ស្ត្រី​ម្នាក់​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​សន្លប់​ស្ដូកស្ដឹង​ រួច​បើក​គេច​ខ្លួនបាត់

ស្ត្រី​ម្នាក់​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​សន្លប់​ស្ដូកស្ដឹង​ រួច​បើក​គេច​ខ្លួនបាត់



ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ទំនង​​ជា​ទើប​​នឹង​ចេញ​ពី​ស៊ីការ​គេ បាន​​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ រួច​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​​ខ្ទប់​នឹង​រថយន្ត​ក្រុង​បណ្ដាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ។ ក្រោយពី​បុក​គេ​រួច ​ស្ត្រី​រូប​នោះ បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាត់ ប៉ុន្តែ​សាក្សី​បាន​ស្គាល់​ស្លាក​លេខ​រថយន្ត​នោះ​ហើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​ឯង ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-0888​ពី​កើត​មក​លិច​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ផ្សារ​ច្បារអំពៅ។ លុះដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​ដោយ​ស្ត្រី​ម្នាក់​​ បាន​បើក​ចេញពី​ផ្លូវ​ភូមិ​កណ្ដាល​(​ផ្សារ​ចុះ​ពី​ផ្សារ​ព្រែក​ឯង​) ឡើង​ផ្លូវជាតិ​លេខ​១ ហើយ​បត់​ទៅ​ទិសខាងកើត​ក្នុង​ល្បឿន​លឿន​ឆ្ពោះ​ទៅ​ផ្សារ​ច្បារអំពៅ។​ ពេលបត់ឡើងបានបន្តិច ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ហោះ​ខ្ទប់​នឹង​រថយន្តក្រុង​សន្លប់​ស្ដូកស្ដឹង​តែម្ដង។ ប៉ុន្តែ​រថយន្ត​នោះ​ក្រោយពី​បង្កហេតុ​រួច មិនបាន​ឈប់​ទទួលខុសត្រូវ​ឡើយ​បាន​ព្យាយាម​បើក​គេច​ឆ្ពោះ​ទៅកាន់​ទិសដៅ​ផ្សារ​ច្បារអំពៅ​បាត់។ ទោះ​យ៉ាង​ណា​ ​​សាក្សី​បាន​ចាំ​យ៉ាង​ច្បាស់​ថា រថយន្ត​នោះ​ពាក់​ស្លាក​លេខ​​​​​​​ភ្នំពេញ​2C-8037។

សាក្សី​បន្ត​ថា ករណី​នេះ​អ្នក​ឃើញ​ហេតុការណ៍​ផ្សេងទៀត បាន​ទំនាក់ទំនង​ទៅកាន់​ប៉ូលិស​នៅ​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ឲ្យ​តាម​ស្ទាក់​ចាប់​រថយន្ត​នោះ​ហើយ តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះ​ទេ។ ចំណែក​ជនរងគ្រោះ​ ក្រោយ​ពេល​កើតហេតុ​ ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​បាន​ជួយ​ធ្វើ​ចលនា​ មុន​នឹង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

គួរ​បញ្ជាក់​ថា នៅ​ផ្លូវ​ភូមិ​កណ្ដាល​នៅ​ថ្ងៃនេះ​មាន​រោងការ​មួយ​សង់​កណ្ដាល​ផ្លូវ​កំពុង​រៀបចំ​ទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ ហើយ​រថយន្ត​បើក​ចេញពី​តាម​ផ្លូវ​នោះ ទំនងជា​ទើប​ចេញពី​ស៊ីការ​នោះ​ហើយ៕

ស្ត្រី​ម្នាក់​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​សន្លប់​ស្ដូកស្ដឹង​ រួច​បើក​គេច​ខ្លួនបាត់

ស្ត្រី​ម្នាក់​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​សន្លប់​ស្ដូកស្ដឹង​ រួច​បើក​គេច​ខ្លួនបាត់