បើ​សូម្បី​ពេល ណីម៉ា កម្ដៅ​សាច់​ដុំ ក៏​អស្ចារ្យ…

នៅលើទីលានប្រកួត ណីម៉ា (Neymar) កីឡាករអន្តរជាតិវ័យក្មេង មកពីប្រទេសប្រេស៊ីល បានបង្ហាញ​ពីភាព​អស្ចារ្យ​របស់​ខ្លួន ទាក់ទងនឹងការបណ្ដើរបាល់ គ្រប់គ្រងបាល់ ការបញ្ជូន និងការទាត់បញ្ចូលទីជាដើម។ ប៉ុន្តែ​នេះ ជា​រូបភាព ដែល​បង្ហាញ​ពី​ការ​កម្ដៅ​សាច់ដុំ របស់កីឡាកររូបនេះ នៅមុនការប្រកួតមកដល់ កាល​ពីថ្ងៃពុធ​កន្លង​មក។
ការបញ្ចេញទេពកោសល្យ ដែលគ្រាន់តែជាការកម្ដៅសាច់ដុំ នៅមុនការប្រកួតមកដល់។

ទស្សនិកជន ដែលមកទស្សនាដោយផ្ទាល់ នូវការប្រកួតរវាង ក្រុមបាសឺឡូន (Barcelone) និងក្រុម​អាសឺណល (Arsenal) កាលពីថ្ងៃពុធទី១៧ ខែមីនានេះ ពិតជាបានសប្បាយភ្នែកមិនស្ទើរទេ ដោយឃើញ កីឡាករ ណីម៉ា (Neymar) បានបង្ហាញ ពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន ដើម្បីជាការកម្ដៅសាច់ដុំ នៅមុន​ការ​ប្រកួត​មក​ដល់។

បើមើលវីដេអូខាងលើ ណីម៉ា មិនគ្រាន់តែជា កីឡាករបាល់ទាត់ប៉ុណ្ណោះទេ តែយុវជនអាយុ ២៤ឆ្នាំរូបនេះ ក៏​ជា​សិល្បករម្នាក់ដែរ។ នេះបង្ហាញឲ្យគេឯងកាន់តែដឹងថា បើសិនជាកីឡាករ មានបាល់នៅក្នុង​ជើងទាំងពីរ​របស់​ខ្លួន ប្រាកដណាស់ហើយថា កីឡាករពិតជាមានវិធី ដើម្បីរក្សា បណ្ដើរ មុននឹងទាត់វាបញ្ចេញទៅ។

នៅក្នុងការប្រកួត នាកីឡាដ្ឋាន កំព្នូ (Camp Nou ក្នុងក្រុងបាសឺឡូន ប្រទេសអេស្បាញ) ជាមួយក្រុម អាសឺណល់ គឺកីឡាកររូបនេះហើយ ដែលរកគ្រាប់បាល់បានមុនគេ ឲ្យក្រុមបាសឺឡូន នៅនាទីទី១៨ ជាមួយ​នឹង​បាល់ ដែលទាត់បញ្ជូនមកឲ្យ ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ ប៉ុន្តែនៅសល់ថ្វីជើង ជា​ច្រើន​រាប់​មិន​អស់​ទៀត ដែលកីឡាករ ណីម៉ា មិនសូវជាធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ខកចិត្ត​ម្ដង​ណា​ឡើយ៕