ឃុំ​ខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​

ឃុំ​ខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​



កណ្ដាល​ ៖​ ក្រោយពី​សាកសួរ​ចប់ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​លោក​គឹម ម៉េង​​ នា​ល្ងាច​ថ្ងៃ​ទី​១៨​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ បាន​សម្រេច​ធ្វើ​ការ​ឃុំខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ ក្រោម​បទចោទប្រកាន់ ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ យោង​បញ្ញត្តិ​មាត្រា​៣៧៧​ និង​៣៨០​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ។

លោក​ឧត្ដមសេនីយ៍ សំ តុលា ​មេបញ្ជាការ​​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ឈ្មោះ​អៀក ភ័ណ្ឌ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​មន្ទីរពេទ្យ​លោកសង្ឃ​(​ពេទ្យ​ព្រះ​កេតុមាលា​)​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កណ្ដាល​សហការ​ជាមួយ​​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ខណ្ឌ​ទួលគោក​ចាប់​ឃាត់ខ្លួន​នៅ​ម៉ោង​១៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ផ្ទេរ ​និង​ដក​ប្រាក់​វី​ង​តាម​បណ្ដោយ​ផ្លូវ​២៩៩​ម្ដុំ​ផ្សារ​ទួលគោក ​សង្កាត់​ទឹកល្អក់​២​ ខណ្ឌ​ទួលគោក។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្ត​ថា ​ជនល្មើស​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆបោក​ថ្នាក់ដឹកនាំ​ចំនួន​៦​លើក​មក​ហើយ ​ដោយ​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​រាយការណ៍​ពី​បទល្មើស​ហើយ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ មក​ឲ្យ​ខ្លួន។ លើក​ចុង​ក្រោយ​នេះ ​ឆបោក​ចំ​លោក​អភិបាល​ខេត្ត​កណ្ដាល។

លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អភិបាលខេត្ត​កណ្ដាល ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ជន​មិន​ស្គាល់​មុខ​ទូរស័ព្ទ​រាយការណ៍​មក​លោក​ថា ​មាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ពី​ខេត្ត​ក្រចេះ​ធ្វើដំណើរ​មក​ភ្នំពេញ ​និង​សុំ​មិន​ឲ្យ​លោក​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​នគរបាល ព្រោះ​មិន​ទុកចិត្ត កាលពី​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៦។ ភ្លាមៗ​លោក​អភិបាល ក៏​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជាបន្ទាន់​ថា តើ​មាន​ករណី​នេះ​កើតឡើង​មែន ឫ​មួយ​យ៉ាងណា​?។ បន្ទាប់ពី ដឹកនាំ​កម្លាំង លោក​មេបញ្ជាការ​បាន​ទាក់ទង​ជនសង្ស័យ​ខាងលើ ស្រាប់តែ​ជន​នេះ ចេះតែ​សុំ​លុយ​មុន​ដើម្បី​ទិញ​កាត​ទូរស័ព្ទ និង​បញ្ហា​ផ្សេងៗ​។ ដោយសារតែ​ឃើញ សកម្មភាព និង​ទង្វើ​របស់​ជនសង្ស័យ​រូបនេះ​ដូច​មិន​ស្រួល មេបញ្ជាការ​អាវុធហត្ថ​ ខេត្តកណ្តាល ក៏​មាន​ការសង្ស័យ ហើយ​ឲ្យ​ជំនាញ​ទាក់ទង​ទៅ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ឆែក​លេខ​ទូរស័ព្ទ ក៏​ដឹងថា ជនសង្ស័យ​នៅ​ភ្នំពេញ​។​

ក្រោយ​ដឹង​ពី​រឿង​ទាំងនេះ ក៏​សន្និដ្ឋាន​ថា នេះ​ជា​ករណី​ឆបោក​តាម​ទូរស័ព្ទ ពេល​នោះ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ​ខេត្ត​កណ្ដាល​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​រង ទូច អ៊ី​ណាន​ តាម​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​ខេត្ត​កណ្ដាល លោក​លឹម សុគ​ន្ថា និង​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ ជាមួយ​កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក និង​អាវុធហត្ថ​លើ​ផ្ទៃ ធ្វើការ​តាមដាន​រហូត ចាប់បាន​ជនសង្ស័យ​តែម្តង ស្ថិតនៅ​កន្លែង​ផ្ទេរប្រាក់ Wing តាម​បណ្តោយ​ផ្លូវ​២៩៩ ម្តុំ​ផ្សារ​ទួលគោក ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ក្រោយពី​ជនសង្ស័យ បាន​ទៅ​បើក​យក​លុយ​ជាង​១០០​ដុល្លារ​ដែល​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ផ្ញើជូន៕
ឃុំ​ខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​

ឃុំ​ខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​

ឃុំ​ខ្លួន​ជនល្មើស​ ដែល​ប្រើ​ទូរស័ព្ទ​ទំនាក់ទំនង​ឆបោក​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​