ថែរក្សា​សម្រស់​ភ្នែក​ទាំង​គូរ​បស់​អ្នក​

6 Videos


ការថែរក្សា​ភ្នែក គឺជា​វិធី​តែមួយ​ធ្វើឱ្យ​ភ្នែក​ប្រែជា​ស្រស់ស្អាត ភ្លឺ​ថ្លា រលោង​គួរ​ជាទី​ទាក់​អារម្មណ៍ ។ លំ​ហាត់​ភ្នែក និង របប​អាហារ ជួយ​ឱ្យ​ភ្នែកមាន​សុខភាព​ល្អ ហើយ​ក្រៅពីនេះ​អ្នក​ក៏មាន​វិធី​ថែទាំ​ភ្នែក​ផ្សេងទៀត​ដែរ ដូចជា បិទ​ត្រសក់ ស្អំ​ទឹក​ត្រជាក់ និង គេង​ឱ្យបាន​គ្រប់គ្រាន់ ។

អាហារ​ជំនួយ​ភ្នែក​

M88


​កង្វះ​វីតាមីន និង សារធាតុ​រ៉ែ​ក្នុង​រាងកាយ​អាចជា​ហេតុ​បណ្តាលឱ្យ​ភ្នែក​ឡើង​ហើម មើល​មិន​ច្បាស់ និង មាន​ស្នាម​ខ្មៅ​ជុំវិញ​ប្រឡង់​ភ្នែក​។ អាហារ​ជំនួយ​សមត្ថភាព​មើល​ច្បាស់​នៃ​ភ្នែក គឺ​វីតាមីន​A(Vitamin A) ចំណែក​កត្តា​ដែល​ធ្វើ​ភ្នែក​ឡើង​ហើម និង ស្នាម​ខ្មៅ​ជុំវិញ គឺ​បណ្តាលមកពី​កង្វះ​វីតាមីន A (Vitamin A)​។ ដើម្បី​បំបាត់​នូវ​កង្វល់​ទាំងនេះ អ្នក​គួរ​ទទួលទាន​ផ្លែឈើ បន្លែ ត្រី ស៊ុត ទឹកដោះគោ និង ទឹក​ឱ្យបាន​ច្រើន ដើម្បី​ស្រូបយក​វីតាមីន សារធាតុ​រ៉ែ និង​ភាព​សំណើម​ដល់​រាងកាយ ។ គួរ​ចងចាំ​ផងដែរ ការផឹក​កាហ្វេ តែ និង ភេសជ្ជៈ​អាល់កុល​គួរ​កាត់បន្ថយ ឬ​ឈប់ ព្រោះ​វា​ជា​មូលហេតុ​ធ្វើឱ្យ​ភ្នែក និង ស្បែក​ប្រែជា​ស្រអាប់​មិន​ភ្លឺរលោង​ឡើយ​។​

លំ​ហាត់​ភ្នែក​
​ការហាត់​ភ្នែក (​ដូចជា​ប្រិច​ភ្នែក និង ក្រឡេក​ទៅ​ឆ្វេង​ស្តាំ ឬ​បង្វិល​គ្រាប់ភ្នែក​ជា​រង្វង់​) ពិតជា​ចាំបាច់​ណាស់ ពីព្រោះ​នេះ​ជា​វិធី​ព្យាបាល​ភ្នែក​ម្យ៉ាង និង ជួយ​ឱ្យ​ភ្នែក​បាន​សម្រាក និង មាន​ភាព​ស្រស់បស់​ឡើងវិញ​។ ជាការ​ល្អ នៅ​ពេក​ក្រោក​ឡើង​នៅពេល​ព្រឹក គួរប្រើ​ដៃ​ត្រដុស​គ្នា​ឱ្យ​ក្តៅ​រួច​យកមក​ស្អំ​ភ្នែក ឱ្យបាន​បួន​ប្រាំ​ដង ក៏​ជា​ទម្លាប់​រក្សា​សុខភាព​ភ្នែក​ដែរ​។​

​សម្រាក​ភ្នែក
​ដូច​អ្នក​បានដឹង​ស្រាប់​ហើយ​ការ​សំឡឹងមើល​កញ្ចក់​ទូរទស្សន៍ កុំព្យូទ័រ ឬ​ទូរស័ព្ទ​យូរ នឹង​ធ្វើឱ្យ​សាច់ដុំ​ភ្នែកមាន​ការនឿយហត់ និង មាន​សម្ពាធ​ដល់​ភ្នែក ។ ជាការ​ល្អ គួរ​សម្រាក​ភ្នែក​រៀងរាល់ ៣០ នាទី ឬ​យ៉ាងយូរ ១ ម៉ោង មក​សំឡឹង​រុក្ខជាតិ​បៃតង ឬ​លុបលាង​ភ្នែក​ដោយ​ទឹក​ត្រជាក់ ហើយ​គួរ​ទម្លាប់​ប្រិច​ភ្នែក​ញឹកញាប់​បន្តិច​នៅពេល​សំឡឹង ឬ​មើលសៀវភៅ ដើម្បី​ផ្តល់​សំណើម​ដល់​គ្រាប់ភ្នែក​។​

