អាជ្ញាធរ​ជាតិ​អប្សរា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​រមណីយដ្ឋាន​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​រមណីយដ្ឋាន​អង្គរ



សៀមរាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦ ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំ​
​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​(Monopole Tree) ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោម​ការគ្រប់គ្រង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា។

ពិធី​នេះ​ធ្វើឡើង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក​ស៊ុំ ម៉ាប់ អគ្គនាយក​អា​ជ្ញាធរ​ជាតិ​អប្សរា​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ហត្ថលេខី​និង​ក្រុមហ៊ុន​Camtower Link Communication Co.Ltd​ដែល​មាន​លោក​MUHAMMEDYUSOFF MOHD ZAMRI ប្រធាន​គ្រប់គ្រង​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​ជា​ហត្ថលេខី​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​អ្នកជំនាញ​ជាច្រើន​រូប​ទៀត។

យោង​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​នឹង​ដំឡើង​បង្គោល​ដើមឈើ​សិប្ប​និមិត្ត​ចំនួន​៦​ទីតាំង​ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ផ្សេងៗ​បំពាក់​អង់​តែ​ន​របស់​ខ្លួន​ដើម្បី​ផ្តល់​សេវា​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ក្រុមហ៊ុន​នឹង​ចាប់​ដំណើរ​សកម្មភាព​របស់​ខ្លួន​បន្ទាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​ទៅ ដែល​ត្រូវ​ចំណាយ​រយៈពេល​ប្រមាណ​៦​ខែ​ទើប​រួចរាល់។

កន្លងមក​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដំឡើង​អង់​តែ​ន​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​យក​សំណើ​ដោយ​បាន​អញ្ជើញ​ក្រុមហ៊ុន​ទាំង​នោះ​មក​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​របស់​ខ្លួន​ជា​បន្តបន្ទាប់​។

លើសពី​នេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដើម្បី​ពិនិត្យ​រក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​ប័ណ្ណ​ផ្តល់​ទីតាំង​ចែកចាយ​សេវា​ត្រឹមត្រូវ​។ ក្រោយ​ពិនិត្យ​ឃើញថា​ ក្រុមហ៊ុន​Camtower Link Communication Co.Ltd នេះ មាន​លក្ខណៈ​បច្ចេកទេស និង​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ដំឡើង​និង​ចែកចាយ​ដោយ​ស្របច្បាប់​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លង​យោបល់​បច្ចេកទេស​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ និង​បង្កើត​ក្រុមការងារ​ចុះ​សិក្សា​លម្អិត​រហូត​សម្រេច​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅពេលនេះ។

បច្ចុប្បន្ន​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​សេវា​ទូរស័ព្ទ​តិចតួច​ដែល​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ដល់​ការ​ទំនាក់ទំនង​។ មូលហេតុ​ដោយសារ​កន្លងមក​មិន​មាន​ក្រុមហ៊ុន​ណា​មាន​លក្ខណៈសម្បត្តិ​និង​បច្ចេកទេស​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរ​ស័ព្ទ​ស្របតាម​តម្លៃ​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅឡើយ​។ ដោយឡែក ក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិត​ច្នៃប្រឌិត​បង្កើត​ដើមឈើ​សិប្ប​និមិត្ត​នេះ​ឡើង​អាច​ផ្តល់​ការចែក​ចាយ​ដល់​ក្រុមហ៊ុន​ទូរ​ស័ព្ទ​ផ្សេងៗ​បំពាក់​សេវា​របស់​ខ្លួន​ជំនួស​ឲ្យ​ការសាងសង់​អង់​តែ​ន​គ្រប់​ក្រុមហ៊ុន​ទូរ​សព្ទ​ច្រើន​ស្អេកស្កះ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌។

គំនិត​ច្នៃប្រឌិត​នេះ​ក៏​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​អង្គ​រហើយ​ជា​ប្រភេទ​អង់​តែ​ន​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​រួច​មក​ហើយ​គឺ​ក្នុង​ន័យ​ការពារ​ទេសភាព​វប្បធម៌​ស្របតាម​បទដ្ឋាន​របស់​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​ទទួលយក​គម្រោង​នេះ​ដោយ​ចុះ​កិច្ច​សន្យា​មិន​ផ្តាច់​មុខ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ដែល​ចូលមក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សេវា​ទូរ​ស័ព្ទ​ប្រើប្រាស់​ដូច​តំបន់​ដទៃ​ទៀត​ដែរ​៕

អាជ្ញាធរ​ជាតិ​អប្សរា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​រមណីយដ្ឋាន​អង្គរ