ឆ្កែ​ច្រមុះ​«ព្រែក» រក​បាន​ម្ចាស់​ថ្មី​ដ៏​ប្រសើរ​មួយ​រូប

មិនមាននរណាម្នាក់ ចង់ចិញ្ចឹម «Toby» ឆ្កែច្រមុះ«ព្រែក» ដែលត្រូវបានបំបរបង់ចោល កាលពី៤ឆ្នាំមុន​នោះ​ទេ។ ហើយ​ឆ្កែ​ដ៏​កំសត់ អាចនឹងត្រូវចាក់ឆ្នាំសម្លាប់ នៅគ្រប់ពេលវេលាទាំងអស់ ប្រសិនជាវាបង្ហាញ នូវសញ្ញា​មិន​ប្រក្រតី​ណា​មួយ។ ប៉ុន្តែ​ទីបំផុត «Toby» បានរកឃើញម្ចាស់របស់វាហើយ ... ហើយម្ចាស់ម្នាក់នេះ ថែមជា​ជន​ល្បី​ឈ្មោះ ខាង​ចិញ្ចឹម​សត្វ​​​ដែល​កើត​មក មានធម្មជាតិចម្លែកៗនោះ ថែមទៀតផង។
ឆ្កែ​ច្រមុះ​«ព្រែក» រក​បាន​ម្ចាស់​ថ្មី​ដ៏​ប្រសើរ​មួយ​រូប

«Toby» សត្វឆ្កែច្រមុះព្រែក ដែលទើបនឹងរកបានម្ចាស់ថ្មី ដ៏ពិសេសមួយរូប។ (រូបថតផ្តិតពីវីដេអូ)

ម្ចាស់ថ្មីរបស់ «Toby» ឆ្កែប្រភេទប៊ែរហ្សេរអូស្ត្រាលី ដែលមានច្រមុះព្រែក និងដែលត្រូវបានបំបរបង់ចោល កាល​ពីជាងបួនឆ្នាំមុន មានឈ្មោះថា ថូក រ៉េ (Todd Ray)។ ម្ចាស់ឯកត្តកម្ម «Guinness» ពិភពលោកឆ្នាំ២០១០ លោក រ៉េ ជាអ្នកមានជំនក់ចិត្ត ខាងការចិញ្ចឹមសត្វដែលកើតមក មានធម្មជាតិដ៏ចម្លែកៗ ដូចយ៉ាងពស់ក្បាលពីរ ជីងចក់មានជើងពីរ ឬថ្លែនមានកន្ទុយពីរជាដើម។ លោកថែមជាស្ថាបនិក នៃកម្មវិធី «freak show» ដែល​បញ្ចាំង​តាម​កញ្ចក់ទូរទស្សន៍ នៅសហរដ្ឋអាមេរិកនោះទៀតផង។

ប្រសិនបើ «Toby» មិនអាចរកបាន នូវគ្រួសារណាមួយ ដើម្បីយកវាទៅចិញ្ចឹមនោះទេ ឆ្កែច្រមុះ​ព្រែក​មួយ​ក្បាល​នេះ អាចនឹងត្រូវ​ចាក់ថ្នាំសម្លាប់ចោល។ ជាការរំលឹកឡើងវិញ កាលពីខែកញ្ញា ឆ្នាំ២០១៤ គេបានឃើញ «Toby» ដើរអនាថានៅតាមដងផ្លូវ នៃក្រុង «Fresno» ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។ តែ «Toby» មាន​សុខភាពល្អ និងលក្ខណៈសម្បត្តិដូចឆ្កែដទៃដែរ។ នៅខណៈពេលដែលក្រុមពេទ្យសត្វ ហៀបនឹងចាក់​ថ្នាំ​សម្លាប់ «Toby» ទៅហើយ រំពេចនោះ លោក ថូក រ៉េ បានទទួលអារម្មណ៍មួយប្លែក ជាមួយនឹង «Toby»។

លោក ថូក រ៉េ បានថ្លែងពន្យល់ប្រាប់ ទូរទស្សន៍ «BBC» ថា៖ «អ្វីដែលគួរឲ្យខ្លោចផ្សារបំផុតនោះ គឺអ្នកផង​គិត​តែ​ពី​ចង់សម្លាប់សត្វឆ្កែមួយក្បាល ដែលមានច្រមុះព្រែក តែគ្មាននរណាចង់ចិញ្ចឹមវាទេ ដោយគ្រាន់តែ លើកពី​មូលហេតុ​ថា សត្វឆ្កែនោះ មានធម្មជាតិចម្លែកខុសគេប៉ុណ្ណោះ»។

ពីពេលដែលលោក ថូក រ៉េ បានយក «Toby» មកចិញ្ចឹម សត្វឆ្កែចម្លែកមួយក្បាលនេះ មិនដែលបែក​ពីលោក​សូម្បី​បន្តិចឡើយ។ លោក រ៉េ ថែមទាំងយក «Toby» ទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ ធម្មជាតិ«មានតែមួយ» ឬ​«Venice Beach freakshow» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីក្រុងឡូសអេនជឺឡេសនោះទៀត។

សូមបញ្ជាក់ដែរថា លោក ថូក រ៉េ ធ្លាប់ទទួលបានឯកត្តកកម្ម ពិភពលោក ក្នុងឆ្នាំ២០១០ ពីសៀវភៅ «Guinness» ពិភពលោក ទាក់ទងនឹងជំនក់ចិត្តរបស់លោក ដែលចូលចិត្តយកសត្វ ដែលមានក្បាលពីរមក​ចិញ្ចឹម។ លោក​បាន​ចំណាយទុន​ប្រមាណជា ១៥០ ពាន់ដុល្លា ដើម្បីប្រមូលសត្វដ៏ចម្លែកៗ រហូតដល់​ទៅ ២២ក្បាល ពីជុំវិញ​ពិភពលោក យកមកចិញ្ចឹម៕

ឆ្កែ​ច្រមុះ​«ព្រែក» រក​បាន​ម្ចាស់​ថ្មី​ដ៏​ប្រសើរ​មួយ​រូប