​តុបតែង​រោមភ្នែក និង ចិញ្ចើម
​រោមភ្នែក និង ចិញ្ចើម​ជា​បច្ច័យ​ដ៏​សំខាន់​នៃ​សម្រស់​រង្វង់​ភ្នែក​ទាំង​គូរ​បស់​ស្ត្រី ដូចនេះ​ស្ត្រី​គួរ​យកចិត្តទុកដាក់​តុបតែង​បន្តិច ដើម្បីឱ្យ​ភ្នែក​មើលទៅ​ឃើញ​ធំ និង ភ្លឺ​ថ្លា​។ គួរប្រើ​ស្រមោល​ភ្នែក​ឱ្យ​ដិត​បន្តិច ទើប​មើលឃើញ​ភ្នែក​ភ្លឺរលោង និង ជាប់​បានយូរ ហើយ​កុំ​ភ្លេច​គូរ និង សិត​ចិញ្ចើម​ឱ្យបាន​សម​នឹង​ទម្រង់​មុខ​ផង បន្ទាប់មក​ពត់​រោមភ្នែក និង ប្រើ​ម៉ា​ស្កា​រ៉ា​ធ្វើឱ្យ​រោមភ្នែក​ងរ និង ក្រាស់ និង​គូរ​រង្វង់​ភ្នែក​បន្ថែម ជាការ​ស្រេច​។

គេង​ឱ្យបាន​គ្រប់គ្រាន់​
​ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាលឱ្យ​ភ្នែក​ប្រែជា​ក្រហម រង្វង់​ភ្នែក​ឡើង​ខ្មៅ ហើម​ជុំវិញ​ភ្នែក និង ឈឺភ្នែក ក៏មាន ។ ដូចនេះ គួរ​គេង​ឱ្យបាន ៧ ទៅ ៨ ម៉ោង​ក្នុង​មួយថ្ងៃ ។ ការ​គេង​មិន​គ្រប់​ក៏​ធ្វើឱ្យ​ងាយ​នឹង​ឡើង​ជ្រួញ និង ទឹក​ដក់​ក្រោម​ភ្នែក​ផងដែរ ពី​ព្រោះតែ​បញ្ហា​ស្ត្រេ​ស៍​។​

ផលិតផល​
​មានដូចជា ថ្នាំ​បន្តក់​ភ្នែក ក្រែ​ម​កម្ចាត់​ជ្រួញ ក្រែ​ម​បំបាត់​ស្នាម​ខ្មៅ ជាដើម​។ ភ្នែក​ជា​សរីរាង្គ​ងាយ​នឹង​ប្រតិកម្ម ដូចនេះ មុននឹង​សម្រេច​ប្រើប្រាស់​ផលិតផល​ណាមួយ គួរ​យកចិត្តទុកដាក់​ឱ្យបាន​ដិតដល់ ។​

​ត្រសក់
​ផ្លែ​ត្រសក់​មាន​ប្រយោជន៍​ចំពោះ​ភ្នែក ដោយសារ​វា​សម្បូរ​ទៅដោយ​ជាតិ​សំណើម និង គុណប្រយោជន៍​ធ្វើឱ្យ​ស្បែ​កស បន្តឹង​ស្បែក និង កម្ចាត់​រង្វង់​ខ្មៅ និង ស្នាម​ហើម​ជុំវិញ​ភ្នែក​។ គួរ​ក្លាស្សេ​ត្រសក់​ឱ្យ​ត្រជាក់ ហើយ​កាត់​ត្រសក់​ជា​ចំណិត​រង្វង់​បិទ​លើ​ភ្នែក ទុកចោល​ប្រមាណ ១៥ នាទី រួច​លាង​ទឹក​ចេញ​។ ប្រសិនបើ​ធ្វើបែបនេះ​បានជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​ទទួលបាន​ភ្នែក​ដ៏​ស្រស់ស្អាត ភ្លឺ​ថ្លា គាប់ចិត្ត​មិន​ខាន​។​

​ទឹក​ត្រជាក់
​ទឹក​ត្រជាក់​អាចជួយ​កាត់បន្ថយ​សម្ពាធ​ភ្នែក​បាន ក្រោយពេល​ធ្វើការ​នៅមុខ​កុំព្យូទ័រ​យូរ​ម៉ោង​ហើយ​នោះ​។ វិធី​ធ្វើ គឺ​ត្រូវយក​ទឹក​ត្រជាក់​លុប​ភ្នែក ៤ ទៅ ៥ ដង នោះ​ភ្នែក​នឹង​បាន​ធូរស្រាល និង ស្រស់ថ្លា​ឡើងវិញ ។ គួរ​ប្រយ័ត្ន​ផងដែរ ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​មុននឹង​លុបលាង​ភ្នែក​។ លក្ខិណា