ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ១៨ មីនា

១) ប្រទេស កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​មីស៊ីល​ហោះ​បាន​រយៈ​ចម្ងាយ ៨០០ គីឡូម៉ែត្រ​ ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​របស់​ខ្លួន នេះ​បើ​តាម​ការ​រាយការណ៍​របស់​យោធា​កូរ៉េខាងត្បូង។

 

២) ក្រុមហ៊ុន Alphabet ដែល​ជា​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Google បាន​ព្យាយាម​លក់​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​ Boston Dynamics ដែល​ខ្លួន​បាន​ទិញ​កាល​ពី​ចុង​ឆ្នាំ ២០១៣ ដោយ​ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Amazon កំពុង​ប្រជែង​គ្នា​ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន​នេះ។

 

៣) ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង ញូវយ៉ក ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​ ២០ ឆ្នាំ សម្រាប់​ការ​ប៉ុនប៉ង​ព្យាយាម​ ជ្រើសរើស​ពួក​សកម្ម​ប្រយុទ្ធ​ នៅ​អាមេរិក​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ISIS នៅ​ស៊ីរី។

 

៤) ប៉ូលិស​ប្រទេស ប្រេស៊ីល បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​អ្នក​តវ៉ា​ដែល​ផ្ទុះ​កំហឹង​លើ​ប្រធានាធិបតី​ Dilma Rousseff។ នៅ​ក្នុង​រដ្ឋ​ធានី នៃ​ប្រទេស ប្រេស៊ីល បាតុករ​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​នៅ​ពី​មុខ​ទីស្នាក់ការ​របស់​ប្រធានាធិបតី និង នៅ​មុខ​រដ្ឋ​សភា​ ក្នុង​កំហឹង​រឿង​អាស្រូវ​ពុក​រលួយ ដែល​ជាប់​ទាក់ទង​នឹង​លោក​ស្រី​ប្រធានាធិបតី Dilma Rousseff។

 

៥) វិមាន​ក្រឹមឡាំង ប្រទេស រុស្សី​បាន​រិះ​គន់​ បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក Donald Trump ក្នុង​វីដេអូ​ចុង​ក្រោយ​មួយ​របស់​លោក​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ដោយ​លោក​ថ្លែង​ថា រុស្សី​គឺ​ជា​ប្រទេស​ដ៏​អាក្រក់​នឹង​កាច​សាហាវ​ ហើយ​នៅ​ក្នុង​វីដេអូ​នោះ​ផង​ដែរ​ក៏​បាន​បង្កប់​ន័យ វាយ​ប្រហារ​ដល់​លោក​ស្រី Hillary Clinton គឺ​ជា​មនុស្ស​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​សត្រូវ​ដូច​យ៉ាង​ក្រុម​រដ្ឋ​ឥស្លាម ISIS និង ជាមួយ​ប្រធានាធិបតី​រុស្សី លោក Vladimir Putin ជា​ដើម។

 

៦) រដ្ឋាភិបាល​ប្រទេស ហ្គីណេ បាន​ថ្លែង​ថា​ ប្រទេស​ខ្លួន​បាន​រក​ឃើញ​ករណី​អ្នក​កើត​ជំងឺ អេបូឡា ចំនួន ២ ករណី​ហើយ​ ចាប់​តាំង​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ ២០១៥ មក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com,telegraph.co.uk