ឧបសគ្គ​រាំងស្ទះ​ដល់​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួ​ក​គី​

​ក្រុម​មេដឹកនាំ​អឺរ៉ុប​កំពុង​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ជាមួយ​តួ​ក​គី និង​ដោះស្រាយ​បញ្ហា​លំហូរ​ជន​ភៀស​ឲ្យ​បាន​ដាច់ស្រេច​។ អឺរ៉ុប​បានផ្ដល់​សម្បទាន​ជាច្រើន​ដល់​តួ​ក​គី ដែល​រួមទាំង​ការផ្ដល់​លុយរាប់​លាន​ដុល្លារ ជា​ថ្នូរ​ឲ្យ​តួ​ក​គី​ជួយ​ទប់ស្កាត់​ការហូរចូល​ជនភៀសខ្លួន​ពី​តំបន់​មជ្ឈិមបូព៌ា​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិនទាន់បាន​យល់ព្រម​ពី​មេដឹកនាំ​អឺរ៉ុប​នោះទេ ហើយក៏​មានការ​លើកឡើង​ថា​តើ​កិច្ចព្រមព្រៀង​អាចអនុវត្ត​ឬ​យ៉ាងណាដែរ​។​

​នៅ​ដើមខែ​មីនា​នេះ មេដឹកនាំ​អឺរ៉ុប​និង​តួ​ក​គី​បាន​ឯកភាព​លើ​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​មួយ ដែល​សំដៅ​ដល់​ការដោះស្រាយ​លំហូរ​ជនភៀសខ្លួន ដែល​នៅតែ​បន្ត​ហូរ​ចូល​យ៉ាងគំហុក​មក​តំបន់​អឺរ៉ុប​។ នៅ​ថ្ងៃទី​១៧ ខែមីនា​ម្សិលមិញ មេដឹកនាំ​អឺរ៉ុប​បាន​ជួបគ្នា​ម្ដងទៀត ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ដ៏​ធ្ងន់ធ្ងរ​នេះ​។

​យោងតាម​សេចក្ដីព្រាង​ដែល​ឯកភាពគ្នា​កាលពី​ថ្ងៃទី​៧ ខែមីនា តួ​ក​គី​សុខចិត្ត​ទទួលយក​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ទាំង​អស់ពី​តំបន់​អឺរ៉ុប​។ ជា​ថ្នូរ​នោះ អឺរ៉ុប​នឹង​ផ្ដល់ជំនួយ​ទឹកប្រាក់​ប្រមាណ​៣.៣​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តួ​ក​គី ព្រមទាំង​ពិភាក្សា​លើ​ការចង់​ចូល​សមាជិក​តំបន់​របស់​តួ​ក​គី​។ មួយវិញទៀត​អឺរ៉ុប​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​តួ​ក​គី​ធ្វើដំណើរ​ទៅ​តំបន់ Schengen ក្នុង​អឺរ៉ុប ដោយ​មិនចាំបាច់​ប្រើប្រាស់​ទិដ្ឋាការ​នៅ​ចុងខែ​មិថុនា​ខាងមុខ​។​

​យ៉ាងណាមិញ ដំណោះស្រាយ​បញ្ហា​លំហូរ​ជនភៀសខ្លួន​នេះ មិនបាន​ដើរទៅ​មុខ​ដោយ​ស្រួល​នោះទេ​។ កិច្ចព្រមព្រៀង​ខាងលើ​ទទួលរង​ការរិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា សូម្បី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូ​ណា​ល់ ទូ​សក៍ (Donald Tusk) ក៏​បញ្ជាក់ដែរថា មាន​ការងារ​ជាច្រើន​ដែល​ត្រូវបំពេញ នៅ​មុនពេល​សម្រេច​កិច្ចព្រមព្រៀង​នេះ​។ ក្នុង​លិខិតអញ្ជើញ​មេដឹកនាំ​អឺរ៉ុប​មក​ប្រជុំ​នៅ​ព្រុ​ច​សែ​ល លោក ទូ​សក៍ និយាយថា ការងារ​គឺ​កំពុង​ទៅមុខ​ហើយ ប៉ុន្តែ​មិនទាន់​អស់​នោះទេ គឺមាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​។​

​ក្រៅពីនេះ បញ្ហា​ជាច្រើន​ក៏ត្រូវ​បាន​គេ​មើលឃើញថា ជា​របាំង​រារាំង​ការអនុវត្ត​ឲ្យ​បានល្អ​នូវ កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួ​ក​គី​។ បញ្ហា​ទាំងអស់នោះ​រួមមាន ការបញ្ជូន​ត្រលប់មក​ជនភៀសខ្លួន ព្រមទាំង​បញ្ហា​ទាក់ទង​ជាមួយ​តួ​ក​គី ជាពិសេស​ការចូល​ជា​សមាជិក​អឺរ៉ុប​និង​ការប្រឆាំង​លើ​ការផ្ដល់​ទិដ្ឋាការ​សេរី​ដល់​ជនជាតិ​តួ​ក​គី​។​

