កា​ម៉ា​រី​ដឹក​បង្កង​ផ្លោង​ធ្លាក់​ប្រឡាយ​ខ​ណៈ​គេច​ម៉ូតូ​ឆ្លង​ផ្លូវ​សំណាង​មិនមាន​អ្នក​គ្រោះថ្នាក់

កា​ម៉ា​រី​ដឹក​បង្កង​ផ្លោង​ធ្លាក់​ប្រឡាយ​ខ​ណៈ​គេច​ម៉ូតូ​ឆ្លង​ផ្លូវ​សំណាង​មិនមាន​អ្នក​គ្រោះថ្នាក់



កណ្តាល ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ដែល​អះអាង​ជា​ម្ចាស់​ឡាន​ធ្លាក់​ទឹកបាន​និយាយថា​គាត់​បាន​ខំអត់​ដង្ហើម​នៅ​ក្នុង​ឡាន​ដែល​លិច​ទឹក​ ហើយ​ដៃ​រាវ​រក​គន្លឹះ​ទ្វារ​បើក​ ដើម្បី​លូន​ចេញ​ទម្រាំ​និង​ទ្វារ​របើក​គាត់​ជិត​នឹង​ដាច់ដង្ហើម​។

គាត់​បញ្ជាក់​ថា ​រូប​គាត់​មិន​មាន​របួស​សូម្បី​បន្តិច​ក៏​គ្មាន​ដែរ​ តែ​សំណាង​ហើយ​ដែល​ក្នុង​ឡាន​របស់គាត់​មិន​មាន​ដឹក​មនុស្ស​ដឹក​បង្កង​ប្រហែល​៣០​ទៅ​៤០​គីឡូក្រាម​ប៉ុណ្ណោះ​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​។

នគរបាល​ចរាចរណ៍​ស្រុក​កណ្តាល​ស្ទឹង​ដែល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​កើតឡើង​នៅ​ម៉ោង​១១​ថ្ងៃទី​១៧​ ខែមីនា ឆ្នាំ​២០១៧​ចំណុច​ស្ពានថ្ម​ភូមិ​ព្រែកស្លែង​ឃុំ​ព្រែកស្លែង​ស្រុក​កណ្តាល​ស្ទឹង​ខេត្តកណ្តាល​។

រថយន្ត​ដែល​ក្រឡាប់​ធ្លាក់ទឹក​នោះ​ម៉ាក​កា​ម៉ា​រី​ ពណ៌ខ្មៅ ​ពាក់​ស្លាកលេខ​ភ្នំពេញ 2N-6120 បើកបរ​ដោយ​ឈ្មោះ​រ៉​ន សាមឿន ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ដូន​កែវ ​ខេត្តតាកែវ​។

លោក​រ៉​ន សាមឿន​ដែល​អះអាង​ជា​ម្ចាស់​រថយន្ត​កា​ម៉ា​រី​ក្រឡាប់​ធ្លាក់ទឹក​នោះ​បាន​បញ្ជាក់​ថា​ពេល​ដែល​គាត់​កំពុង​បញ្ជា​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ​២​មកដល់​ជិត​ស្ពាន​ក៏​វ៉ាក់អើ​នឹង​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ដែល​រថយន្ត​គាត់​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពេលនោះ​គាត់​ខំ​បួង​យក​ចង្កូត​គេច​ម៉ូតូ​ក៏​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន​តែ​ម្តង​។

ស្ត្រី​វ័យ​ប្រហែល​៧០​ឆ្នាំ​ម្នាក់ ​ដែល​នៅផ្ទះ​ក្បែរ​ស្ពាន​ និង​បាន​ឃើញ​ហេតុ​ការណ៍​ច្បាស់​នឹង​ភ្នែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គាត់​ឃើញ​ច្បាស់​គឺ​រថយន្ត​ខាងលើ​បើក​ពី​ត្បូង​មក​យ៉ាង​លឿន​ហើយ​គេច​ម៉ូតូ​ស្រាប់តែ​បះ​កង់​ឡើងលើ​ទាំង​៤​ហោះ​ទៅ​ធ្លាក់​ចូល​ទឹក​ប្រឡាយ​កើត​ស្ពាន​លឺសូរ​តែ​ប្រូង​បែក​ទឹក​សំពោង​ដូច​គេ​ថតកុន​ហូលីវូត​អញ្ចឹង​។

គាត់​អស់​ព្រលឹង​ពី​ខ្លួន​ដោយ​គិត​ថា ​មនុស្ស​នៅ​ក្នុង​រថយន្ត​ស្លាប់​ទាំងអស់​ហើយ​មិន​នឹកស្មានថា​ អត់​មាន​អ្នក​គ្រោះថ្នាក់​សោះ​។ អ៊ំ​ស្រី​បញ្ជាក់​ថា ​អ្នក​បើករថយន្ត​នេះ​អាយុ​ថ្លៃ​ណាស់​អត់​មាន​របួស​អី​បន្តិច​។ តែ​យ៉ាងណា​ក៏ដោយ​សម​ត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​បាន​រំលឹក​ថា ​គ្រប់គ្នា​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទើប​មិនកើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