ហេតុអ្វី ប្រាក់​រៀល មិនសូវ​ពេញ​និយម​ក្នុងការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ហេតុអ្វី ប្រាក់​រៀល មិនសូវ​ពេញ​និយម​ក្នុងការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​



ភ្នំពេញ​ ៖ កាលពី​បុរាណ មនុស្ស​ធ្វើការ​ដោះដូរ​ផលិតផល​ទៅវិញទៅមក​រវាង​គ្នា​និង​គ្នា​នៅ​ក្នុង​ផ្សារ ដូចជា​យក សត្វ​ជ្រូក មាន់ ទា ដូរ​យក​ផលិតផល​ប្រើប្រាស់ ចាន ឆ្នាំង ជាដើម​។  លុះ​គ្រា​បន្ទាប់មក​មនុស្ស​ក៏​បង្កើត រូបិយប័ណ្ណ តំណាង​ដែលមាន​ត​ម្លែ​អាច​ធ្វើការ​ត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើ​ការដោះដូ​រទូ​ទាត់​ផលិតផល​គ្នា​ទៅវិញទៅមក​។ ដូចគ្នានេះ​ដែល ព្រះរាជាណាចក្រ​កម្ពុជា​យើង ពីមួយ​សម័យ​ទៅមួយ​សម័យ យើង​ឃើញ​មានការ​បោះពុម្ព រូបិយប័ណ្ណ ប្រាក់រៀល អោយប្រើ​ប្រាស់​នៅក្នុង​ប្រទេស ដោយមាន​ការទទួលស្គាល់ និង​អោយ​តម្លៃ​ក្នុង​ការទូទាត់​ដោះដូរ ទំនិញ​ទៅវិញទៅមក​។ ក៏ប៉ុន្តែ​មកដល់​ពេល​បច្ចុប្បន្ននេះ​អ្វីដែល​យើង​កត់សម្គាល់ឃើញ​នោះ​គឺថា ប្រជាជន​កម្ពុជា​មិនសូវ​និយម​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​អោយបាន​ទូលំទូលាយ ក្នុងការ​ដោះដូរ​ទំនិញ​និង​សេវាកម្ម​ផ្សេងៗ​នោះទេ បែរជា​ប្រើប្រាស់ និង​រក្សាទុក​រូបិយប័ណ្ណ​បរទេស​ទៅវិញ​។​

មាន​ហេតុផល​មួយចំនួន​បានលើកឡើង ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ជំនួស​ប្រាក់រៀល ដោយសារ​កត្តា​មួយចំនួន​។​

កត្តា​ទីមួយ​៖ ខ្ទង់​លេខ​ច្រើន ធ្វើអោយ​ពិបាក​ក្នុងការ​ប្រើប្រាស់​សម្រាប់​ទូទាត់ ទំនិញ​ឬ​សេវា​ផ្សេងៗ​ដែលមាន​តម្លៃ​ថ្លៃ​ឬ​ច្រើន ដូចជា​បើ​យកប្រាក់​រៀល​ទៅ​ទិញ​រថយន្ត​មួយ គឺ​ត្រូវ​យកលុយ​ទាំងនោះ​ជ្រក​កា​រ៉ុង​ពី ពីរ​ទៅ​បី កា​រ៉ុង​ទើប​គ្រប់​។ ខាតបង​ពេលវេលា​ក្នុងការ​រាប់​ប្រាក់​ទាំងនោះ ជាដើម​។​ល​។​

កត្តា​ទី​ពីរ​៖ ការប្រើប្រាស​ប្រាក់រៀល​នេះ​ពិត​ជាមាន​ឧបសគ្គ​ខ្លះ​សម្រាប់ អាជីវកម្ម និង​ពាណិជ្ជកម្ម ជាក់ស្ដែង​ការផ្ទេរ ឬ​ដក​រូបិយប័ណ្ណ​បរទេស​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត​ដែល​ឆ្លង​តំបន់​តម្រូវឱ្យ​បង់​ត្រឹមតែ​០.១% នៃ​ទំហំ​ទឹកប្រាក់​ដែល​ផ្ទេរ ស្រម​ពេលដែល​ប្រតិបត្តិការ​ប្រាក់រៀល​ត្រូវ​ចំណាយ​០.២% (​ធនាគារ​កាណាឌីយ៉ា​) មួយវិញទៀត​ប្រាក់រៀល​សន្លឹក​១០០៛ ៥០០៛ ១០០០៛ និង​២០០០៛ ពេល​យកទៅ​ដាក់ចូល​គ​ណ​នី តម្រូវឱ្យ​បង់​សេវា​រាប់​លុយ ហើយ​សាខា​ធនាគារ​ខ្លះ​មិន​ទទួល​ស្វាគមន៍​ទៀតផង (​ធនាគារ​អេស៊ីលីដា​) ចំណែកឯ ធនាគារ ABA ពុំបាន​ផ្ដល់​ប្រតិបត្តិ​ការណ៍​ប្រាក់រៀល​នោះទេ​។