១. ការ​ត្រលប់​វិញ​នៃ​ជនភៀសខ្លួន​រាប់លាន​នាក់ នឹងធ្វើ​ឲ្យ​អឺរ៉ុប​ប្រឈម​បញ្ហា​ផ្លូវច្បាប់​
​យោងតាម​ពង្រាង​កិច្ចព្រមព្រៀង​ថ្ងៃទី​៧ ខែមីនា អឺរ៉ុប​នឹង​បញ្ជូន​ជនភៀសខ្លួន​រាប់លាន​នាក់​ទៅ​តួ​ក​គី​វិញ ហើយ​នេះ​ជា​ចម្ងល់​ដែល​ត្រូវតែ​ដោះស្រាយ​។ គេ​ព្រួយបារម្ភ​ថា អឺរ៉ុប​ពិតជា​ទទួលបន្ទុក​ដ៏​ធ្ងន់​នេះ​បាន​ឬទេ ខណៈដែល​រឿង​ម្យ៉ាង​នោះ​គឺ​ចំនួន​ដ៏​ច្រើន​នៃ​ជនភៀសខ្លួន និង​ម្យ៉ាងទៀត​បញ្ហា​ផ្លុ​វ​ច្បាប់​របស់​អឺរ៉ុប​ផ្ទាល់​តែម្ដង​។ អនុសញ្ញា​អឺរ៉ុប​ស្ដីពី​សិទ្ធិមនុស្ស​បាន​ហាម​ការចាប់​បញ្ជូន​ចេញ​នៃ​ជនបរទេស​ក្នុង​ទ្រង់ទ្រាយ​ធំ​។ 

​មួយវិញទៀត ច្បាប់​អន្តរជាតិ​ក៏បាន​បញ្ជាក់ដែរថា វា​មិនមែនជា​រឿង​ខុសច្បាប់​ទេ ដែលមាន​ជនភៀសខ្លួន​រត់គេច​ឆ្លង​ព្រំដែន​ពី​ការធ្វើ​បាប​និង​ជម្លោះ ហើយ​ស្នើសុំ​ការ​ជ្រកកោន​នោះ​។ ៩០​ភាគរយ​នៃ​ជនភៀសខ្លួន​ដែល​បាន​មកដល់​ឆ្នេរ​ប្រទេស​ក្រិ​ក សុទ្ធតែ​អះអាងថា​ពួកគេ​រត់​ចេញពី​ជម្លោះ​នៅ​ស៊ី​រី និង​អា​ហ្វ​ហ្កា​នី​ស្ថាន​។ បញ្ហា​មួយទៀត​នោះ ទន្ទឹមនឹង​ការបញ្ជូន​ត្រលប់​មកវិញ ច្បាប់​អន្តរជាតិ​ចែង​ដែរ​ថា ជនភៀសខ្លួន​អាច​បញ្ជូនទៅ​ប្រទេស​ដែលមាន​សុវត្ថិភាព មានការ​យកចិត្តទុកដាក់​លើ​ជនភៀសខ្លួន និង​មាន​ការងារ​ធ្វើ​តែប៉ុណ្ណោះ​។

២. មាន​សំឡេង​ប្រឆាំងនឹង​ការចូល​ជា​សមាជិក​របស់​តួ​ក​គី​
​តួ​ក​គី​ទាមទារ​ឲ្យ​អឺរ៉ុប​ព​ន្លឿ​ន​ការចរចា​ស្ដីពី​សមាជិកភាព​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការសម្រេច​ចេញ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​។ ប៉ុន្តែ​សមាជិក​អឺរ៉ុប​ភាគច្រើន ដូចជា​មិន​ពេញចិត្ត​នោះទេ និង​បញ្ជាក់ថា វា​នៅពេល​យូរ​ទៅមុខទៀត​សម្រាប់​តួ​ក​គី​ដែល​ចង់​ចូល​ជា​សមាជិក​អឺរ៉ុប​នោះ ហើយ​វា​កាន់តែ​ពិបាក​ទៅទៀត នៅពេលដែល​និយាយ​ដល់​បញ្ហា​ទិដ្ឋាការ​នោះ​។​

​បើតាម BBC បញ្ហា​មួយទៀត​ដែល​អាច​រារាំង​សមាជិកភាព​របស់​តួ​ក​គី​គឺ​ការប្រឆាំង​ពី​សំណាក់​កោះ​ស៊ី​ប ដ្បិត​តួ​ក​គី​ត្រូវ​ទទួលស្គាល់​រដ្ឋាភិបាល​ស៊ី​ប​ជាមុនសិន មុននឹង​មានការ​ពិភាក្សា​ទៅមុខ​។ វា​គឺ​ច្បាស់​ណាស់​ថា តួ​ក​គី​មិនអាច​ប្រើ​តួនាទី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន សម្រាប់​តថ្លៃ​រឿង​ចូល​អឺរ៉ុប​បានទេ​។​

​មិនមែន​តែ​រឿង​ជាមួយ​ស៊ី​ប​ទេ អ៊ីតាលី​និង​បែលហ្ស៊ិក​ក៏​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សមាជិកភាព​របស់​តួ​ក​គី​ផងដែរ​។ បញ្ហានយោបាយ​ផ្ទៃក្នុង​របស់​តួ​ក​គី ដែល​មានការ​រឹតត្បិត​យ៉ាងខ្លាំង ជាពិសេស​ការ​រឹតត្បិត​លើ​សារព័ត៌មាន បង្ក​ការព្រួយបារម្ភ​ដល់​សមាជិក​អឺរ៉ុប​ផ្សេងទៀត​៕    

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​