លោក គាត ឈន់ លោក ហោ ណាំហុង និង​លោក អ៊ឹម ឈុនលឹម នឹង​បាន​សម្រាក​ច្រើន

ពី​ឆ្វេងទៅ​ស្តាំ៖ លោក ហោ ណាំហុង លោក គាត ឈន់ និងលោក អ៊ឹម ឈុនលឹ​មន្ត្រីជាន់ខ្ពស់​ចាស់វស្សា​៣​រូប​របស់​រដ្ឋាភិបាល គឺ​លោក គាត ឈន់ លោក អ៊ឹម ឈុនលឹម និង​លោក ហោ ណាំហុង នឹង​បាន​សម្រាកកាយ​ច្រើន​ពី​កិច្ចការ​នយោបាយ បន្ទាប់ពី​ឥស្សរជន​ទាំងនេះ បាន​ស្នើសុំ​បញ្ចប់​មុខងារ​របស់ខ្លួន​ពី​ស្ថាប័ន​ជាតិ​។ នេះ​បើតាម​បញ្ជី​ឈ្មោះ​មួយ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅកាន់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លើ​ការសម្រួល និង​បំពេញបន្ថែម​នូវ​សមាសភាព​រដ្ឋាភិបាល​។​

​បញ្ជី​ឈ្មោះ​ដែល​ផ្សាយ​ដោយ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែមីនា បាន​សុំ​ឲ្យ​សភា រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការសម្រួល និង​បំពេញបន្ថែម​នូវ​សមាសភាព​រដ្ឋាភិបាល ដែលមាន​ចំនួន​២៤​រូប​។​

​ក្នុងចំណោម​ឥស្សរជន​ទាំងនោះ លោក គាត ឈន់ លោក អ៊ឹម ឈុនលឹម និង​លោក ហោ ណាំហុង គឺជា​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ជាងគេ ដែលមាន​ឱកាស​សម្រាក​ពី​កិច្ចការ​នយោបាយ​បាន​ច្រើន ប៉ុន្តែ​ឥស្សរជន​ទាំងបី​រូប​សុទ្ធតែ​ស្ថិត​ក្នុងចំណោម​ជា​សមាជិក​ជាន់​ខ្ពស់ជាង​៣០​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រធាន និង​សម្តេច ស ខេង និង​សម្តេច សាយ ឈុំ ជា​អនុប្រធាន​។​

​យោងតាម​លិខិត​របស់​សម្តេច ហ៊ុន សែន លោក គាត ឈន់ វ័យ​៨១​ឆ្នាំ នឹងត្រូវ​បញ្ចប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​។ លោក​គឺជា​អ្នកនយោបាយ​ជើងចាស់​ម្នាក់ ហើយ​បាន​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៣ មុននឹង​ទទួលបាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​។ បច្ចុប្បន្ន​លោក​ក៏​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​

​លោក ហោ ណាំហុង វ័យ​៨០​ឆ្នាំ បានស្នើ​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨​មក​។ ប៉ុន្តែ​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ដែល​ត្រូវបានតែងតាំង​ចាប់ពី​ឆ្នាំ​២០០៤​មក ត្រូវ​រក្សា​នៅ​ដដែល​។ ជាមួយគ្នានេះ លោក​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ផងដែរ​។​តំណែង​លោក ហោ ណាំហុង នឹងត្រូវ​ជំនួស​ដោយ លោក ប្រាក់ សុខុន ដែល​ផ្ទេរ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ដោយឡែក លោក អ៊ឹម ឈុនលឹម ដែលមាន​វ័យ​ជិត​៨០​ឆ្នាំ​ផងដែរ​នោះ នឹងត្រូវ​បញ្ចប់​មុខងារ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ន​ដី​នគរូបនីយកម្ម និង​សំណង់ ដែល​លោក​បាន​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​តំណែង​របស់លោក​នឹងត្រូវ​ជំនួស​ដោយ​លោក ជា សុផារ៉ា ដែល​ផ្ទេរ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

ពិធី​ផ្លាស់​ប្តូរ​ និងកែសម្រួល​ការងារគណៈ​រដ្ឋមន្ត្រី​នឹងប្រព្រឹត្ត​ទៅនា ខាងមុខនេះ៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​