សម្ដេច​តេ​ជោ​ហ៊ុន សែន ទទួល​ជួប​ឧបនាយករដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឡាវ​

សម្ដេច​តេ​ជោ​ហ៊ុន សែន ទទួល​ជួប​ឧបនាយករដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឡាវ​



ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា​នេះ បានអនុញ្ញាត​ឲ្យ​លោក ថោង​លន់ ស៊ី​សូលី​ត ឧបនាយករដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឡាវ ព្រមទាំង​គណៈប្រតិភូ​ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា លោក ថោង​លន់ បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់លោក​បាន​ចូលជួប​សម្ដែង​ការគួរសម ។ ក្នុងនោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែល​បាន​អញ្ជើញ​រូបលោក និង គណៈប្រតិភូ​ព្រមទាំង​ក្រុម​កីឡាករ​បាល់ទាត់ Laos All Stars ដើម្បី​មក​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជា​Cambodia All Stars ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ឡាវ​។

លោក ថោង​លន់ មានប្រសាសន៍ថា​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​រវាង​ក្រុមបាល់ទាត់​កម្ពុជា​-​ឡាវ នា​ពេល​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ឈ្លៀសវៃ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ដើម្បី​ធ្វើ​ឲ្យ​យុវជន និង​យុវជន នៅ​ក្នុង​ក្រុម​កីឡា​បាល់ទាត់​នៃ​ប្រទេស​ទាំង​២ ចង​ចំណង​មិ​ត្ដ​ភាព​រវាង​គ្នា និង​គ្នា និង​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំង​២​កម្ពុជា​-​ឡាវ រឹតបន្តឹង​នូវ​ចំណង​មិ​ត្ដ​ភាព​កាន់តែខ្លាំង​ថែមទៀត​។​

​     ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ឡាវ​ក៏ដូចជា​លោក ថោង​លន់ ស៊ី​សូលី​ត ដែល​បាន​នាំ​ក្រុមបាល់ទាត់ Laos All Stars មក​ប្រកួត​ជាមួយ ក្រុមបាល់ទាត់ Cambodia All Stars ។ សម្ដេច​តេ​ជោ  មានប្រសាសន៍ ថា​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​២​កម្ពុជា​-​ឡាវ ក្លាយទៅជា​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយ៕