អគ្គិភ័យ​ឆក់​យក​កាណូត​មួយ​គ្រឿង ថ្លៃ​ជិត​៣លាន​ដុល្លា

កាណូតឯកជន ដែលមានឈ្មោះ «Positive Energy» និងបណ្ដោយប្រមាណជា ២៣ម៉ែត្រ បានរង​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃអង្គារនេះ នៅក្នុងកំពង់ផែ «Charlotte Amalie» នៃ​ប្រជុំ​កោះ «Virgin Islands» (ភាគខាងត្បូង)​​សហរដ្ឋអាមេរិក។
កាណូតឯកជនឆេះ ក្នុងកំពង់ផែ«Charlotte Amalie» នៃប្រជុំកោះ «Virgin Islands» (ភាគខាងត្បូង)​សហរដ្ឋអាមេរិក។

ភាពស្ងប់ស្ងៀម នៃស្ថានសួគ៌លោកិយ៍ របស់ប្រជុំកោះ«Virgin Islands» របស់អាមេរិក (ដែលស្ថិត​ក្នុង​សមុទ្រ​ការ៉ាអ៊ីប ភាគអាគ្នេយ៍អាមេរិក) ត្រូវបានរំខាន ហើយត្រូវបានជំនួសមកវិញ ដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​កាណូតឯកជនមួយគ្រឿង ដែលមានតម្លៃដល់ទៅជិត៣លានដុល្លា បានរងអគ្គិភ័យឡើង យ៉ាង​សន្ធោសន្ធៅ។

កាណូត«Positive Energy» ដែលមានបណ្ដោយប្រមាណជា២៣ម៉ែត្រ បានឆេះជាអណ្ដាតភ្លើងឡើង យ៉ាង​ខ្មួល​ខ្មាញ់ ខណៈកាណូតនេះបានចូលមកចត នៅក្នុងកំពង់ផែ «Charlotte Amalie» នៃកោះ «Saint Thomas»។

បើតាមសារព័ត៌មាន «St Thomas Source» បានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រ «US Coast Guard» បាន​ជួយ​កង​កម្លាំង​នគរបាល និងក្រុមអ្នកជួយសង្គ្រោះឲ្យរំកិលកាណូតនេះ ទៅកាន់កន្លែងមួយ ដែលមិនប៉ះពាល់ ដល់​កាណូត​ដទៃទៀត ដែលកំពុងចតនៅក្បែរគ្នា មុននឹងចាត់វិធានការ ដើម្បីពន្លត់អគ្គិភ័យ។ គេនៅមិន​ទាន់​ដឹង​ថា តើអគ្គិភ័យនេះ បានឆាបឆេះឡើងបណ្ដាលពីអ្វីឡើយ។

នៅក្នុងរបាយការណ៍ដំបូងនេះ មិនមានសេចក្ដីរាយការណ៍ណាមួយ អះអាងពីជនរងគ្រោះឡើយ។ អ្នក​ទទួល​ខុសត្រូវ​មួយរូប បានថ្លែងថា៖ «កាណូតដទៃទៀត ដែលមានវត្តមាននៅក្នុងកំពង់ផែ និងបណ្ដាជនរស់​នៅ​ជុំវិញ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ»៕

-----------------------