែប​អាត្មានិយម​ហួសហេតុ​ខ្លាំងពេកក៏​អាច​​បណ្តាលឱ្យ​មនោសញ្ចេតនា​មាន​បញ្ហា​កាន់តែច្រើន ។ ចំណែក​រូបនាង​វិញ ខ្ញុំ​មិនដឹងថា​រឿង​អតីតកាល​របស់​នាង​យ៉ាងណាទេ​ដែល​អាច​នាំឱ្យ​សង្សារ​ខឹងសម្បា​និងប្រចណ្ឌ​បែបនេះ​ឬមួយ​ថា​អតីតកាល​របស់​នាង​មាន​ភាពអវិជ្ជមាន​ច្រើន​ក្នុង​រឿង​ស្នេហា ដូចជា ធ្លាប់មាន​សង្សារ​ច្រើន​និង​ធ្លាប់​ក្បត់​ស្នេហា ។​ល​។

ប្រសិនបើ​ដូច្នេះមែន​ច្បាស់​ណាស់​វា​នឹងធ្វើ​ឱ្យ​សង្សារ​បច្ចុប្បន្ន​របស់​នា​ង​ប្រចណ្ឌ​ខឹងហើយកំពុងតែ​ធ្វើឱ្យ​មិត្ត​ប្រុស​របស់​នាង​មានការ​សង្ស័យ និង មិន​ទុកចិត្ត​លើ​ស្នេហាដែល​នាង​បានផ្តល់​ឱ្យ​គាត់ ។​
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​តាម​គំនិត​ខ្ញុំ​នៅពេលដែល​ត្រូវ​គាត់​សួរអំពី​រឿង​អតីតកាលល្អ​បំផុតនាង​កុំ​ប្រាប់​ពី​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន​ដែលមាន​ភាព​ផ្អែមល្ហែម​ជាមួយ​សង្សារ​ចាស់ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស ​រឿង​ស្នេហារបស់ខ្លួន​ដែល​នាង​ជឿថា​នឹងធ្វើ​ឱ្យ​គាត់​សប្បាយចិត្ត ដូចជា​ថា​នាង​ធ្លាប់ឆ្លងកាត់​រឿង​ស្នេហា​មួយចំនួន​ប៉ុន្តែ​ត្រូវ​បញ្ជាក់ថា​ស្នេហា​ទាំងនោះ​គ្រាន់តែ​បែប​ក្មេង​បៀម​ដៃ​និង​មិនមាន​អ្វីដែល​ហៅថា​ស្នេហា ។

ក្រៅពីនេះនាង​ក៏ត្រូវ​ចេះ​ប្រឌិត​រឿង​ខ្លះៗ​ដើម្បី​ជួយ​ឱ្យ​ស្នេហា​បច្ចុប្បន្ន​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ដូចជា​ប្រាប់​គាត់​ថា​តាំង​ពីមុនមក​នាង​មិន​ធ្លាប់បាន ស្រឡាញ់​បុរស​ណា​ម្នាក់​នោះទេ​រហូតដល់​បានមក​ជួប​គាត់ ។​ ​ប្រសិន​ការរៀបរាប់​របស់​នាង​នៅតែ​មិនបាន​ធ្វើឱ្យ​គាត់​ស្ងប់ចិត្ត និងកាន់តែ​ចង់ដឹង​ថែមទៀតរហូតដល់​មានការ​បង្ខំ​ដោយ​ខឹងសម្បា​នោះវាដល់ពេល​នាង​ត្រូវ​រក​ពេល​ប្រាប់​គាត់​អំពី​រឿង​ពិត​ពី​អតីតកាល ហើយ​រង់ចាំ មើល​ប្រតិកម្ម​របស់គាត់ ។ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ប្រសិនបើ​គាត់ កាន់តែ​ខឹងសម្បា​ដោយ​មិន​ស្តាប់​ការពន្យល់​របស់​នាងពេលនោះ​គាត់ប្រហែលជា​កំពុង​ត្រៀមខ្លួន​ដើម្បី​ដោះដៃ​ពី​នាង ។ ប្រសិន​យល់ថានាងកំពុង​ត្រូវ​គាត់​រំលោភ​ផ្នែក​ផ្លូវចិត្ត​ហួស ហេតុ​ពេក នាង​គួរ​ពិចារណា​អំពី​ការ​បែកផ្លូវ​គ្នាចៀសវាង​កើតរឿង​អាក្រក់​ជាង​នេះ​ក្រោយ​រៀបការ ៕​