ក្រុម​សកម្មប្រយុទ្ធ​កុលសម្ព័ន្ធ​ឃើ​ដ អះអាងថា​បាន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ក្នុង​ទីក្រុង​អង់កា​រ៉ា​

​អ៊ី​ស្តង់​ប៊ុល​៖ ក្រុម​សកម្មប្រយុទ្ធ​កុលសម្ព័ន្ធ​ឃើ​ដ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​បាន​អះអាង​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​អត្តឃាត​ក្នុង​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​ថា មនុស្ស​៣៧​នាក់​ត្រូវបាន​សម្លាប់​នៅ​សប្តាហ៍​នេះ ហើយ​ថែមទាំង​ព្រមាន​ធ្វើការ​វាយប្រហារ​បន្ថែម​ទៀត​នៅពេល​ខាងមុខ ក្នុង​គ្រា​ដែល​ប្រទេស​អាឡឺម៉ង់​បាន​បិទ​បេសកកម្ម​ការទូត និង​បិទទ្វា​សាលា​នានា​ក្នុងប្រទេស​តួ​ក​គី​។​

 

​ក្រុមគាំទ្រ​សេរីភាព​នយោបាយ​ឃើ​ដ​ហៅ​កាត់​ថា (TAK) ជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​បានធ្វើ​សង្គ្រាម​ទាមទារ​ទឹកដី​ប្រឆាំង​ប្រទេស​តួ​ក​គី​បាន​និយាយថា ខ្លួន​បានធ្វើការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃអាទិត្យ​នេះ ហើយ​បាន​គម្រាម​ធ្វើការ​វាយប្រហារ​នៅ​ថ្ងៃ​ខាងមុខ​ទៀត​ក្នុង​គោលបំណង​សងសឹក​ប្រតិបត្តិការ​យោធា​នៅ​ភាគ​អាគ្នេយ៍​ដែលមាន​កុលសម្ព័ន្ធ​ឃើ​ដ​ភាគច្រើន​នៅ​តំបន់​នោះ​។​

 

​រដ្ឋាភិបាល​ក្រុង​ប៊ែ​កឡាំង​បាន​បិទ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ទីក្រុង​អង់កា​រ៉ា ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​សាលាបង្រៀន​ភាសា​អាឡឺម៉ង់​នានា​នៅក្នុង​ទីក្រុង​ទាំងពីរ​នេះ ដោយសារ​មាន​អំពើហិង្សា​នៃ​ការវាយប្រហារ​ភេរវកម្ម​កាន់តែ​រីក​រាលដាល​។  

 

​ក្រុមគាំទ្រ​សេរីភាព​នយោបាយ​ឃើ​ដ​បានលើកឡើង​ក្នុង​សេចក្តី​ថ្លែង​នៅលើ​គេហទំព័រ​របស់ខ្លួន​ដោយបាន​ពិពណ៌នា​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃអាទិត្យ​ក្នុង​គោលបំណង​សងសឹក​ការបើក​ប្រតិបត្តិការ​យោធា​នៅក្នុង​ភាគ​អាគ្នេយ៍ ដែលជា​តំបន់​មាន​មនុស្ស​រាប់រយ​នាក់ ដូចជា​ជន​ស៊ីវិល ទាហាន ប៉ូលីស និង​ជន​សកម្មប្រយុទ្ធ​ជាច្រើន​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ខែកក្តា​ថា “​យើង​មាន​សមាជិក​រាប់់រយ​នាក់​ដើម្បី​ត្រៀម​ធ្វើការ​វាយប្រហារ​អត្តឃាត​។​”

 

​នេះ​គឺជា​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​លើក​ទី​ពីរ​ក្នុង​រយះពេល​មួយខែ​នេះ​នៅក្នុង​កណ្តាល​បេ​ដូង​ទីក្រុង​អង់កា​រ៉ា​ពី​សំណាក់​ក្រុម TAK ដោយបាន​បើក​ទំព័រ​ថ្មី​ដ៏​គ្រោះថ្នាក់​នៃ​សង្គ្រាម​ក្នុងប្រទេស​តួ​ក​គី​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ ខណៈពេលដែល​ការវាយប្រហារ​ដ៏​ឃោ​ឃៅ​នេះ​បាន​រីក​រាលដាល​ដល់​រដ្ឋធានី​ដ៏​ធំជាងគេ​ទាំងពីរ​នេះ​រហូតដល់​ភាគ​អាគ្នេយ៍​។​

 

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ឃើញថា រលក​កើនឡើង​នៃ​អំពើហិង្សា​គឺ​ដោយសារតែ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​សង្គ្រាម​ក្នុង​ប្រ​ទេ​ស៊ី​រី​ដែលជា​ប្រទេសជិតខាង​របស់ខ្លួន​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS