បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​បាន​៣​នាក់

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​បាន​៣​នាក់



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់  ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​សំបុក  ខណៈ​ដែល​ក្រុម​នេះ​កំពុង​រៀបចំ​ធ្វើ​សកម្មភាព​ជាក់​ស្តែង។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​គឺ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​ម៉ោង ១៧  ខែ មីនា  ឆ្នាំ ២០១៦  វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក  កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះ​ទៅដល់​ចំណុច​ភូមិច្រាប​វាល  ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់  ដែល​ជន​ទាំងនេះ​មានឈ្មោះ ១-​ឈ្មោះ ឈុំ ស៊ីថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ២-​ឈ្មោះ កុយ ពិសី ភេទ​ប្រុស  អាយុ​២៣ ឆ្នាំ មុខរបរ កម្មករ  និង​៣-​ឈ្មោះ គង់ គីម​ហ័ង ភេទប្រុស  អាយុ ៣០ ឆ្នាំ មុខរបរកម្មករ  ជន​ទាំង​៣​នាក់​រស់នៅ​ភូមិ ច្រាប​ក្រសាំង សង្កាត់​ឱម៉ា​ល់  ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការ​ដកហូត​នូវ​គ្រឿងញៀន​ប្រភេទ​​ម៉ា​ទឹកកក​ចំនួន​មួយ​កញ្ចប់ មាន​ទម្ងន់ ៥១,៥០ ក្រាម  ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក DUKE ពណ៌​ស លាយ ខ្មៅ ស៊ែ​រី​ឆ្នាំ ២០១៤ ពាក់​ស្លាកលេខ បាត់ដំបង 1U-0169 និង ម៉ាក STEP ពណ៌ ក្រហម លាយ ខ្មៅ  ទូរស័ព្ទ​ដៃ​ចំនួន ០៣ គ្រឿង  បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុង​ឃាត់ខ្លួន នៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី៕