កំណើន​តម្លៃ​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នកវិនិយោគ​និង​សេដ្ឋកិច្ចកម្ពុជា

កំណើន​តម្លៃ​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នកវិនិយោគ​និង​សេដ្ឋកិច្ចកម្ពុជា



ភ្នំពេញ​ ៖ ​កំណើន​តំលៃ​ដីធ្លី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាននិងកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​យឺត​ផងដែរ​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​    ​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី​១៧ មិនា​នេះ​ថា កំណើន​តំលៃ​ដីធ្លី​មាន​ពេលបច្ចុប្បន្ន​នេះ​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន​ត្រង់​ថា ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​តូច​កាន់តែ​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន និង​កាន់​តែមាន ប៉ុន្តែ​ចំណុច​អវិជ្ជមាន​វិញ​គឺ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែច្រើន ពិសេស​យុវជន​ដែលមាន​ការងារ​ធ្វើ​កាន់តែ​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែខ្លាំង បើ​ធៀប​តំលៃ​ផ្ទះ​ឬ​ដី ជាមួយនឹង​ប្រាក់ចំណូល​របស់​ពួកគេ គឺ​ពួកគេ​ត្រូវ​ចំណាយពេល​រហូតដល់​៣០​ទៅ​៤០​ឆ្នាំ ទើប​អាច​រកប្រាក់​ទិញ​ដី​បាន​។​

​លោក​បន្តថា “​កំណើន​តំលៃ​ដីធ្លី​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ធៀប​និង​កំនើនសេដ្ឋកិច្ច គឺ​មិន​សមស្រប​គ្នា​នោះទេ ព្រោះ​សេដ្ឋកិច្ច​កើន​តែ​៧​ភាគរយ តែ​ដីធ្លី​កើន​ពី​៣០​ទៅ​៥០​ភាគរយ​ក្នុង​មួយឆ្នាំ​”​។​លោក​បន្តថា “​អ្វី​ក៏ដោយ សុ​ទ្ឋ​តែ​ជា​អាវុធ​មុខ​ពីរ ព្រោះ​នៅក្នុង​ទីផ្សារសេរី​អ្នកមាន​កាន់តែ​មាន អ្នកក្រ​នឹង​កាន់តែ​ក្រីក្រ​”​។​

​លោក គីម ហ៊ាង បន្តថា តំលៃ​ដី​បច្ចុប្បន្ន បើ​វា​ឡើង​លឿន​បែបនេះ វា​បាននិងកំពុង​ធ្វើ​ឲ្យ​អ្នកវិនិយោគ​គ្រវីក្បាល​ហើយ ព្រោះ​តំលៃ​របស់​ដី​បាន​ស្ទុះ​ដូច​ហោះ ហើយ​អ្នកមាន​ដី​លក់​បានដាក់​តំលៃលើស​ទីផ្សារ​៣០​ភាគរយ​។​អ្នកទិញ​ចង់​ទិញ​ក្នុង​តំលៃ​ទាប​ជាង​ទីផ្សារ​១០​ភាគរយ ជាល​ទ្ឋ​ផល​អ្នកមាន​ដី​លក់ លក់​ដី​មិន​ដាច់ ហើយ​អ្នក​ចង់​ទិញ​ដីរ​កដី​ទិញ​មិនបាន​។​

​លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ហៅ​កំនើន​តំលៃ​ដីធ្លី ប្រៀបដូចជា​អារម្មណ៍ គឺ​ដូច​ហ្វូង​ត្រី ពេលណា​មេត្រី​ទៅ​ទីណា កូន​ត្រី​ក៏​ពុះពោរ​ទៅតាម​នោះ តែ​ពេល​មេត្រី​ទៅ​បាត់ កន្លែង​នោះ​ក៏​ស្ងប់ស្ងាត់​។​លោក​បន្តថា តំលៃ​ដីធ្លី​កន្លែង​ខ្លះ​ហក់​ឡើង​៥០​ដល់​៨០​ភាគរយ ពី​តំលៃ​ជាង​១០០០​ដុល្លារ ដល់​៤​ទៅ​៥០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ជា​ចរន្ត​មួយ​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​តំបន់​ខ្លះ​។​

​លោក​បន្តថា “​តំលៃ​ដីធ្លី​ហក់​ឡើង​ខ្ពស់​បែបនេះ វា​ប៉ះពាល់​អ្នកវិនិយោគ​ឬ​សេដ្ឋកិច្ច​ធំ​ឬ​តូច អាស្រ័យ​លើ​កាលៈទេសៈ ប៉ុន្តែ​វា​បាន​ដល់​ចំណុច​គួរ​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ទំហំ​នៃ​ការផ្គត់ផ្គង់​ក៏​សមល្មម និង​ទីក្រុង​រណប​ថ្មីៗ​ក៏​កាន់​តែមាន​ភាព​សកម្ម និង​ប្រើប្រាស់​បាន​ហើយ មិន​ស្ងប់ស្ងាត់​ដូច​ពីមុន​នោះទេ​”​។​

​លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី ដែល​ធ្លាប់បាន​ត្អូញត្អែរ​ពី​ចលនា​ពុះ​ដីឡូត៍​លក់ ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ដទៃទៀត ដែល​ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ​បាន​ថ្លែងថា តំលៃ​ដីធ្លី​ពិតជា​បាន​ឡើងថ្លៃ​លឿន ឡើង​រហូត​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ប៉ុន្តែ​បច្ចុប្បន្ន​មានការ​ដាក់លក់​ដីកា​ន់​តែ​ច្រើន និង​ដី​ដែល​បាន​ពុះ​ឡូត៍​លក់​ក៏​ការលក់​មាន​ភាពស្ងប់ស្ងាត់​ផងដែរ​។ លោក​បន្តថា ការឡើង​ថ្លៃ​ដី​បែបនេះ នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ខ្នាត​មធ្យម​ខ្លះ​អាច​ជួប​បញ្ហា ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ធំៗ​មិនមាន​បញ្ហា​នោះទេ​។​

​លោក​បន្តថា “​បើ​ដី​មួយ​ម៉ែត្រការ៉េ​តំលៃ​១៥០​ដុល្លារ អាចធ្វើ​ផ្ទះល្វែង​លក់បាន​ចំណេញ​ខ្លះ សម្រាប​ផ្ទះ​តែមួយ​ជាន់​ផ្ទាល់​ដី ព្រោះ​ផ្ទះ​ជាន់​ផ្ទាល់​ដី​មានការ​ពិបាក​លក់ ប្រសិនជា​ផ្ទះ​លក់​ក្នុង​តំលៃ​រហូតដល់​១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​បើ​ផ្ទះ​អឺ​អង ហើយ​ស្ថិតនៅ​តំបន់​ដែល​អាច​រកស៊ី​បាន គឺអាច​លក់បាន​ក្នុង​តំលៃ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ឡើងទៅ​”៕