ផ្សារ​ទំនើប​ថ្មី​មួយទៀត​ឈ្មោះ Giant នឹងមាន​វត្ត​មាននៅ​កម្ពុជា

ផ្សារ​ទំនើប​ថ្មី​មួយទៀត​ឈ្មោះ Giant នឹងមាន​វត្ត​មាននៅ​កម្ពុជា



ភ្នំពេញ ៖ ផ្សារ​ទំនើប​ល្បីឈ្មោះ​ថ្មី​មួយទៀត ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​បាននឹងកំពុង​ត្រៀម​ចូលខ្លួន​មកកាន់​កម្ពុជា ស្របពេល​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​ស្វាគមន៍​នូវ​វត្តមាន​ផ្សារ​ថ្មី​នេះ ព្រោះ​ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា​គឺ​នៅ​តូច​នៅឡើយ។

ផ្សារ​ទំនើប​ដែលមាន​ឈ្មោះថា Giant បាន​លើក​ស្លាក​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ដែល​បានសម្រេច​ចិត្ត​លក់​ភាគហ៊ុន​របស់ខ្លួន​កាលពី​ឆ្នាំមុន ទៅ​ក្រុមហ៊ុន​វិនិយោគ​ដទៃទៀត​។ ផ្សារ​ទំនើប​នេះ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៤៤ នៅ​ប្រទេស​ម៉ាឡេស៊ី​និង​បាន​ពង្រីក​សាខា​ចំនួន​៨៥​នៅ​ប្រទេស​នេះ និង​បាន​ពង្រីក​សាខា​ទៅកាន់​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត​ដូចជា ប្រទេស សឹង្ហ​បុរី ប្រុយ​ណេ ឥណ្ឌូនេស៊ី និង​ប្រទេស​វៀតណាម​។​

​    ​ទោះជា​យ៉ាងណា​មិនមាន​ប្រភព​ព៌​ត​មាន​ជាក់​ថា ផ្សារ​ទំនើប​Giant នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​ពេលណា​ជាក់លាក់​នោះទេ​។​

​អ្នកនាង​អាន សុ​ធីតា​នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​CBRE Cambodia​បាន​សម្តែង​ការស្វាគមន៍​ដល់​វត្តមាន​ផ្សារ​ទំនើប​ថ្មី​នេះ ដោយ​អ្នកនាង​បាន​ថ្លែងថា ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា ធៀប​ជាមួយ​ប្រជាជន​គឺ​ស្មើនឹង​ទំហំ​០.១១​ម៉ែត្រការ៉េ តែ​នៅ​ប្រទេស​ថៃ​ទំហំ​ផ្សារ​ទំនើប​មាន​ទំហំ​០.៤១​ម៉ែត្រការ៉េ ធៀប​នឹង​ចំនួន​មនុស្ស​ម្នាក់ ដូច្នេះ​ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា​នៅ​តូច​នៅឡើយ ធៀប​ជាមួយ​ចំនួន​ប្រជាជន​របស់​យើង​។​

​ទោះជា​យ៉ាងណា​អ្នកនាង ធីតា​បាន​ទទួលស្គាល់ថា កំលាំង​នៃ​ការទិញ​របស់​យើង​នៅមានកម្រិត​ទាប​នៅឡើយ ធៀប​ជាមួយ​ប្រទេស​ថៃ ឬ​ប្រទេសជិតខាង​ដទៃទៀត គឺ​នៅតាម​ផ្សារ​ទំនើប​នៅ​ក្រុងភ្នំពេញ​សន្ទុះ នៃ​ការទិញ​មានតែ​លើ​ចំណីអាហារ​ប៉ុណ្ណោះ ប៉ុន្តែ​ការទិញ​ទំនិញ​ដូចជា របស់របរ​ប្រើប្រាស់ និង​សម្លៀកបំពាក់​នានា​នៅមានកម្រិត​នៅឡើយ​។​

​លោក​ជី សាំង​នាយក​គ្រប់គ្រង​ទូទៅ នៃ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ជា​ផ្សារ​ទំនើប​ដែល​បាន​វិនិយោគ ដោយ​អ្នកវិនិយោគ​ក្នុងស្រុក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ពី​វត្តមាន​ផ្សារ​ទំនើប​ថ្មី​នេះ​ថា នឹងធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន ឬ​បាត់បង់​អតិថិជន​រប​ស់​ខ្លួន​ឬ​យ៉ាងណាទេ៕