ហុងស៊ុយ ៖ ចង់​មាន​សំណាង និង​សុខភាព​ល្អ គួរ​រៀបចំ​ផ្ទះ​បែបណា​?

ហុងស៊ុយ ៖ ចង់​មាន​សំណាង និង​សុខភាព​ល្អ គួរ​រៀបចំ​ផ្ទះ​បែបណា​?

​ហុងស៊ុយ មិន​ត្រឹម​និយាយ​អំពី សំណាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​អាច​និយាយ​អំពី សុខភាព​ផងដែរ​។​

​ហុងស៊ុយ សម្រាប់​សុខភាព គឺជា​ជំ​ហ៊ាន​ដ៏​សំខាន់ ដែល​អ្នក​ត្រូវ​ដើរ និង​អនុវត្ត​ឲ្យបាន​ល្អ​ប្រសើ​រ​។ ទោះបីជា​អ្នក​គ្មាន​ជំងឺ​អ្វី​ក៏ដោយ ប៉ុន្តែ តើ​អ្នកនឹង​ប្រាកដ​ទេ​ថា អ្នក​នឹង​មិន​អាច​ឈឺ នៅ​ថ្ងៃ​ណាមួយ​នោះ​? អញ្ចឹង សាកល្បង​រៀបចំផ្ទះ ទៅ​តាម​ក្បួន​ហុងស៊ុយ​មើល ក្រែង​អ្នក​មាន​សំណាង​ល្អ និង​មិន​សូវ​ឈឺ​។​

​ជា​ការពិត​ណាស់ ហុងស៊ុយ ពិតជា​អាច​នាំ​សំណាង ថាមពល និង​ជួយ​ឲ្យ​អ្នក មាន​សុខភាព​ល្អ​។​

​ហុងស៊ុយ ដូច​ជា​ការ​ផាត់មុខ​អញ្ចឹង ទោះបីជា​អ្នក​ប្រើ​ផលិតផល ដែល​ល្អ និង​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ បើ​មុខ​អ្នក​មិន​ស្អាត ឬ​គ្មាន​សុខភាព​ល្អ នោះ​អ្នក​មិនអាច ស្រស់​ស្អាត​បាន​យូរ​នោះ​ទេ​។ ដូច្នេះ ដើម្បី​បង្កើត​ហុងស៊ុយ នៅក្នុង​ផ្ទះ​របស់​អ្នក អ្នក​គួរតែ​ថែរក្សា​សុខភាព​ខ្លួនឯង​ផង​។​

​ខាងក្រោម​នេះ ជាការ​រៀបចំផ្ទះ តាម​ក្បូន​ហុងស៊ុយ ៖

១. រុក្ខជាតិ​ស្រស់ និង​ខ្យល់​បរិសុទ្ធ​
​ដើម្បី​មាន​ហុងស៊ុយ និង​សុខភាព​ល្អ ចាំបាច់​ណាស់ អ្នក​ត្រូវ​ដាំ​ដើមឈើ រុក្ខជាតិ ផ្កា និង​ប្រទាល​មួយចំនួន នៅក្នុង​ផ្ទះ​របស់​អ្នក ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នកស្រ​ស់​ស្រាយ បាត់​ស្រេស និង​នាំ​ខ្យល់​បរិសុទ្ធ​ថែមទៀត​ផង​។

​ក្រៅពី​ដើមឈើ នៅក្នុង​ផ្ទះ​របស់​អ្នក គួរតែ​មាន​បង្អួច និង​ទ្វារ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ផ្លាស់ប្តូរ​ខ្យល់ និង​មើលទៅ​ស្រស់ថ្លា​។ បើ​អាច អ្នក​គួរ​ដាក់​ម៉ាស៊ីន​បឺត​ខ្យល់ និង​ម៉ាស៊ីន​ផ្តល់​សំណើម នៅក្នុង​ផ្ទះ​របស់​អ្នក​។​

២. ពន្លឺ​ថ្ងៃ​
​ពន្លឺ​ថ្ងៃ តំណាង​ឲ្យ​ភា​ពឆ្លាត​វៃ និង​រហ័សរហួន​។ ក្រៅពីនេះ ពន្លឺ​ថ្ងៃ ក៏​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ឆ្អឹង​រឹងមាំ និង​ស្រស់ថ្លា​ក្នុង​អារម្មណ៍​។ ដូច្នេះ នៅក្នុង​ផ្ទះ គួរតែ​មាន​ចន្លោះ សម្រាប់​ពន្លឺ​ថ្ងៃ​ចាំង​ដល់ ទើប​ផ្ទះ​អ្នក​មាន​ហុងស៊ុយ ហើយ​អ្នកមាន​សុខភាព​ល្អ​។​

៣. កន្លែង​ទំនេរ​
​ជា​ការពិត អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​មាន​ហុងស៊ុយ និង​សុខភាព​ល្អ​នោះ គឺ​រៀបចំ​ផ្ទះសម្បែង​ឲ្យមាន​របៀប មិន​រញ៉េរញ៉ៃ និង​សល់​កន្លែង​ទំនេរ​ច្រើន​បន្តិច ដើម្បី​កុំឲ្យ​មើល​ទៅ​ទើស​ចិត្ត ឬ​ចង្អៀត​ពេក​។​

​តាម​ក្បួន​ហុងស៊ុយ ផ្ទះ​កាន់តែ​ទូលាយ អ្នក​កាន់តែ​មាន​លាភ និង​ថាមពល ដូច្នេះ សុខភាព​អ្នក ក៏​នឹង​ល្អ​ប្រសើរ​ដែរ​។​ ​ក្រៅពីនេះ អ្នក​គួរតែ​ដាក់​ទឹក ឬ​ដាំ​ផ្កា នៅ​កន្លែង​ទំនេរ​ទាំងនោះ​។​

​តាម​ក្បូន​ហុងស៊ុយ អ្វី​ដែល​អ្នកឃើញ នៅពេល​បើក​ទ្វារ​ដំបូង ពិត​ជា​សំខាន់​ណាស់ ដូច្នេះ អ្នក​ត្រូវ​រៀបចំ​កន្លែង​នោះ ឲ្យបាន​ស្អាត នោះ​វា​នឹង​នាំ​សំណាង​ដល់​អ្នក ជា​មិនខានឡើយ​។​

​យើង​មិន​សង្ឃឹមថា ក្រោយ​ពី​រៀបចំ​បែបនេះ អ្នកនឹង​គ្មាន​ជំងឺ​នោះ​ទេ ដូច្នេះ អ្នក​ត្រូវ​ចេះ​ថែរក្សា​សុខភាព តាមរយៈ​ការរស់នៅ​ស្អាត ទទួលទាន​អាហារ​មាន​សុខភាព ឈប់​ផឹកស្រា ជក់បារី កាត់បន្ថយ​ស្ត្រេ​ស និង​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ទើប​ធានា​ថា អ្នក​មាន​សុខភាព​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។