ករណី​ចោទ​ប្រកាន់​ថា​មន្ត្រី​យោធា​​ជំរិត​ទារ​លុយ​៧០​ម៉ឺន​រៀល​ឲ្យ​មេព្រៃ ​សង្ស័យ​មាន​ជនខិលខូច​លួច​ប្រើប្រាស់​ឈ្មោះ​អង្គភាព

ករណី​ចោទ​ប្រកាន់​ថា​មន្ត្រី​យោធា​​ជំរិត​ទារ​លុយ​៧០​ម៉ឺន​រៀល​ឲ្យ​មេព្រៃ ​សង្ស័យ​មាន​ជនខិលខូច​លួច​ប្រើប្រាស់​ឈ្មោះ​អង្គភាព



កំពង់ធំ ​៖​ លោក​ឧត្ដមសេនីយ៍ត្រី​​សោម ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​មាន​ព័ត៌មាន​លេច​ឮ​ថា ​មាន​យោធា​​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ចំនួន​៧០​ម៉ឺន ​ទៅ​ឲ្យ​មេព្រៃ​ទំរីង​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦​កន្លង​មក​នេះ។

លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន ​បាន​ដាក់​បទបញ្ជា​យ៉ាង​ក្ដៅ​គគុក ​​​ឲ្យ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​​ចំពោះ​គ្រប់​មន្ត្រី​ ដែល​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​ ដើម្បី​បំភ្លឺ​ ទាំង​អ្នក​ដឹក​ឈើ ​ទាំង​មន្ត្រី ​ហើយ​​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ទើប​មាន​ការ​សង្ស័យ​ថា ពិតជា​មាន​ជនខិលខូច​បាន​លប​លួច ប្រើប្រាស់​ឈ្មោះ​យោធា ក្នុង​គោលបំណង​ធ្វើឲ្យ​ខូច ​និង​ប៉ះពាល់​កិត្តិយស​យ៉ាង​ខ្លាំង​ដល់​អង្គភាព​កង​យោធពល​ខេមរភូមិន្ទ និង​អង្គភាព​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់។

លោក​សៅ វ​ណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បាន​ឲ្យ​ដឹង​ថា លោក​មិនដែល​មាន​ការ​ពាក់ព័ន្ធ នឹង​ការ​ដឹកជញ្ជូន​ឈើ​របស់​ប្រជាពលរដ្ឋ​ឡើយ​ រួម​ទាំង​ហាម​ដល់​មន្ត្រី​របស់​លោក​ កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ នឹង​បទល្មើស​ព្រៃឈើ ថែមទាំង​បាន​ដាក់​ផែនការ​ក្ដៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់។ តែ​ចំពោះ​ប្រជាពលរដ្ឋ​ដឹក​ឈើ​បន្តិចបន្តួច​សម្រាប់​យក​មក​ធ្វើ​ផ្ទះសម្បែង​ ដោយ​មាន​ស្នើ​​សុំ​ពី​អាជ្ញាធរ នឹង​ត្រូវ​បាន​អនុគ្រោះ​ ដោយ​យោង​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ឲ្យ​រដ្ឋបាល​ព្រៃឈើ​មាន​ការ​យោគយល់​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ព្រៃ​សហគមន៍។

នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ លោក​សៅ វ​ណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​ បាន​កោះហៅ​លោក​ឈាង ម៉ៅ ម្ចាស់​កាឡេ​ថង​ដឹក​ឈើ​មក​ឆ្លើយ​បំភ្លឺ និង​ទទួល​បាន​ចម្លើយ​ថា នៅ​យប់​កើតហេតុ លោក​ពុំបាន​ស្គាល់​ឈ្មោះ​មន្ត្រី​យោធា​ ដែល​ជំរិត​ទារ​លុយ​ចំនួន​៧០​ម៉ឺន​ទាំង​នោះ​ទេ។ តែ​ក្នុង​គ្រានោះ​លោក បាន​ខល​ទូរស័ព្ទ​សួរ​មិត្ត​ភ័ក្ក ដែល​ជា​អ្នក​ធ្លាប់​ស្គាល់​មន្ត្រី​អាជ្ញាធរ ក្នុងស្រុក ប៉ុន្តែ​ត្រូវ​បាន​បុគ្គល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ឆក់​យក​ទូរស័ព្ទ​មិន​ឲ្យ​ខ​ល​ទៅ​ណា។ ក្រោយមក​មាន​អ្នកស្រុក​ជិះ​ម៉ូតូ​ឆ្លងកាត់ ហើយ​អ្នក​ជិះ​ម៉ូតូ​នោះ​បាន ប្រាប់​ថា​អ្នក​យក​លុយ​នោះ​ឈ្មោះ យ៉េ និង​លោក​យូ ជា​អ្នក​រស់នៅ​ជាមួយ​មេព្រៃ។ លុះ​ក្រោយមក​ទៀត លោក​បើក​កាឡេ​ថង​មកដល់​ចំណុច​ចុង​ភូមិ​ ទើប​លោក សឹង សឿង ហៅ ស្មី ស្លៀក​ខោខ្លី អត់​អាវ បាន​អះអាងថា​ខ្លួន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ បាន​កាក់​កាឡេ​ថង និង​បង្ខំ​ឲ្យ​បង់លុយ ១៦​ម៉ឺន​រៀល​ចំនួន​២​គ្រឿង តែ​លោក​ពុំ​មាន​លុយ​ឲ្យ​ទើប​ចាប់​ប្រគល់​ឲ្យ​មេព្រៃ។

លោក​ឧត្ដមសេនីយ៍ត្រី​ សោម ស៊ុន បាន​ដាក់​បទបញ្ជា​ឲ្យ​ស្រាវជ្រាវ​ជាបន្ទាន់​ ដោយ​ហៅ​អ្នក​សង្ស័យ​ពាក់ព័ន្ធ​ទាំង​នោះ​ត្រូវ​បាន​មក​បំភ្លឺ​ទើប​ដឹង​ថា ​ថ្ងៃ​កើតហេតុ លោក​យ៉េ ជាប់រវល់​ការ​កូន​បង្កើត។ ចំណែក​លោក​យូ ​នៅ​កំពង់ថ្ម​ សុទ្ធតែ​ពុំបាន​ដឹង​រឿង និង​ពុំ​មាន​ការ​​ពាក់ព័ន្ធ​ ដែល​ករណី​នេះ​សង្ស័យ​ថា មាន​ជនខិលខូច​លួច​ប្រើ​ឈ្មោះ និង​ពាក់​ឯកសណ្ឋាន​យោធា។ ដូច្នេះ​សំណូមពរ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទាំង​អស់ រួម​សហការ​ត្រួតពិនិត្យ ​ជន​ក្លែងបន្លំ និង​ពាក់​ឯកសណ្ឋាន​យោធា ដើម្បី​ចៀសវាង​ការ​ខូច​កិត្តិយស​ដល់​អង្គភាព​កងយោធា​ខេមរភូមិន្ទ៕

ករណី​ចោទ​ប្រកាន់​ថា​មន្ត្រី​យោធា​​ជំរិត​ទារ​លុយ​៧០​ម៉ឺន​រៀល​ឲ្យ​មេព្រៃ ​សង្ស័យ​មាន​ជនខិលខូច​លួច​ប្រើប្រាស់​ឈ្មោះ​អង្គភាព