លោក ជា ចំរើន លាលែង​ពី​តំណែង​ប្រធាន​បក្ស តាម​សំណើ​មហាជន​

​លោក ជា ចំរើន ស​ម្រ​ច​ចិត្ត​បោះបង់​តំណែង​ជា​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ដែល​លោក​ទើបតែ​បង្កើត​ដោយ​ខ្លួនឯង​។ លោក​ថា ការចាកចេញ​ពី​តំណែង​កំពូល​ក្នុង​បក្ស​នេះ គឺ​ដើម្បី​ជា​គំរូ​ដល់​អ្នកនយោបាយ​គ្រប់រូប​។ ក្រោយពី​បញ្ចប់ជីវិត​នយោបាយ លោក នឹង​វិលត្រឡប់​ទៅធ្វើជា​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​សាជាថ្មី​។​

​ការសម្រេចចិត្ត​របស់​លោក ជា ចំរើន ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ធ្វើឡើង​បន្ទាប់ពី​មហាជន​ភាគច្រើន​បានស្នើ​ឲ្យ​លោក​បញ្ចប់ជីវិត​នយោបាយ​។ ការទទួលបាន​សំណើ​ដូច្នេះ ដោយសារតែ ពេល​ថ្មីៗ​នេះ លោក​បាន​សួរ​មតិ​ពី​មហាជន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​តើ​ឲ្យ​ខ្ញុំ​នៅ​ធ្វើ​នយោបាយ​ឬ​ឲ្យ​ខ្ញុំ​លាលែង​ពី​គណបក្ស​?»

​ជា​លទ្ធផល អ្នក​ដែល​យល់ព្រម​ឲ្យ​លោក​បន្តជីវិត​ន​យោ​យ​បាយ មាន​៤៧.៤៥% ហើយ​អ្នក​ដែល​ស្នើ​ឲ្យ​លោក​ចាក​ចេញពី​បក្ស មាន ៤៩.២៧ ភាគរយ​។ ចំណែកឯ អ្នកផ្តល់​មតិ​ផ្សេងៗ ក្រៅពី​លក្ខខណ្ឌ​ខាងលើ មាន ៣.២៨ ភាគរយ ។ នេះ​ជា មូលហេតុ​ដែល​លោក​ត្រូវតែ​លាឈប់​ពី​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព​តាម​សំណូមពរ​របស់​ប្រជាជន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​សុក្រ​នេះ លោក ជា ចំរើន អះអាងថា មូលហេតុ​មួយទៀត ដែល​ញ៉ាំង​ឲ្យ​លោក ត្រូវតែ​បែរខ្នង​ដើរចេញ​បក្ស គឺ​ក្រុមមនុស្ស​មួយចំនួន នៅតែ​លាប​ពណ៌​លោក​ថា បង្កើត​បក្ស​ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាងនេះទៀត លោក ក៏​ធុញទ្រាន់​នឹង​ជីវិត​នយោបាយ​ដែរ ដែល​បាន​បូជា​ពេលវេលា​របស់ខ្លួន ជាច្រើន​ទសវត្សរ៍ ដើម្បី​ឈរជើង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​រហូត​ចេញមក​បង្កើត​បក្ស​ដោយ​ខ្លួនឯង​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ទោះបី​ខ្ញុំ​ធ្លាប់​អះអាង​ហើយ ថា​ខ្ញុំ​មិនមែន​បង្កើត​បក្ស​ដើម្បី​បំបែក​សំឡេង​ទេ តែ​គេ​នៅតែ​ថា​ខ្ញុំ​បំបែក​សំឡេង​អ្នកនេះ សំឡេង​អ្នកនោះ​»​។

​យ៉ាងណា​ក៏ដោយចុះ លោក ជា ចំរើន មិនទាន់​ត្រូវបាន​គណបក្ស​សម្រេច​ឲ្យ​លាលែង​ជា​ផ្លូវការ​នោះទេ​។ តែ​លោក​បន្ថែមថា នៅ​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០១៦ លោក​នឹងដាក់​ពាក្យ​ទៅកាន់​គណបក្ស ដើម្បី​លាលែង​ជា​ផ្លូវការ​។ លោក​ប្តេជ្ញាចិត្ត​យ៉ាង​មាំ​ថា​៖«​ទោះបីជា​គេ​ហាមឃាត់​ឬ​អង្វរ​យ៉ាងម៉េច​ក៏ដោយ ក៏​ខ្ញុំ​មិន​នៅ​ដែរ​។ ខ្ញុំ​សម្រេចចិត្ត​ហើយ​ថា ត្រូវតែ​លាលែង​តាម​ការចង់បាន​របស់​មហាជន​។ បើ​មហាជន​មិន​ពេញចិត្ត​យើង គេ​ចង់​ឲ្យ​យើង​លាលែង តើ​យើង​នៅ​ធ្វើ​អ្វី​ទៀត​។ យើង​ត្រូវតែ​ហ៊ាន​ដកខ្លួន​»​។

​បន្ទាប់មក​លោក ជា ចំរើន ក៏​បន្ថែមទៀតថា កា​រស​ម្រ​ច​តាម​មតិ​ភាគច្រើន គឺជា​ការគោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ក្នុង​របប​ប្រជាធិបតេយ្យ​។ លោក​ថា វា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នកនយោបាយ​គ្រប់រូប ដែល​ត្រូវតែ​ហ៊ាន​លះបង់​តំណែង ប្រសិនបើ​ប្រជាជន​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់ខ្លួន​។​

​ទាក់ទង​នឹង​តំណែង​ប្រធាន​គណបក្ស​ថ្មី លោក ជា ចំរើន មិន​ហ៊ាន​អះអាង​ឲ្យ​ច្បាប់​ថា នឹង​ធ្លាក់​ទៅលើ​ឥស្សរជន​រូប​ណា​នោះទេ​។ តែ​លោក​គ្រាន់តែ​បង្ហើប​ថា ប្រធាន​គណបក្ស​ថ្មី​ទំនងជា​លោក ហោ គ​ន្ធា ដែលជា​អនុប្រធាន​បក្ស នាពេល​បច្ចុប្បន្ននេះ​។​

​ក្រោយពី​ផ្តាច់ចំណង​ជាមួយ​គណបក្ស លោក ជា ចំរើន នឹង​ឈាន​ជើង​ចូលក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ ទាក់ទង​នឹង​ការអប់រំ​យុវជន​។ លោក​ថា លោក​ធ្លាប់​ធ្វើជា​ប្រធាន​អង្គការ​នេះ​ម្តង​រួចមកហើយ កាលពី​លោក​មិនទាន់​បង្កើត​គណបក្សនយោបាយ​។​

​សូម​រម្លឹកថា លោក ជា ចំរើន បាន​ក្លាយជា​សមាជិក​នៃ​បក្ស​ប្រជាជន​កម្ពុជា​តាំង​ឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយ​លោក ក៏​ធ្លាប់​ជាប់ឆ្នោត​ជា​តំ​ណា​រាស្ត្រ​ផងដែរ កាលពី​អាណត្តិ​ទី​៤ ។ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ រូបលោក បានដាក់​លិខិត សូម​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នៅ​ថ្ងៃទី​២០ វិច្ឆិកា គណបក្ស​ក៏​សម្រេច​ឲ្យ​លាឈប់​ពី​បក្ស តាម​សំណើ​របស់លោក​។ រហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ លោក ជា ចំរើន​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្កើត​គណបក្ស​ផ្ទាល់ខ្លួន ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ សាន់វ៉េ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​