ទោះជា​យ៉ាងណាក៏ដោយ កត្តា​ទីមួយ​គឺ​គ្រាន់តែ​ជាការ​និយាយ​អោយតែ​រួច​ប៉ុណ្ណោះ ពីព្រោះថា​យើង​មិនបាច់​ទៅរក​មើល​ប្រទេស​ណា​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ ដូចជា វៀតណាម ឥណ្ឌូនេស៊ី ជាដើម​រូបិយប័ណ្ណ របស់​ពួកគេ​មាន​ខ្ទង់​លេខ​ច្រើនជាង ប្រាក់រៀល ខ្មែរ​ទៅទៀត តែ​ប្រជាជន​គេ​នៅតែ​ប្រើប្រាស់​ក្នុងការ​ទូទាត់​ពាណិជ្ជក​ម្ម​ទៅវិញទៅមក​បាន ចុះ​ហេតុអ្វី​បានជា​ប្រជាជន​យើង​មិនអាច​? នោះ​គឺ​ស្ថិតនៅលើ ប្រជាជន​ខ្មែរ​ម្នាក់ៗ ថា​តើ​ខ្លួន​យើង​មានចិត្ត​ថ្លើម ចង់​ប្រើប្រាស់​ប្រាក់រៀល របស់ខ្លួន​ឬ​អត់​។​

ចំពោះ​កត្តា​ទី​ពីរ គឺ​ស្ថិតនៅ​វិធានការ​របស់​ធនាគារ​ជាតិ​កម្ពុជា ក្នុងការ​រិត​ប​ន្ថឹ​ង និង​ចេញ​គោលការណ៍​ធ្វើយ៉ាងណា​អោយ​ធនាគារ​ទាំងអស់​ដែល​កំពុង​មានដំណើរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់ និង​មិនត្រូវ​តម្រូវអោយ​មានកំ​រៃ​សេវា​ផ្សេងៗ​ទៀត​ចំពោះ​ប្រតិបត្តិការ​ប្រាក់រៀល​នោះទេ​។​

​យ៉ាងណាមិញ មួយរយៈ​ចុងក្រោយ​នេះ ធនាគារជាតិ​កម្ពុជា បាន​ខ្នះខ្នែង​យ៉ាងខ្លាំង ដើម្បី​លើទឹក​ចិត្ត​ប្រជា​ជាន​ឲ្យ​ជឿជាក់ និង​ប្រើប្រាស់​ប្រាក់រៀល ព្រោះ​នៅពេលដែល​ប្រជាជន​ជឿជាក់​លើ​ត​ម្លែ​រូបិយប័ណ្ណ​ជាតិ នោះ​ជាការ​លើ​ស្ទួយ​មុខមាត់​ប្រទេសជាតិ​ទៅកាន់​ពិភពលោក​។​
​គួរ​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ពិធី​អបអរសាទរ​ការដាក់​ឲ្យ​ចរាចរណ៍​ប្រាក់រៀល​ឡើងវិញ លើក​ទី ៣៦ នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា ជប៉ុន CJCC​។​

សរុបមក ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​ពេល​ប្រើប្រាស់​ប្រាក់រៀល បាន​ទូលំទូលាយ វា​បាន​ជួយ​លើកតម្កើង​រូបិយប័ណ្ណ​ជាតិ និង​ជំរុញ​ពាណិជ្ជកម្ម​។ ប្រសិនបើ​ប្រទេស​កម្ពុជា​ប្រើប្រាស់ តែ​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា​អាច​ជំរុញ​ការនាំចេញ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​ថ្លៃ​កើនឡើង​តាមរយៈ​ការបន្ថយ​តម្លៃ​រូបិយវត្ថុ ។

ដូច្នេះ ការបន្ថយ​តម្លៃ​រូបិយវត្ថុ​នឹងធ្វើ​ឲ្យ​ការនាំចេញ​កើនឡើង​។ អំណាច​ក្នុង​ការបន្ថយ​តម្លៃ​រូបិយវត្ថុ​ជា​សមត្ថភាព​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដោយមាន​ការប្រឹក្សា​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគី​តាក់តែង​គោលនយោបាយ​ពាក់ព័ន្ធ​នានា ។ ក្រៅពី​តម្លៃ​ផ្នែ​សេដ្ឋកិច្ច រូបិយប័ណ្ណ​ជាតិ​មាន​អត្ថន័យ​ខាង​ផ្នែក​នយោបាយ ដែល​តំណាង​ឲ្យ​អធិបតេយ្យភាព​ជាតិ វប្បធម៌ និង​អរិយធម៌​ជាតិ ឯករាជ្យភាព​ជាតិ និង​ការ​លាតសន្ធឹង​នៃ​អំណាច​សេដ្ឋកិច្ច​របស់​រដ្ឋ ។ ប្រាក់រៀល​ជា​របស់​យើងទាំងអស់គ្នា ដូច្នេះ យើង​ត្រូវតែ​ថែរក្សា និង​ប្រើប្រាស់​ប្រាក់រៀល​ទាំងអស់គ្នា៕