ឆ្មាំសមុទ្រ​អាហ្សង់ទីន បាញ់​ពន្លិច​នាវា​នេសាទ​ចិន​ដ៏​ធំ​មួយ

នាវានេសាទចិនមួយគ្រឿង ដែលកំពុងធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកសមុទ្រ​សេដ្ឋកិច្ច របស់​ប្រទេស​អាហ្សង់ទីន (ទ្វីប​អាមេរិកខាងត្បូង) ត្រូវបានបាញ់ពន្លិច ដោយ​កងកម្លាំង​ល្បាត នៃ​ក្រុម​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​នេះ កាល​ពីថ្ងៃ​អង្គារ។ សេចក្ដី​រាយការណ៍ បានឲ្យដឹងថា នាវានេសាទបានព្យាយាម បាញ់ប្រហារមក​លើ​កង​កម្លាំង​ល្បាត​សមុទ្រ​អាហ្សង់ទីន ដែលបង្ខំឲ្យ​ក្រុមឆ្មាំ នៃ​ប្រទេស​នេះ ធ្វើការតបតរ។
រូបភាពជាវីដេអូ ស្ដីពីនាវានេសាទចិន ដ៏ធំមួយ ថតជាប់ និងផ្សាយដោយអាជ្ញាធរអាហ្សង់ទីន។

ជាចម្បាំងលើទឹក ក្នុងរយៈពេលដ៏ខ្លីមួយ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​លំហសមុទ្រ «Patagonie» នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងមហាសាគរអាត្លង់ទិក ភាគខាងត្បូង។ នៅ​ទីបំផុត​នៃ​ចម្បាំងនេះ នាវានេសាទចិន ដែលមានឈ្មោះ «Lu Yan Yuan Yu 010» ត្រូវបានបាញ់ពន្លិច ដោយ​ក្រុម​ឆ្មាំ​សមុទ្រ នៃប្រទេសអាហ្សង់ទីន បន្ទាប់ពីនាវានេះ បានព្យាយាមតដៃជាមួយនឹងអាជ្ញាធរ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរអាហ្សង់ទីន ប្រចាំតំបន់ឲ្យបានដឹងថា ពួកគេបានដឹងពីវត្តមាន របស់​នាវានេសាទនេះ ដែលចូលមកធ្វើការនេសាទ ដោយខុសច្បាប់ តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ នាវា​នេសាទ​បានព្យាយាមតដៃ ជាមួយនឹងក្រុមឆ្មាំសមុទ្រអាហ្សង់ទីន នៅខណៈពេល ដែលពួកគេទាមទារ ឲ្យមាន​ការ​ត្រួត​ពិនិត្យ​មួយ។ ដោយសារតែហេតុនេះ ទើបក្រុមអាជ្ញាធរ​បានធ្វើការផ្ទុះអាវុធ រហូតធ្វើឲ្យនាវានោះបានលិច ចូល​ទៅ​ក្នុង​សមុទ្រ។

មិនមានមនុស្សណាម្នាក់ ត្រូវបានរាយការណ៍ ថាបានរងគ្រោះ នៅក្នុងហេតុការណ៍នេះទេ។ អ្នកបើកបរ​នាវា​នេសាទ និងសមាជិកមួយចំនួនទៀត ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវយក ទៅឲ្យតុលាការអាហ្សង់ទីន ធ្វើការ​វិនិច្ឆ័យទោស។ ក្រៅពីនេះ សមាជិកមួយចំនួនទៀត ត្រូវបានជួយសង្គ្រោះដោយនាវាចិនផ្សេងទៀត ដែល​មាន​វត្តមាន នៅក្បែរនោះ។ បើតាមអាជ្ញាធរអាហ្សង់ទីន បានឲ្យដឹងថា នាវាចិនចំនួនពីរទៀត ក៏កំពុងធ្វើការនេសាទ​ដោយខុសច្បាប់ នៅក្នុងដែនទឹក​របស់ខ្លួនដែរ។

ចំពោះប្រទេសចិនវិញ បានសម្ដែងការព្រួយបារម្ភរបស់ខ្លួន នៅចំពោះហេតុការណ៍នេះ។ នៅលើ​គេហទំព័រ​ផ្លូវការ របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា មនុស្សនៅលើនាវាមានចំនួន ៣២នាក់ ខណៈ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយឆ្មាំសមុទ្រអាហ្សង់ទីន។ អ្នកនាំពាក្យក្រសួង​ការបរទេសចិន អ្នកស្រី លូ កាំង បានពន្យល់​ កាល​ពី​ថ្ងៃ​ពុធ (ស្អែកឡើង) ស្នើសុំឲ្យប្រទេសអាហ្សង់ទីន បើកការស៊ើបអង្កេតមួយ ឲ្យបានឆាប់រហ័ស និង​ស៊ី​ជម្រៅ អំពី​ករណីខាងលើ៕