តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​លោក​សម រង្ស៊ី ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​លោក​សោម សឿន

តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​លោក​សម រង្ស៊ី ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​លោក​សោម សឿន



ភ្នំពេញ ​៖ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃទី​២០​ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ដើម្បី​សួរ​ពី​ដំណើររឿង​ឈ្មោះ សោម សឿន ប្តឹង​អំពី​ការផ្សាយ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក នេះ​បើ​យោងតាម​ដីកាកោះ​ចុះ​ថ្ងៃទី​១៦​ ខែមីនា ឆ្នាំ​២០១៦ របស់​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ​។​

កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក សោម សឿន បាន​សម្រេច​ប្តឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​សងជំងឺចិត្ត​ចំនួន​២០ លាន​រៀល និង​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​តាមច្បាប់ ដោយសារ​តែ​លោក សម រង្ស៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រូបលោក និង​ថ្នាក់ដឹកនាំ​ជាតិ នេះ​បើ​តាម​ពាក្យ​បណ្តឹង។

យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ដែល​បាន​ដាក់​ចូល​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ឈ្មោះ សោម សឿន ភេទ​ប្រុស អាយុ​៦៤ ឆ្នាំ ស្នាក់នៅ​ផ្លូវ​លេខ​២៦៤ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្តឹង​ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស អាយុ​៦៧ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

តាម​លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី (Sam Rairsy) បាន​បង្ហោះ​អត្ថបទ ដែលមាន​ខ្លឹមសារ​មូល​បង្កាច់​ខុស​ពី​ការពិត​ចំពោះ​រូបខ្ញុំ ដែល​ថា​រូប​ខ្ញុំ​បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ និង​បណ្ដាញ​រួមបញ្ចូល​ទាំង​មន្ត្រីរាជការ​ស៊ីវិល ប៉ូលិស និង​ទាហាន ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ក្នុង​គោលបំណង​ផ្តល់​ការ Likes សិប្បនិម្មិត ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយនឹង​ការ​អត្ថាធិប្បាយ​ថា Likes មួយចំនួនធំ ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច គឺ​បានមកពី​ការទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត Accounts (​គណនី​) Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Likes សិប្បនិម្មិត​ក្លែងបន្លំ​ជូន​សម្តេច​”​។

លោក សោម សឿន បានបញ្ជាក់​នៅក្នុង​ពាក្យបណ្តឹង​ថា ការ​បង្ហោះ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ជាតិ និង​រូបលោក​យ៉ាងធ្ងន់ធ្ងរ និង​បាន​សំណូមពរ​ទី​១- សូម​ទាមទារ​ផ្តន្ទាទោស ឈ្មោះ​សម រង្ស៊ី ទៅតាម​ច្បាប់ និង​ទី​២- សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០ លាន​រៀល​។​

ទាក់ទង​បញ្ហា​នេះ​ការិយាល័យ​យើង​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក សម រង្ស៊ី បានទេ ហើយ​មកដល់​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចំនួន​ពីរ គឺពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ដែល​ប្តឹង​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយ​មួយទៀត​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​សមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ៕